ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រាប់ឱ្យក្រសួងជំនាញសហការគ្នារឹតបន្តឹងការនាំចូលផលិតផលកសិកម្មខូចគុណភាព​ និង​មានផ្ទុកសារធាតុគីមី ដែលអាចបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០»​​ ដោយលើកឡើងថា ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ ទី១ រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នជំនាញពាក់ព័ន្ធចូលរួមអប់រំផ្សព្វផ្សាយ និងបង្កលក្ខណៈក្នុងការបង្ការជំងឺមហារីក និងទី២ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺនេះតាមរយៈការលេងកីឡា និងទទួលទានអាហារឱ្យបានល្អ និងត្រឹមត្រូវ។

សម្តេចមហាបវរធិបតី​ ​នាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ចំៗក្រសួងស្ថាប័នជំនាញ មានដូចជា ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកគយ និងរដ្ឋាករ រួមទាំងអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមទប់ស្កាត់ការនាំចូលសាច់ខូចគុណភាព ដែលអាចបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ, ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចូលរួមអប់រំ, ណែនាំ ដល់សិស្សានុសិស្ស និងអ្នកលក់ដូរនៅតាមសាលារៀន អំពីហានិភ័យ និងការបង្ការអំពីជំងឺមហារីក។

ចំណែកប្រជាពលរដ្ឋអាចចូលរួមបង្ការជំងឺមហារីកតាមរយៈការហាត់ប្រាណ, ការលេងកីឡា និងការពិនិត្យសុខភាពជាប់ជាប្រចាំ រួមទាំងការទទួលទានតែអាហារណា ដែលមានគុណភាពល្អមិនប៉ះពាល់ដល់សុខភាព និងតមអាហារណាមិនចាំបាច់​ និងប៉ះពាល់សុខភាព រួមទាំងការមិនទទួលទានបារីគ្រប់ប្រភេទ។

សម្តេចមហាបវរធិបតី​ បានមានប្រសាសន៍ដូច្នេះថា​ « សូមក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យឱ្យបានតឹងរឹងលើការនាំចូលបន្លែសាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗឱ្យបានម៉ត់ចត់លើការងារនេះ ដើម្បីកាត់បន្ថយហានិភ័យជំងឺមហារីកដោយសារអាហារូបត្ថម្ភ»។

ជាមួយគ្នានេះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពមមន្ទីរពេទ្យ ដែលមានឯកទេសក្នុងការព្យាបាលជំងឺមហារីក ដើម្បីព្យាបាលប្រជាពលរដ្ឋ ដែលមានជំងឺមហារីក ព្រោះការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ, សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនៅពេលសុខភាពមិនល្អ នឹងក្លាយទៅជាបន្ទុកសម្រាប់រដ្ឋ ហេតុនេះត្រូវចូលរួមទាំងអស់គ្នា ទាំងការបង្ការ, ការអប់រំ និងការព្យាបាលឱ្យបានទាន់ពេល ហើយជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺពឹងផ្អែកលើគ្រប់ផ្នែកទាំងអស់ចូលរួមថែរក្សា ទើបអាចរក្សាសុខភាពប្រជាជនបានល្អ។

សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តី​ បានមានប្រសាន៍ថា ​ជំងឺមហារីកកំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិកម្ពុជា។ ជារៀងរាល់ឆ្នាំ អ្នកកើតជំងឺមហារីកនៅកម្ពុជា បានកើនឡើងរហូតដល់ជាងពីរម៉ឺននាក់ និងស្លាប់មានដល់ចំនួន១,៤ម៉ឺននាក់។

ប្រមុខរដ្ឋាភិបាល ចាត់ទុកកំណើនអ្នកកើតមហារីកនៅពេលនេះ គឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភ និងថាជំងឺដ៏កាចសាហាវនេះ មានមួយចំណែកកើតចេញពីការបរិភោគអាហារមានផ្ទុកជាតិគីមី​ ហើយសម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឱ្យមន្ទីរសុខាភិបាល និងមន្ទីរអប់រំ ពង្រីកការផ្សព្វផ្សាយអំពីវិធីចៀសវាង និងការបរិភោគអាហារ ដែលបង្កជំងឺមហារីកដល់សិស្សសាលា។ ដោយឡែក ក្រសួងសុខាភិបាល ក៏ត្រូវតែបន្តខិតខំចាក់ថ្នាំបង្កាផងដែរ។

ចំណែកឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរាយការណ៍ថា ក្នុងមួយឆ្នាំៗ កម្ពុជាមានអ្នកកើតជំងឺមហារីកប្រមាណ២ម៉ឺនករណី ក្នុងនោះស្លាប់ប្រហែល១៤០០០នាក់ក្នុងមួយឆ្នាំៗ។ ចំនួនអ្នកស្លាប់នេះ គឺស្មើនឹងអត្រាខ្ពស់លើស៧០ភាគរយ។ ការណ៍នេះក៏ព្រោះតែអត្រាជាមធ្យមនៅលើពិភពលោក គឺត្រឹម៤៨ភាគរយ។

ឯកឧត្តមបានមានប្រសាសន៍ដូច្នេះថា « អត្រាមរណភាពដោយជំងឺមហារីកនេះ មានន័យថា មានមនុស្សស្លាប់ម្នាក់ដោយសារជំងឺមហារីក ជារៀងរាល់៤០នាទីម្តងនៅកម្ពុជា ឬប្រមាណ៣៨នាក់ក្នុងមួយថ្ងៃ»៕

By Ana