ធនាគារអភិវឌ្ឍន៍អាស៊ី បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីនឹងកើនឡើង៤.៨ភាគរយ នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ គឺកើនឡើងលើស៤.២ភាគរយ កាលពីឆ្នាំមុន បន្ទាប់ពីចិនចាប់ផ្តើមបើកប្រទេស និងអនុញ្ញាតឲ្យប្រជាជនចិនធ្វើដំណើរពាសពេញពិភពលោកឡើងវិញ។

ធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថា តំបន់អាស៊ីនឹងទទួលកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំនេះ បន្ទាប់ពីប្រទេសចិន បានលុបចោលវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

ធនាគារបាននិយាយនៅក្នុងទស្សនវិស័យកំណើនចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយ កាលពីដើមសប្តាហ៍នេះថា កំណើនសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថា នឹងកើនឡើង៤.៨ភាគរយ នៅឆ្នាំ២០២៣ និង២០២៤ ស្របពេលមានការកើនឡើងនៃសេចក្តីត្រូវការ វិស័យទេសចរណ៍ និងការវិនិយោគ។

ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទីស្នាកការធំ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានចង្អុលបង្ហាញពីការបើកដំណើរការឡើងវិញរបស់ប្រទេសចិន បន្ទាប់ពីការបញ្ចប់នៃយុទ្ធសាស្រ្ត សូន្យកូវីដ-១៩ ដ៏តឹងរឹងរបស់ប្រធានាធិនតីចិន លោក ស៊ី ជីនភីង។

ទោះបីជាយ៉ាងណាក៏ដោយ ធនាគារ បាននិយាយថា ទស្សនវិស័យសកលប្រឈមនឹងហានិភ័យជាច្រើន ដែលត្រូវតែ ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន និងដោះស្រាយយ៉ាងសកម្ម រួមទាំងការអូសបន្លាយ ឬការពង្រីកសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលនាំឲ្យមានកការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតបំណុលខ្ពស់។

ធនាគារដដែលនេះ បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងស្ថិតក្នុងកំណើនត្រឹម៥ភាគរយ នៅឆ្នាំ២០២៣នេះ និង៤.៥ ភាគរយ នៅឆ្នាំ២០២៤។ ធនាគារក៏បានគូសបញ្ជាក់ពីទស្សនវិស័យដ៏រឹងមាំសម្រាប់ប្រទេសឥណ្ឌា ជាមួយនឹងកំណើន ដែលត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់៦.៤ភាគរយ នៅឆ្នាំនេះ និង៦.៧ភាគរយ នៅឆ្នាំ២០២៤។

ចំណែកអត្រាអតិផរណា ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់៤.២ភាគរយ នៅឆ្នាំ២០២៣ និងក្នុងអត្រា៣.៣ភាគរយ នៅឆ្នាំ២០២៤ បន្ទាប់ពីបានឡើងដល់កម្រិត៤.៤ភាគរយកាលពីឆ្នាំ២០២២។

លោក អាលប៊ើត ផាក (Albert Park) ប្រធានសេដ្ឋវិទូប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថា «ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចនៅទ្វីបអាស៊ី និងប៉ាស៊ីហ្វិក កាន់តែល្អឡើងៗ ហើយប្រទេសទាំងនេះកំពុងត្រៀមខ្លួនងើបឡើងវិញ ដ៏រឹងមាំ នៅពេលយើងត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត កូវីដ-១៩»។

លោកបានមានប្រសាសន៍ថា «មនុស្ស​កំពុង​តែ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ម្ដង​ទៀត​ សម្រាប់​ការ​លំហែកាយ និង​ធ្វើការងារ ហើយ​សកម្មភាព​សេដ្ឋកិច្ច​កំពុង​ប្រមូល​ផ្តុំឡើងវិញ។ ដោយសារបញ្ហាប្រឈមជាច្រើននៅតែមាន រដ្ឋាភិបាលក្នុងតំបន់ចាំបាច់ត្រូវបន្តយកចិត្តទុកដាក់លើគោលនយោបាយ ដែលគាំទ្រកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មកាន់តែរឹងមាំ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ផលិតភាព និងភាពធន់»។

បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ដូចជា ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម ក៏ត្រូវបានគេរំពឹងទុកថា នឹងមានកំណើនដ៏រឹងមាំ ដែលជំរុញដោយវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុកដ៏រឹងមាំ ដោយសេដ្ឋកិច្ចក្នុងតំបន់នេះ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង៤.៧ភាគរយ នៅឆ្នាំ២០២៣នេះ និងកំណើត៥ភាគរយ នៅឆ្នាំ២០២៤។

ចំណែកកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសនៅអាស៊ីកណ្តាល ត្រូវបានគេរំពឹងថា នឹងកើនឡើង៤.៤ភាគរយ នៅឆ្នាំ២០២៣នេះ និង៤.៦ភាគរយ នៅឆ្នាំ២០២៤ ខណៈពេលសេដ្ឋកិច្ចរបស់ប្រទេសកោះ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានគេព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងកើនឡើង៣.៣ភាគរយ និងកំណើន២.៨ភាគរយ ជារៀងរាល់គ្នា៕

By Ana

You missed