ក្រុងគៀវ៖ កាលពីម្សិលមិញ កងទ័ពរុស្ស៊ី​ បាន​បង្កើន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់មីស៊ីល និង​ដ្រូន​ ធ្លាក់លើអគារលំនៅឋានរបស់អ៊ុយក្រែន ដោយ​បាន​សម្លាប់​និស្សិត និង​ជន​ស៊ីវិល ​ផ្សេង​ទៀត​

ក្នុង​ការ​តាម​ដាន​ដោយ​ហិង្សា​ចំពោះ​បេសកកម្ម​ការទូត​កម្រិត​ខ្ពស់​ដែល​មាន​គោល​បំណង​នាំ​យក​សន្តិភាព​ក្រោយ​សង្រ្គាម​អស់​រយៈពេល ១៣ ខែ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ឡូឌីមឿ ហ្សឺឡឹនស្គី បាននិយាយថា មីស៊ីលរុស្ស៊ីវាយប្រហារបំផ្លាញអគារផ្ទះល្វែងកម្ពស់ប្រាំបួនជាន់ នៅលើផ្លូវដ៏មមាញឹកមួយ ក្នុងទីក្រុង ហ្សាប៉ូរីហ្សា (Zaporizhzhia) ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។

លោកប្រធានាធិបតី បាននិយាយដូច្នេះថា «រុស្ស៊ីកំពុងវាយលុកទីក្រុងយ៉ាងសាហាវព្រៃផ្សៃ ។ ​តំបន់​លំនៅឋាន ​ដែល​ប្រជាជន​សាមញ្ញ និង​កុមារ​ កំពុងរស់នៅ​ត្រូវ​បាន​បំផ្លាញស្ទើរទាំងស្រុង​»​។

យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនេះ ខណៈការវាយប្រហារដោយដ្រូន ក្នុងពេលមុនថ្ងៃរះ បានសម្លាប់មនុស្សយ៉ាងតិចប្រាំបីនាក់ ក្បែរអន្តេវាសិកដ្ឋានមួយកន្លែងស្ថិតនៅជិតទីក្រុងគៀវ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានបង្ហាញការខូចខាតដោយគ្រាប់មីស៊ីល ដែលធ្លាក់ចំអគារផ្ទះល្វែងមួយនេះ ដោយបញ្ចេញជាផ្សែងខ្មៅ និងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។

មន្ត្រីក្រុង ហ្សាប៉ូរីហ្សា បាននិយាយថា កុមារពីរនាក់បានរងរបួស ចំណែកមនុស្ស២៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានបីនាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្រុង ហ្សាប៉ូរីហ្សា ស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ដែលជារោងចក្រដ៏ធំបំផុតរបស់អឺរ៉ុប ហើយកំពុងស្ថិតនៅក្រោមការគំរាមកំហែងអស់ជាច្រើនខែ។ ចំណែកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា រោងចក្រនេះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

រដ្ឋាភិបាលរុស្ស៊ី​ បាន​បដិសេធចំពោះការវាយប្រហារ​លើ​តំបន់​លំនៅឋានរបស់ជនស៊ីវិល ហើយបានដាក់កំហុសលើប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ដោយនិយាយថា ការដាក់ពង្រាយប្រព័ន្ធការពារអាកាសនៅក្នុងតំបន់លំនៅដ្ឋាន កំពុងធ្វើឲ្យជនស៊ីវិលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេស កងទ័ពអ៊ុយក្រែនកំពុងតែលាក់សម្ភារៈសឹក និងបុគ្គលិកយោធា នៅក្នុងអគារស៊ីវិលថែមទៀតផង។

សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយយក្រែន បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះបានរាលដាលតាមទិសដៅសំខាន់ៗចំនួនពីរ គឺខ្សែជួរមុខភាគច្រើននៅភាគខាងកើតអ៊ុយក្រែន មានទីក្រុង បាក់មុត (Bakhmut) ។ លើសពិនេះ រុស្ស៊ី ក៏បានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី នៅទូទាំងប្រទេសផងដែរ។ រីឯការប្រយុទ្ធនៅជួរមុខភាគច្រើន បានផ្អាកទៅវិញនៅក្នុងរដូវរងាធ្លាក់ទឹកកក ដែលគេរំពឹងទុកនៃការវាយលុកជាទ្រង់ទ្រាយធំរវាងភាគីទាំងពីរអាចនឹងចាប់ផ្តើមឡើងវិញ នៅរដូវរំហើយខាងមុខនេះ។

ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយកាលពីព្រឹកម្សិលមិញថា ការវាយប្រហារដោយដ្រូនបានបំផ្លាញវិទ្យាល័យមួយ និងអន្តេវាសិកដ្ឋានចំនួនពីរកន្លែង ស្ថិតនៅភាគខាងត្បូងទីក្រុងគៀវ ប៉ុន្តែមិនច្បាស់ថា មានមនុស្សប៉ុន្មាននាក់ កំពុងរស់នៅក្នុងអន្តេវាសិកដ្ឋាននាពេលនោះ។

ប៉ុន្តែបើយោងតាមមន្ត្រីប៉ូលីសប្រចាំតំបន់នេះ បាននិយាយថា សាកសពបុរសអាយុ៤០ឆ្នាំម្នាក់ ត្រូវគេទាញចេញពីគំនរបាក់បែកនៅជាន់មួយ នៃអគារលំនៅឋាន ដែលរងការបំផ្លាញដោយគ្រាប់មីស៊ីល និងដ្រូន។ មន្ត្រីប៉ូលីសរូបនេះ ដោយនិយាយបន្ថែមថា មនុស្សជាង២០នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

By Ana

You missed