ប៉េកាំង៖ ទីផ្សារផ្លែស្រកានាគ​ របស់ប្រទេសចិន​ បានធ្លាក់ថ្លៃយ៉ាងខ្លាំង នៅចុងឆ្នាំ២០២៥នេះ ដោយអ្នកលក់និយាយថា តម្លៃសម្រាប់ការប្រមូលផលជាច្រើនលើករវាងខែកញ្ញា និងខែតុលា ជាទូទៅមានចាប់ពី ពី១,៦ ទៅ២,៨យន់ ឬស្មើពី០,២២​ ទៅ០,៣៨ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។

អ្នកដាំ និងអ្នកលក់ផ្លែស្រកានាគ បានកត់សម្គាល់ថា តម្លៃទាបបែបនេះកម្រកើតឡើងណាស់ ជាពិសេសចំពោះផ្លែស្រកានាគ ដាំនៅក្នុងខេត្តក្វាងស៊ី (Guangxi) ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល៥៣ហិកតា ដោយផលិតផ្លែស្រកានាគសាច់ក្រហមប្រហែល៣ ០០០តោនជារៀងរាល់ឆ្នាំ។

អ្នកគ្រប់គ្រងកសិដ្ឋាន បានពន្យល់ថា ខេត្តក្វាងស៊ី គឺជាតំបន់ផលិតកម្មដ៏សំខាន់សម្រាប់ផ្លែស្រកានាគ ដែលដាំដុះក្នុងប្រទេសចិន។ តំបន់នេះអាចប្រមូលផលផ្លែស្រកានាគ ដែលដាំដុះដោយធម្មជាតិចំនួនប្រាំបី ទៅ១០ដង ជារៀងរាល់ឆ្នាំ ចាប់ពីខែមិថុនា ដល់ចុងខែវិច្ឆិកា បន្ទាប់មកដោយមានការដាំដុះបន្ថែមពីរដងទៀត នៅក្រោមពន្លឺសិប្បនិម្មិត អាចធ្វើការលក់ផ្គត់ផ្គង់ទីផ្សារបន្តរហូតដល់ខែកុម្ភៈនៃឆ្នាំបន្ទាប់។

រហូតមកដល់ពេលនេះ នៅឆ្នាំ២០២៥ កសិដ្ឋាននៅក្នុងខេត្ត ក្វាងស៊ី បានប្រមូលផលផ្លែស្រកានាគបានប្រហែល១០ដងរួចទៅហើយ ដោយលក់ក្នុងតម្លៃទាបជាង២,៤យន់ ឬស្មើនឹង០,៣៣ដុល្លារ ក្នុងមួយគីឡូក្រាម។ បើប្រៀបធៀប តម្លៃនៅដំណាក់កាលដូចគ្នាក្នុងឆ្នាំមុនៗ ជាធម្មតាមានគេអាចលក់ក្នុងតម្លៃចាប់ពី៣ ទៅ៣,៦យន់ ឬស្មើពី០,៤១ ទៅ០,៤៩ ដុល្លារ ក្នុងមួយគីឡូក្រាម។ បច្ចុប្បន្ននេះ តម្លៃលក់ផ្លែស្រកានាគ លើសពី២,៤យន់ ឬស្មើនឹង០,៣៣ ដុល្លារ ក្នុងមួយគីឡូក្រាម មានន័យថា ទោះបីការលក់ដំណើរការយ៉ាងរលូនក៏ដោយ ក៏ប្រាក់ចំណេញនៅតែមានកម្រិតទាបខ្លាំងណាស់។

អ្នកជំនាញក្នុងឧស្សាហកម្មផ្លែស្រកានាគ បានសន្មត់ថា តម្លៃទាបនៅឆ្នាំ២០២៥នេះ ភាគច្រើនដោយសារតែតម្រូវការអ្នកប្រើប្រាស់ធ្លាក់ចុះខ្លាំងពេក។ វាមិនត្រឹមតែធ្លាក់ថ្លៃតែផ្លែស្រកានាគប៉ុណ្ណោះទេ សូម្បីប្រភេទផ្លែឈើផ្សេងទៀត ក៏ធ្លាក់ថ្លៃចុះ និងពិបាកលក់ចេញដូចគ្នាដែរ។ ខណៈពេលសហគ្រាសធំៗមួយចំនួន ព្យាយាមរក្សាតម្លៃខ្ពស់តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ ក៏អ្នកដាំដុះខ្នាតតូច និងមធ្យមភាគច្រើន កំពុងតែតស៊ូដើម្បីរក្សាប្រាក់ចំណេញ។

ពីមុន ការនាំចូលផ្លែស្រកានាគសាច់ក្រហមពីវៀតណាម មានចំនួនច្រើន ដែលបង្កផលប៉ះពាល់ដល់ទីផ្សារក្នុងស្រុក។ ប៉ុន្តែទោះបីជាការនាំចូលបានថយចុះទៅវិញនេះក៏ដោយ ក៏តម្លៃមិនងើបឡើងវិញភ្លាមៗទេ​ធ្វើឱ្យមានការព្រួយបារម្ភចំពោះទីផ្សារ និងពិបាកលក់ចេញឱ្យបានឆាប់រហ័ស។

ការប្រមូលផលផ្លែស្រកានាគ ដែលដាំដុះតាមបែបធម្មជាតិឥឡូវនេះ ស្ថិតក្នុងដំណាក់កាលចុងក្រោយហើយ ចំណែកអ្នកដាំដុះជាច្រើនកំពុងតែសង្ឃឹមលើការផលិតសិប្បនិម្មិតនាពេលខាងមុខ ដោយរំពឹងថា តម្លៃនឹងងើបឡើងវិញ។ ប្រសិនបើតម្លៃឡើងដល់ប្រហែល៥យន់ ឬស្មើនឹង០,៦៨ដុល្លារ ក្នុងមួយគីឡូក្រាម អ្នកផលិត និងអ្នកលក់ចែកចាយអាចរកប្រាក់ចំណេញបានខ្លះ។

ទោះបីជាយ៉ាងណាក៏ដោយ ការឡើងថ្លៃអគ្គិសនីនៅតែបន្តដាក់សម្ពាធលើការចំណាយលើការដាំដុះ​​។ គេប៉ាន់ប្រមាណថា ការធ្វើចម្ការស្រកានាគលើផ្ទៃដីទំហំមួយហិកតា ត្រូវចំណាយយ៉ាងហោចណាស់ ៦ ០០០យន់ ឬស្មើនឹង៨២០ដុល្លារ ក្នុងមួយខែ។ ដូច្នេះ ប្រសិនបើតម្លៃផ្លែស្រកានាគមិនឡើងដល់៥យន់​រឭ ឬស្មើនឹង០,៦៨ដុល្លារ ក្នុងមួយគីឡូក្រាមទេ កសិករនឹងពិបាករកប្រាក់ចំណេញណាស់។

អ្នកចាត់ការទូទៅប្រចាំកសិដ្ឋាន បានបន្ថែមថា ផ្លែស្រកានាគសាច់ក្រហមរបស់យើង មានរសជាតិផ្អែមពី១៤ ទៅ១៦ភាគរយ មានសម្បុរស្រស់ស្អាត និងមានរសជាតិឆ្ងាញ់។ តំបន់មួយចំនួននៅក្នុងប្រទេសចិន គឺស័ក្តិសមបំផុតសម្រាប់ការដាំដុះផ្លែស្រកានាគ ដោយសារតែប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៃផ្លែស្រកានាគក្នុងស្រុក ដោយតំបន់ដាំដុះត្រូវបានពង្រីកយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងនេះ។

កាលនៅឆ្នាំ២០២៨ ផ្ទៃដីដាំដុះផ្លែស្រកានាគរបស់ខេត្តក្វាងស៊ី មានទំហំ២ ៦៦៧ហិកតា ហើយបានកើនឡើងដល់ប្រហែល១២ ០០០ហិកតានៅឆ្នាំ២០២០ ដែលកើនឡើងជិតបួនដងក្នុងរយៈពេលបីឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែស្ថានភាពទីផ្សារមិនសូវល្អក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ អ្នកដាំដុះជាច្រើនឥឡូវនេះ កំពុងតែពិចារណាលក់ដីរបស់ពួកគេ ឬប្តូរទៅដំណាំផ្សេងវិញ៕

By Ana