ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos Jr) បាននិយាយថា លោកនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីតុលាការនេះបានច្រានចោលបណ្តឹងឧទ្ធរណ៍ ដែលសុំឲ្យបញ្ឈប់ការស៊ើបអង្កេតលើសង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់អតីតប្រធានាធិបតី។
ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ ដែលភាគច្រើនជាឈ្មួញ និងអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវនគរបាលបង្ក្រាបគ្រឿងញៀនបាញ់សម្លាប់ អំឡុងពេលយុទ្ធនាការបង្រ្កាបដ៏ខ្លាំងក្លារបស់ប្រធានាធិបតីមុន គឺលោក រ៉ូទ្រីហ្គូ ឌូធើតេ (Rodrigo Duterte) លើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រួមទាំងការបាញ់សម្លាប់យ៉ាងអាថិ៍កំបាំងជាច្រើនករណីទៀតផងដែរ។
តុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ កំពុងតែស៊ើបអង្កេតករណីចោទប្រកាន់ពីក្រុមសិទ្ធិមនុស្ស និងជនរងគ្រោះក្នុងការសម្លាប់ ដែលនគរបាលហ្វីលីពីននិយាយថា ពួកគេបានសម្លាប់ជនសង្ស័យព្រោះតែដើម្បីការពារខ្លួនប៉ុណ្ណោះ។
លោក ហ្វើឌីណង់ ម៉ាកូស បានប្រាប់អ្នកសារព័ត៌មាននៅពេលសួរអំពីបណ្តឹងឧទ្ធរណ៍ ដែលត្រូវបានតុលាការទីក្រុងឡាអេ ច្រានចោលក្នុងសប្តាហ៍នេះថា «យើងនឹងបញ្ចប់ការចូលរួមរបស់យើងទាំងអស់ជាមួយតុលាការយុត្តិធម៌អន្តរជាតិ។ នៅពេលនេះ យើងពិតជាកំពុងផ្តាច់ទំនាក់ទំនង និងឈប់ទាក់ទងគ្នា»។
លោក ហ្វើឌីណង់ ម៉ាកូស បានកត់សម្គាល់ថា រដ្ឋាភិបាលរបស់លោកមិនទាន់បានសហការជាមួយតុលាការយុត្តិធម៌អន្តរជាតិ ក្នុងសំណុំរឿងនេះទេ រហូតមកដល់ពេលនេះ ប៉ុន្តែលោកគ្រាន់តែធ្វើអត្ថាធិប្បាយអំពីដំណើរនីតិវិធីនៃក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់។
លោកបានមានប្រសាសន៍ថា «យើងចាប់ផ្តើមទីណា ឈប់ទីនោះ គឺយើងមិនអាចសហការជាមួយតុលាការយុត្តិធម៌អន្តរជាតិបានទៀត បើពិចារណាអំពីយុត្តាធិការរបស់តុលាការនេះ និងអំពីអ្វីដែលយើងចាត់ទុកថា វាជាការជ្រៀតជ្រែក និងជាការវាយប្រហារលើអធិបតេយ្យភាពនៃសាធារណរដ្ឋហ្វីលីពីន»។
តុលាការយុត្តិធម៌អន្តរជាតិ គឺជាតុលាការនៃជម្រើសចុងក្រោយ ប្រសិនបើរដ្ឋណាមួយមិនអាច ឬមិនមានឆន្ទៈក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម។
នៅពេលទទួលរងការរិះគន់ពីអន្តរជាតិ កាន់តែកើនឡើងចំពោះដំណើរការនីតិវិធីបង្ក្រាបគ្រឿងញៀនខុសច្បាប់ លោក រ៉ូទ្រីហ្គូ ឌូធើតេ កាលលោកនៅកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន បានដកខ្លួនចេញជាឯកតោភាគី ចេញពីសន្ធិសញ្ញាតុលាការយុត្តិធម៌អន្តរជាតិ ដែលមានចុះហត្ថលេខាទទួលស្គាល់ក្នុងឆ្នាំ២០១៨។ សន្ធិសញ្ញានោះ បានចែងថា តុលាការយុត្តិធម៌អន្តរជាតិ អាចស៊ើបអង្កេតឧក្រិដ្ឋកម្មណាមួយ ដែលបានកើតឡើងនៅក្នុងប្រទេសមួយជាម្ចាស់ហត្ថលេខី។
កាលពីខែមករា ឆ្នាំ២០២៣ តុលាការនេះបានផ្តល់ការអនុញ្ញាតតាមសំណើរបស់ព្រះរាជអាជ្ញា ឲ្យបើកការស៊ើបអង្កេតឡើងវិញ លើករណីបាញ់សម្លាប់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន ប៉ុន្តែបានផ្អាកការស៊ើបអង្កេតទៅវិញ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ តាមសំណើរបស់រដ្ឋាភិបាលទីក្រុងម៉ានីល ដែលបាននិយាយអះអាងថា ខ្លួនកំពុងតែស៊ើបអង្កេតដោយខ្លួនឯងហើយ។
កាលពីខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីន បានជំរុញឲ្យមេប៉ូលិសកំពូលរាប់រយនាក់លាលែងពីតំណែង នៅពេលរដ្ឋាភិបាលកំពុងតែបោសសម្អាតមន្ត្រីពុករលួយពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់នដែលចាប់ផ្តើមដោយអតីតប្រធានាធិបតី លោក រ៉ូទ្រីហ្គូ ឌូធើរតេ និងអ្នកស្នងតំណែង គឺលោកប្រធានាធិបតី ហ្វើឌីណង់ ម៉ាកូស។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃហ្វីលីពីន លោក បេនចាមីន អាបាឡូស (Benjamin Abalos) បានទាមទារឲ្យវរសេនីយឯក និងឧត្តមសេនីយ៍ប៉ូលីសទាំងអស់ ប្រហែល៣០០នាក់ នៅក្នុងជួរកងកម្លាំងប៉ូលីសសរុប២២៧ ០០០នាក់ គួរលាលែងពីតំណែងបន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា មន្ត្រីមួយចំនួនមានពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
លោក បេនចាមីន អាបាឡូស បានប្រាប់សន្និសីទសារព័ត៌មាន នៅទីស្នាក់ការប៉ូលិសជាតិក្នុងទីក្រុងម៉ានីលថា «ប្រសិនបើអ្នកមិនជាប់ពាក់ព័ន្ធទេ គ្មានអ្វីត្រូវព្រួយបារម្ភនោះទេ»។
លោកបានពណ៌នាថា នេះជាវិធានការច្បាស់លាស់ បន្ទាប់ពីការស៊ើបអង្កេតមុនៗទៅលើមន្ត្រីពុករលួយ បានចំណាយពេលយូរ និងទទួលបានលទ្ធផលតិចតួច។
អតីតប្រធានាធិបតីប្រធានាធិបតីហ្វីលីពីន លោក ហ្វីដែល រ៉ាម៉ូស (Fidel Ramos) កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ បានបង្ក្រាបប៉ូលីសហ្វីលីពិន ដោយបានបញ្ជាឲ្យមន្ត្រីទាំងអស់ ដែលមានអាយុលើសពី៥៦ឆ្នាំ ឬមានតួនាទីលើសពី៣០ឆ្នាំ បង្ខំឲ្យលាលែងពីតំណែង។ ជាលទ្ធផល អគ្គស្នងការប៉ូលីសជាតិ និងមន្ត្រីជាន់ខ្ពស់ប្រាំបួនរូបទៀតបានលាលែងពីតំណែង។
ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ អាជ្ញាធរហ្វីលីពីន បានរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ក្នុងតម្លៃទឹកប្រាក់១៧៩លានដុល្លារ។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៦ មន្ត្រីប៉ូលីសហ្វីលីពីនបានសម្លាប់ឈ្មួញ និងអ្នកប្រើប្រាស់គ្រឿងញៀន រាប់ពាន់នាក់ ប៉ុន្តែបានទទួលរងការរិះគន់ថា អ្នកជាប់ពាក់ព័ន្ធមួយចំនួនជាអ្នកមានលុយ និងអ្នកមានអំណាចភាគច្រើន តែងតែរួចខ្លួនពីសំណាញ់ច្បាប់។
លោក រ៉ូទ្រីហ្គូ ឌូធើតេ បាននិយាយម្តងហើយម្តងទៀតថា លោកមិនបានប្រាប់ឲ្យនគរបាលបាញ់សម្លាប់ជនសង្ស័យទេ ក្រៅពីក្នុងករណីការពារខ្លួនប៉ុណ្ណោះ ហើយលោកបាននិយាយថា លោកសុខចិត្តប្រឈមមុខនឹងការកាត់ទោសក្នុងករណីបង្ក្រាបសង្គ្រាមគ្រឿងញៀន ប៉ុន្តែនៅក្នុងតុលាការហ្វីលីពីនតែប៉ុណ្ណោះ មិនមែននៅតុលាការណាផ្សេងឡើយ។
កូនស្រីបង្កើតរបស់លោក រ៉ូទ្រីហ្គូ ឌូធើតេ គឺលោកស្រី សារ៉ា ឌូធើតេ (Sara Duterte) បច្ចុប្បន្នកំពុងតែកាន់តំណែងជាអនុប្រធានហ្វីលីពីន ដែលលោក ហ្វើឌីណង់ ម៉ាកូស គឺជាប្រធានាធិបតី ដឹកនាំរដ្ឋាភិបាល៕