អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធថា លោកមិនមានកំហុសដូចការចោទប្រកាន់របស់តុលាការនៅក្នុងទីក្រុងញូវយ៉ក ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិទមាត់តារាសម្តែង នៅមុនការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦។

លោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ ក្នុងប្រវត្តិសាស្ត្រអាមេរិក បានចូលទៅក្នុងបន្ទប់សវនាការ នៅម៉ោង២ និង៣០នាទី រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដើម្បីស្តាប់ការចោទប្រកាន់ជាផ្លូវការរបស់រដ្ឋអាជ្ញាអមតុលាការទីក្រុងញូវយ៉ក។

ការិយាល័យមេធាវីទីក្រុងញូវយ៉ក បាននិយាយថា មេដឹកនាំគណបក្សសាធារណរដ្ឋ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំនួន៣៤ករណី ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម នៅទីក្រុងនៅញូវយ៉ក ដើម្បីលាក់បាំងព័ត៌មានខិលខូច និងជាសកម្មភាពខុសច្បាប់ រំលោភទំនុកចិត្តអ្នកបោះឆ្នោតអាមេរិក នៅពេលមុន និងក្រោយការបោះឆ្នោត ឆ្នាំ២០១៦។

លោក អាលវីន ប្រាក់ (Alvin Bragg) រដ្ឋអាជ្ញាកាន់សំណុំរឿងនេះ បាននិយាយចោទប្រកាន់ថា នៅក្នុងគ្រោងការណ៍ចាប់និងសម្លាប់របស់លោក ដូណាល់ ត្រាំ រួមមានការបង់ប្រាក់បំបិទមាត់ចំនួនបីលើក រួមទាំង១៣០ ០០០ដុល្លារ ដែលលោកបានបង់ទៅឲ្យតារាសម្តែងភាពយន្តឈ្មោះ ស្តមី ដានីញ៉ែល (Stormy Daniels)។

លោក អាលវីន ប្រាក់ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃអង្គារថា «នៅពេលការិយាល័យនេះបានធ្វើម្តងហើយម្តងទៀត ថ្ងៃនេះយើងរក្សាការទទួលខុសត្រូវជាឧឡារិករបស់យើង ក្នុងការធានាថាមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។

លោក ដូណាល់ ត្រំា ដែលកំពុងតែស្វែងសំឡេងឆ្នោតឡើងវិញ សម្រប់ការបោះឆ្នោតនៅឆ្នាំ២០២៤ បានបដិសេធរាល់ការចោទប្រកាន់ ហើយបាននិយាយបរិហារករណីនេះថា ជាការតាមប្រមាញ់របស់មេធ្មប់នយោបាយ។

ករណីតុលាការចោទប្រកាន់អតីតប្រធានាធិបតីនេះ បានបង្ហាញពីការបែកបាក់ផ្នែកនយោបាយយ៉ាងជ្រៅ នៅក្នុងសហរដ្ឋអាមេរិក ហើយប៉ូលិសជាច្រើនត្រូវបានដាក់ពង្រាយនៅមុនពេលបើកសវនាការ ដោយសារព្រួយបារម្ភចំពោះអំពើហិង្សាអាចផ្ទុះឡើងរវាងក្រុមអ្នកគាទ្រ និងក្រុមអ្នកប្រឆាំងលោក ដូណាល់ ត្រាំ។

ក្រោយពីចប់សវការភ្លាម លោកអតីតប្រធានាធិបតី បានធ្វើដំណើរតាមក្បួរនរថយន្តដោយការការពារយ៉ាងប្រុងប្រយត័្នសំដៅទៅកាន់រថហោះផ្ទល់ខ្លួន ដើម្បីហោះទៅកាន់ភូមិគ្រឹះរបស់លោក ស្ថិតនៅក្នុងរដ្ឋ ហ្វ្លរីដា សហរដ្ឋអាមេរិក។

នៅល្ងាចថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថា ប្រាប់អ្នកគាទ្ររបស់លោកដោយលើកឡើង ក្រុមអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី ចូ បាយដិន (Joe Biden) បានព្យាយាមធ្វើបាបលោកដោយគ្មានឈប់ ដោយតុលាការធ្វើជាអាវុធសម្រាប់បាញ់ប្រហារជីវិតនយោបាយរបស់លោក។

លោក ដូណាល់ ត្រាំ បានចោទប្រកាន់ថា «ក្រុមប្រជាធិបតីកំពុងតែព្យាយាមបំផ្លាញអាមេរិក ហើយថ្ងៃណាក៏ការឃោសនាថា ប្រឆាំងរុស្ស៊ី ប្រឆាំងរុស្ស៊ី គាំទ្រអ៊ុយក្រែន គាំទ្រអ៊ុយក្រែន»៕

By Ana

You missed