ក្រុងប៉េតាលីងចាយ៉ា៖ ផ្លែទុរេន ដែលជាស្តេចផ្លែឈើ គឺជាពាក្យមានន័យដូចគ្នា ស្របពេលប្រជាជនម៉ាឡេស៊ីគ្រប់រូបនឹងយល់ស្របដូច្នេះដែរ ប៉ុន្តែសម្រាប់ប្រជាជនឥណ្ឌូណេស៊ីវិញ កំពុងតវ៉ាប្រឆាំងម៉ាឡេស៊ីក្នុងការចុះបញ្ជីផ្លែទុរេន ជាផ្លែឈើជាតិរបស់ខ្លួន។

កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្បៀងអាហាររបស់ប្រទេសឥណ្ឌូណេស៊ី មិនឯកភាពតាមសំណើរបស់ម៉ាឡេស៊ីទេ ដោយលើកហេតុផលថា ប្រទេសឥណ្ឌូណេស៊ីមានចម្ការទុរេនច្រើនជាងប្រទេសម៉ាឡេស៊ី ដូច្នេះគួរតែចុះបញ្ជីជាផ្លែឈើជាតិរបស់ឥណ្ឌូណេស៊ី។

លោកបានមានប្រសាសន៍ថា «ប្រទេសឥណ្ឌូណេស៊ី បានផលិតផ្លែទុរេនជិតពីរលានតោន ក្នុងឆ្នាំ ២០២៤ គឺខ្ពស់ជាងប្រទេសម៉ាឡេស៊ីឆ្ងាយណាស់។ ជាមួយនឹងការពិតបែបនេះ ខ្ញុំជឿថា ផ្លែទុរេន គឺជាផ្លែឈើជាតិរបស់ប្រទេសឥណ្ឌូណេស៊ី»។

លោកបានគូសបញ្ជាក់ពីទិន្នន័យ ដែលបង្ហាញថា ទិន្នផលផ្លែទុរេនរបស់ឥណ្ឌូណេស៊ី បានឈានដល់ ១,៩៦លានតោន កាលពីឆ្នាំ២០២៤ ដែលជាបរិមាណខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះសម្រាប់ចម្ការទុរេនដាំនៅកោះជ្វា កោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ និងកោះស៊ូឡាវេស៊ី។

លោករដ្ឋមន្ត្រីបានបន្ថែមថា «ផ្ទុយទៅវិញ ការផលិតរបស់ប្រទេសម៉ាឡេស៊ី គឺទាបជាង ទោះបីជាតម្លៃនាំចេញបានកើនឡើងដោយសារពូជល្អៗ ដូចជាពូជទុរេន មូសាង ឃ់ីង (Musang King) ក៏ដោយ»។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សមាគមអ្នកផលិតទុរេនរបស់ម៉ាឡេស៊ី បានស្នើសុំឱ្យក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី​​ ទទួលស្គាល់ទុរេន មូសាង ឃីង ជាផ្លែឈើជាតិ និងប្រកាសយករៀងរាល់ថ្ងៃទី៧ ខែកក្កដា ជាទិវាផ្លែទុរេនជាតិ។

ការផ្តល់ឋានៈផ្លែទុរេន មូសាង ឃីង ជាដំណាំសម្គាល់ភូមិសាស្ត្ររបស់ម៉ាឡេស៊ី​ តាមរយៈវិញ្ញាបនបត្របញ្ជាក់ពីសាជីវកម្មកម្មសិទ្ធិបញ្ញានៃប្រទេសម៉ាឡេស៊ី ដោយមានសុពលភាព១០ឆ្នាំម្តង និងបន្តរយៈពេល១០ឆ្នាំទៀត រហូតដល់ខែមីនា ឆ្នាំ២០៣៤ ដោយបញ្ជាក់ជាថ្មីថា ផ្លែទុរេន​ មូសាង ឃីង ជាផលិតផលជាតិរបស់ម៉ាឡេស៊ី​​ ដែលការពារមិនឱ្យប្រទេសដទៃទៀតទាមទារ ឬប្រើប្រាស់ឈ្មោះដូចគ្នានេះ។

ក្រសួងកសិកម្មម៉ាឡេស៊ី បានបញ្ជាក់ថា ក្រសួងបានទទួលពាក្យសុំចុះបញ្ជីបន្តសុពលភាពរបស់សមាគមអ្នកដាំទុរេន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ប្រធានសមាគមអ្នកដាំទុរេន បាននិយាយថា សំណើនេះគឺនិយាយអំពីការទទួលស្គាល់អំពីទំនាក់ទំនងពិសេសរបស់ប្រទេសម៉ាឡេស៊ីទៅនឹងផ្លែទុរេន ប៉ុន្តែមិនអះអាងពីភាពជាម្ចាស់កម្មសិទ្ធិលើទុរេននោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា «ផ្លែ​ទុរេន​ជា​ផ្នែកដ៏​សំខាន់​មួយ​នៃ​បេតិកភណ្ឌ​វប្បធម៌ ទេសភាព​កសិកម្ម និងជា​អត្តសញ្ញាណ​របស់​ប្រទេស​ម៉ាឡេស៊ី​ជា​យូរ​មក​ហើយ។ សំណើ​របស់​យើង​សុំលើកតម្កើង​ផ្លែឈើ​មួយ​ប្រភេទ ​ដែល​បាន​បង្កើតជា​សហគមន៍​របស់​យើង គាំទ្រ​កសិករ​របស់​យើង និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​កសិពាណិជ្ជកម្ម ​របស់​យើង»។

លោក​ប្រធានសមាគមន៍ បាន​កត់សម្គាល់​ពី​កេរ្តិ៍ឈ្មោះល្បីល្បាញលើ​សកលលោក​របស់​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ពូជទុរេន​ល្អ​ៗ ​ដូចជាពូជ មូសាង ឃីង និងពូច ប្លែកថន (Black Thorn)។

លោក​បាន​បន្ថែម​ថា «ការ​ធ្វើ​ឲ្យ​ផ្លែ​ទុរេនក្លាយ​ជា​ផ្លែឈើ​ជាតិ​របស់​យើង​ជា​ផ្លូវការ​នឹង​ពង្រឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជស្លាកសញ្ញា កែលម្អ​ជីវភាព​កសិករ និង​បង្កើន​តំណែង​របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ទូទាំង​ពិភពលោក»។

ទោះបីជាយ៉ាងណាក៏ដោយ លោក​បាន​សង្កត់ធ្ងន់​ថា ប្រទេស​ម៉ាឡេស៊ី​គោរពឋានៈ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្នុងការទាមទារសិទ្ធិជាម្ចាស់ផ្លែទុរេន ដោយលោកមានប្រសាសន៍ថា​ «ទាំង​ប្រទេស​ម៉ាឡេស៊ី និងប្រទេស​ឥណ្ឌូណេស៊ី ​មាន​ចំណង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ផ្លែ​ទុរេន។ ឧស្សាហកម្មផ្លែទុរេនបាន​រីកចម្រើន​នៅទូទាំង​តំបន់​របស់​យើង»។

លោកបានបញ្ជាក់បន្ថែមថា ការធ្វើឱ្យផ្លែទុរេនក្លាយជាផ្លែឈើជាតិរបស់ប្រទេសម៉ាឡេស៊ី គឺមិនបានធ្វើឱ្យបាត់សិទ្ធិរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការចុះបញ្ជីជាផ្លែឈើជាតិឡើយ ព្រោះឥណ្ឌូណេស៊ីមានសិទ្ធិដូចប្រទេសម៉ាឡេស៊ីដែរ។

លោកបានមានប្រសាសន៍ថា «យើងចង់បញ្ជាក់ពីចំណុចខ្លាំងរបស់ប្រទេសម៉ាឡេស៊ី និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសចាប់តាំងពីតំបន់អាស៊ីអាគ្នេយ៍ គឺជាចំណុចកណ្តាលនៃផ្លែទុរេន។ ការជ្រើសរើសយកផ្លែទុរេនជានិមិត្តសញ្ញាជាតិ ពិតជាមានសារៈសំខាន់ខាងវប្បធម៌ ឫសគល់ប្រវត្តិសាស្ត្រ និងសហគមន៍សកល។ ប្រទេសម៉ាឡេស៊ី បានកសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិសម្រាប់ផ្លែទុរេន ដែលមានគុណភាពខ្ពស់ និងមានវត្តមានពិសេសនៅទូទាំងពិភពលោក»៕

By Ana