ខារ៉ូឡាយណាខាងជើង៖ បន្ទាប់ពីការដំឡើងពន្ធរបស់អាម៉េរិក ប្រទេសចិនបានព្យាករណ៍ថា ខ្លួននឹងកាត់បន្ថយការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ដូចជាសាច់ជ្រូក និងសណ្តែកសៀង រួមទាំងទំនិញកសិឧស្សាហកម្មសំខាន់ៗជាច្រើនទៀត ដែលមានប្រភពពីក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង របស់សហរដ្ឋអាម៉េរិក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិក បានឱ្យដឹងថា នាយកដ្ឋានកសិកម្ម និងសេវាកម្មអតិថិជន ប្រចាំរដ្ឋខារ៉ូឡាយណាខាងជើង បាននិយាយថា ទីផ្សារនាំចេញដ៏ធំសម្រាប់កសិករ និងអាជីវកម្មកសិឧស្សាហកម្ម នៅរដ្ឋខារ៉ូឡាយណាខាងជើង គឺនៅក្រៅសហរដ្ឋអាម៉េរិក ព្រោះប្រហែល៩៦ភាគរយនៃចំនួនប្រជាជនលើពិភពលោក តែងតែទិញកសិផលរបស់ខ្លួន។  ដូច្នេះ សហរដ្ឋអាម៉េរិក គួរតែយកចិត្តទុកដាក់បើកទីផ្សារបន្ថែមទៀត​​ នៅជុំវិញពិភពលោកសម្រាប់លក់ទំនិញកសិកម្ម និងចំណីអាហារ ផលិតនៅក្នុងរដ្ឋខារ៉ូឡាយណាខាងជើង ហើយគួរតែបន្តបង្កើតទំនាក់ទំនងផ្នែកពាណិជ្ជកម្ម អន្តរជាតិ​ នៅទូទាំងពិភពលោក។

របាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ទាំងការនាំចេញសណ្តែកសៀង និងសាច់ជ្រូក ទៅកាន់ប្រទេសចិន។  ការលក់សាច់ជ្រូករបស់សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានធ្លាក់ពីជាង១២​ ០០០តោន  ក្នុងមួយសប្តាហ៍ មកនៅត្រឹមតែ ៥​ ៨០០តោន ដែលបរិមាណនេះ គឺជាការថយចុះចំនួន៧២ភាគរយក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ ហើយវាក៏ជាចំនួនទាបបំផុត សម្រាប់រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥នេះ។

អ្នកវិភាគគោលនយោបាយ សម្រាប់មជ្ឈមណ្ឌលស្បៀងអាហារ ថាមពល និងជីវិត បាននិយាយថា «នេះគឺជាថ្ងៃអកុសលសម្រាប់កសិករ នៅក្នុងរដ្ឋ​ខារ៉ូឡាយណាខាងជើង ប៉ុន្តែវាងាយស្រួលទាយទុកមុន។  ប្រទេសចិន គឺជាអ្នកទិញសណ្តែកសៀងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ដើម្បីយកទៅផលិតជាចំណីសត្វ។ ចិនក៏ជាទីផ្សារ ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ផលិតផលសាច់ជ្រូករបស់អាមេរិក»។

បើយោងតាមទិន្នន័យអំពីអាជីវកម្មសាច់ជ្រូក បានឱ្យដឹងថា ប្រទេសចិន បានលុបចោលការនាំចូលសាច់ជ្រូកពីអាម៉េរិកចំនួន១២ ៣០០តោន ដែលជាការលុបចោលដ៏ធំបំផុត ចាប់តាំងពីខែឧសភា ឆ្នាំ២០២០  ដែលពេលជំងឺកូវីដ-១៩ កំពុងតែឆ្លងរាតត្បាតនៅទូទាំងពិភពលោក។

ចំណែកទិន្នន័យរបស់គយចិនវិញ​ បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ប្រទេសចិន បាននាំចូលសាច់ជ្រូកក្នុងតម្លៃ៤,៦ពាន់លានដុល្លារ ដោយភាគច្រើននាំចូលពីប្រទេសផ្សេងៗ​ ក្រៅពីសហរដ្ឋអាមេរិក។  រីឯការនាំចេញសាច់ជ្រូករបស់អាមេរិកទៅកាន់ប្រទេសចិនវិញ មានទឹកប្រាក់ចំនួន៨៥៩លានដុល្លារ។

អ្នកវិភាគដដែលនេះ បាននិយាយទៀតថា «សម្រាប់សាច់ជ្រូករបស់កសិករក្នុងរដ្ឋ ខារ៉ូឡាយណា អ្នកទិញធំជាងគេទាំងបួន នៅក្នុងឆ្នាំ២០២៤ គឺកូរ៉េ ជប៉ុន អូស្ត្រាលី និងចិន សរុបទឹកប្រាក់រួមគ្នាជិត៣១៨លានដុល្លារ។  កូរ៉េ បានទិញសាច់ជ្រូកក្នុងទឹកប្រាក់ចំនួន១៨៧លានដុល្លារ ជប៉ុន ចំនួន៦៩,៤លានដុល្លារ អូស្ត្រាលី​ ចំនួន៣២,៩លានដុល្លារ ចំណែកប្រទេសចិន បានទិញក្នុងទឹកប្រាក់ចំនួន២៨,៦លានដុល្លារ»។

ចំណែកនៅក្នុងសេចក្តីរាយការណ៍ផ្សេងទៀត បានឱ្យដឹងថា ការនាំចេញសណ្តែកសៀងរបស់អាម៉េរិក ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពី៧២ ០០០តោន ត្រឹមថ្ងៃទី១០ ខែមេសា មកនៅត្រឹមតែ១​ ៨០០តោន ត្រឹមថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២៥នេះ។  កាលពីដើមខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិន ដំបូងឡើយត្រឹម៨៤ភាគរយ ប៉ុន្តែក្រោយបានដំឡើងថែមដល់១៤៥ភាគរយ។  ក្រោយពេលអាម៉េរិក ដំឡើងពន្ធលឿនបែបនេះ​ បាន​បង្ខំ​ឱ្យ​មាន​ការ​សងសឹកតបមកវិញ ដោយប្រទេស​ចិន បានសម្រេច​​ដំឡើង​ពន្ធ​លើ​​សហរដ្ឋអាមេរិក ​ដល់​ទៅ១២៥ភាគរយ។

អ្នកវិភាគរូបនេះ​ បានបន្តទៀតថា រីឯទីផ្សារផ្សេងទៀតសម្រាប់សណ្តែកសៀងរបស់រដ្ឋ ខារ៉ូឡាយណាខាងជើង មានប្រទេសវៀតណាម ម៉ាឡេស៊ី ម៉ិកស៊ិក ប្រទេសថៃ និងកោះតៃវ៉ាន់។​ នៅក្នុងឆ្នាំ២០២៤ កោះតៃវ៉ាន់ គឺជាអ្នកធំជាងគេទី១ ដែលបានបញ្ជាទិញក្នុងទឹកប្រាក់ចំនួន១៩,៤ដុល្លារ ចំណែកប្រទេសចិន គឺជាអ្នកទិញធំជាងគេទី២ បានបញ្ជាទិញក្នុងទឹកប្រាកើចំនួន១៦,៩លានដុល្លារ។

ក្រោយមកប្រទេសចិន គឺជាអ្នកទិញសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក ច្រើនជាងគេលេខ១ ដូច្នេះការកាត់បន្ថយនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កសិឧស្សាហកម្មនៅក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង ដោយសារតែសណ្តែកសៀងស្ថិតក្នុងផលិតផលលំដាប់កំពូលទាំងប្រាំរបស់សហរដ្ឋអាម៉េរិក។

ប្រទេសចិន បានទិញចំនួន៤៨ភាគរយនៃការនាំចេញសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក។  បើយោងតាមការិយាល័យពាណិជ្ជកម្មអាមេរិក ក្នុងឆ្នាំ២០២២ រដ្ឋ​ខារ៉ូឡាយណាខាងជើង បាននាំចេញសណ្តែកសៀងក្នុងទំហំទឹកប្រាក់ចំនួន៤៤៦លានដុល្លារ។ កាលពីឆ្នាំមុន ការនាំចេញសណ្តែកសៀងមានចំនួនច្រើនជាង២៧លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន១២,៨ពាន់លានដុល្លារ ហេតុដូច្នេះ  កសិករ​ដាំសណ្តែកសៀង​របស់អាម៉េរិក​ព្រួយបារម្ភ​ថា ​តើ​អតិថិជន​ធំជាងគេ​របស់​ខ្លួន គឺប្រទេសចិន​នឹង​បន្ត​ទិញ​ពួកគាត់ឬ​អត់​។

យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹងថា កាលពីឆ្នាំ២០២៤ ផ្ទៃដីសណ្តែកសៀង នៅក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង មានប្រមាណ១,៦១លានហិកតា ដោយធ្លាក់ចុះប្រហែល១០ ០០០ហិកតា តិចជាង២០២៣ ដែលមានផ្ទៃដីដាំដុះសរុបចំនួន១,៦២លានហិកតា។

គ្រាន់តែនៅក្នុងឆ្នាំ២០២៨ ដោយសារតែសង្រ្គាមពាណិជ្ជកម្ម លើកដំបូងរបស់លោក ដូណាល់ ត្រាំ ការនាំចេញសណ្តែកសៀងរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន បានធ្លាក់ចុះជាងពាក់កណ្តាល ចំណែគកសិករចិញ្ចឹមជ្រូក បានប្រឈមមុខនឹងពន្ធដ៏ច្រើនលើសលប់ ដែលធ្វើឱ្យផលិតផលរបស់ពួកគេមិនមានការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបានឡើយ។ ការដំឡើងពន្ធនេះ​ គឺជា​រឿង​លំបាក​សម្រាប់​កសិករ​នៅ​ក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង ដែលដើម្បីរស់ ពួកគាត់ត្រូវតែ​ពឹង​ផ្អែក​លើ​ទីផ្សារ​នៅក្នុងប្រទេសចិន​។

ចំណែកអ្នកវិភាគវិញ បានលើកឡើងថា ទោះបីជាមានការខិតខំប្រឹងប្រែង ដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អជាមួយប្រទេសចិនក៏ដោយ ក៏កសិករនៅរដ្ឋ ខារ៉ូឡាយណាខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងមានអារម្មណ៍ថា អ្នកទទួលផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មមុនគេ អាចជាពួកគេតែម្តង៕

By Ana

You missed