មូស្គូ៖ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានចាប់ឃុំខ្លួនស្ត្រីម្នាក់ បន្ទាប់ពីបានតាមប្រមាញ់ជនសង្ស័យជារកឃាតក ទទួលខុសត្រូវក្នុងការបំផ្ទុះគ្រាប់បែកនៅហាងកាហ្វេមួយ ក្នុងទីក្រុង សេន ភីធើស្ប៊ើក ដោយសម្លាប់អ្នកសរសេរប្លុកគាំទ្រសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
ស្ត្រីត្រូវចាប់ខ្លួនឈ្មោះ ដារីយ៉ា ត្រេប៉ូវ៉ា (Darya Trepova) អាយុ២៦ឆ្នាំ ត្រូវអាជ្ញាធរប្រកាសឈ្មោះក្នុងបញ្ជីត្រូវចាប់ខ្លួន របស់ក្រសួងមហាផ្ទៃ ហើយការចាប់ខ្លួននាងត្រូវបានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីប្រកាសជាសាធារណៈភ្លាមៗ នៅមុននេះបន្តិច។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា លោក វ៉្លាដឡេន តាតាស្គី (VladlenTatarsky) បានទទួលរូបចម្លាក់មួយភ្លាម រូបចម្លាក់នោះក៏ផ្ទុះតែ បណ្តាលឲ្យលោកស្លាប់នៅនឹងកន្លែង ចំណែកមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស។
ឃ្លីបវីដេអូបង្ហោះលើបណ្តាញសង្គម បានបង្ហាញពីការផ្ទុះ និងមនុស្សរងរបួសរណូករណែលនៅលើផ្លូវក្បែរនោះ។
អាជ្ញាធររុស្ស៊ីបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតការវាយប្រហារនៅកណ្តាលទីក្រុង សេន ភីធើស្ប៊ើក ដែលជាទីក្រុងធំបំផុតទីពីររបស់រុស្ស៊ី ដោយចាត់ទុកថា ជាឃាតកម្មដ៏ធំ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីជាច្រើន បានរាយការណ៍ថា ស្ត្រីឈ្មោះ ដារីយ៉ា ត្រេប៉ូវ៉ា ត្រូវមន្ត្រីនគរបាលរុស្ស៊ី ចាប់ខ្លួននៅក្នុងការតវ៉ាប្រឆាំងសង្រ្គាម នាពេលកន្លងមក។
ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានមកដល់កន្លែងផ្ទុះ នៅហាងកាហ្វេ សេន ភីធើស្ប៊ើក ដែលកាលមុនជាកម្មសិទ្ធិរបស់លោក យ៉េវហ្គេនី ព្រីហ្គូជីន (Yevgeny Prigozhin) ស្ថាបនិកក្រុមទាហានឈ្មោះឈ្នួលរុស្ស៊ី ឈ្មោះ វ៉ាកនើ (Wagner) ដែលកំពុងជាប់ដៃប្រយុទ្ធក្នុងសមរភូមិស៊ីសាច់ហុតឈាមនៅក្នុងប្រទេសអ៊ុយក្រែន។
ចំណែកប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអ្នកសរសេរប្លុកគាំទ្រយោធារុស្ស៊ី បាននិយាយថា លោក វ៉្លាដឡេន តាតាស្គី កំពុងជួបពិភាក្សាជាមួយមន្ត្រីសាធារណៈ ហើយពេលនោះមានស្ត្រីម្នាក់បានមកជួបគាត់ដែរ ព្រមទាំងជូនប្រអប់កាដូរូបចម្លាក់មួយ ហើយក៏ផ្ទុះនៅពេលនោះតែម្តង។
ក្រុមជាតិរុស្ស៊ី ដែលជាអ្នករៀបចំពិធីជួបជុំនេះ បាននិយាយថា ខ្លួនបានប្រុងប្រយ័ត្នផ្នែកសន្តិសុខដែរ ប៉ុន្តែបានបន្ថែមថា «គួរឲ្យសោកស្ដាយ ដែលពួកគេប្រុងប្រយ័ត្នមិនបានគ្រប់គ្រាន់»។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតករណីឃាតកម្ម។ ប៉ុន្តែមិនបញ្ជាក់ថាតើនរណាអាចជាអ្នកទទួលខុសត្រូវចំពោះការរៀបចំបំផ្ទុះគ្រាប់បែកនោះទេ។
ចំណែកក្រសួងមហាផ្ទៃរុស្ស៊ីវិញ បាននិយាយថា មនុស្សទាំងអស់នៅក្នុងហាងកាហ្វេនោះ ត្រូវតែហៅមកស៊ើបសួរ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ ដែលយ៉ាងហោចណាស់នៅពេលផ្ទុះនោះមនុស្ស១០០នាក់ កំពុងតែនៅក្នុង និងនៅជុំវិញហាងកាហ្វេសម្រាប់ពិធីរៀបចំដោយក្រុមរណសិរ្យចលនាអក្សរ ហ្សេត នៅលើបណ្តាញអ៊ីនធឺណិត “Cyber Front Z Movement” ដែលលោក វ៉្លាដឡេន តាតាស្គី កំពុងតែនិយាយក្នុងនាមក្រុមនេះ ដើម្បីគាំទ្រយោធារុស្ស៊ី។
នៅកន្លែងហាងកាហ្វេនេះ គឺស្ថិតក្នុងតំបន់ពេញនិយម និងមមាញឹកជាងគេក្នុងទីក្រុង សេន ភីធើស្ប៊ើក ដែលត្រូវបានគេស្គាល់ថា ជាប្លុកសម្រាប់និស្សិតនៅមហាវិទ្យាល័យ ហើយវេលាម៉ោង៥ល្ងាច គឺជាពេលចាប់ផ្តើមពិធី។
តាមមន្រ្តីស៊ើបអង្កេត នៅទីក្រុង សេន ភីធើស្ប៊ើក ពួកគេកំពុងស្វែងរកស្ត្រីម្ចាស់កាដូ ដើម្បីសួរនាងឲ្យច្បាស់ថា កាដូមានប្រភពមកពីទីណា។
លោក វ៉្លាដឡេន តាតាស្គី បានដាក់របាយការណ៍ជាទៀងទាត់ពីអ៊ុយក្រែន។ គាត់បានឈ្នះការប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី ខណៈពេលដែលគាត់តែងតែរិះគន់ការបរាជ័យរបស់កងទ័ពកំពូលលង្ហិន។
បន្ទាប់ពីរុស្ស៊ី បានប្រកាសដាក់តំបន់ចំនួនបួននៃអ៊ុយក្រែន កាលពីឆ្នាំមុន លោក វ៉្លាដឡេន តាតាស្គី បានបង្ហោះឃ្លីបវីដេអូដោយនិយាយស្បថថា «វាត្រូវតែអ៊ីចឹថ។ យើងនឹងកម្ចាត់ចោលទាំងអស់។ សម្លាប់ឲ្យអស់។ បើយើងត្រូវការ យើងត្រូវប្លន់ទាំងអស់។ យើងចូលចិត្តធ្វើអ៊ីចឹង។ សូមព្រះជួយថែរក្សាអ្នក»។
ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានសម្តែងការគោរពកោតសរសើរដល់លោក លោក វ៉្លាដឡេន តាតាស្គី ដែលបានរិះគន់រដ្ឋាភិបាលលោកខាងលិចថា បរាជ័យ មិនហ៊ានប្រតិកម្មចំពោះសង្គ្រាមនៅអ៊ុយក្រែន។
ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន បានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ភ្លើងឆេះ ការផ្ទុះ និងការធ្វើឃាត បានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់អ៊ុយក្រែន បានប៉ាន់ស្មានថា ការប្រឆាំងផ្ទៃក្នុងរបស់រុស្ស៊ី ចំពោះការឈ្លានពានរបស់វិមានក្រឹមឡាំងលើទឹកដីអ៊ុយក្រែន គឺនៅពីក្រោយការផ្ទុះនេះ។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា «ដល់ពេលសត្វពីងពាងកំពុងស៊ីគ្នាឯងនៅក្នុងពាងហើយ។ តើនៅពេលណា ទើបអំពើភេរវកម្មក្នុងប្រទេសរុស្ស៊ីនឹងក្លាយជាឧបករណ៍នៃការប្រយុទ្ធគ្នានយោបាយផ្ទៃក្នុង»៕