បន្ទាយមានជ័យ៖ ម្ចាស់ដីនៅក្នុងខេត្តបន្ទាយមានជ័យម្នាក់ នាពេលថ្មីៗនេះ បានដាក់សំណើរជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអន្តរាគមន៍​មក​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ធ្វើសកម្មភាព​ទប់​ស្កាត់​​សកម្មភាព​​អនាធិប​តេយ្យ និង​ការ​ធ្វើបាតុកម្មខុស​ច្បាប់​​លើ​ដី​​​​កម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោក ដែលត្រូវគេបំពានចូលកាន់កាប់ដោយខុសច្បាប់។

ក្នុងលិខិតចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោក យឹម សំណាង បានផ្ញើជូន ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាស្ដាអភិវឌ្ឍវិស័យកសិកម្ម និងជនបទ រដ្ឋបាលខេត្តបន្ទាយមានជ័យ សុំធ្វើអន្តរាគមន៍​ដើម្បី​ទប់​ស្កាត់​​សកម្មភាព​​អនាធិប​តេយ្យ និង​ការ​ធ្វើបាតុកម្មខុស​ច្បាប់​​លើ​ដី​​​​កម្មសិទ្ធិរបស់​ខ្លួន ​ស្ថិត​ក្នុង​ភូមិ​សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត (បច្ចុប្បន្ន​​សង្កាត់​អូរជ្រៅ) ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោកបានជម្រាបជូនក្រសួងមហាផ្ទៃ «ខ្ញុំបាទសូមគោរព​អនុញ្ញាត​ជម្រាបជូន សម្តេច​ក្រឡាហោម មេត្តា​ជ្រាប​ដ៏​ខ្ពង់​ខ្ពស់​ថា៖ ក្រសួង​​មហាផ្ទៃ​បាន​ចេញ​លិខិត​លេខ០៧៩ ស.ជ.ណ ចុះថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​សំណើសុំ​របស់​​​ប្រជាពលរដ្ឋ​ចំនួន៤០នាក់​អន្តរាគមន៍​​ពន្លឿន​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​​អចលនវត្ថុ​លើ​​​ដី​ទំហំ​១០៣ហិចតា ស្ថិតក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ក្រោយ​ពី​បាន​ទទួលលិខិត​របស់​ក្រសួង​មហាផ្ទៃលេខ​០៧៩ ស.ជ.ណ ចុះថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ ឈ្មោះ ឈរ ស៊ុនលី បាន​ដឹកនាំប្រជាពលរដ្ឋ​ធ្វើបាតុកម្មខុសច្បាប់​នៅលើ​ដី​របស់​ខ្ញុំបាទ​ និង​នៅ​សាលា​សង្កាត់អូរជ្រៅ ដើម្បី​ដាក់សម្ពាធដណ្តើមកាន់កាប់ដី​ខ្ញុំបាទ​។ 

ជាងនេះ​ទៅទៀត ឈ្មោះ ឈរ ស៊ុនលី និង​បក្ខ​ពួក​​បាន​យកបដារ​ដែល​មាន​ខ្លឹមសារ​អយុត្តិធម៌ណាស់! អាជ្ញាធរ​ត្រូវ​ចេញប្លង់រឹងឲ្យយើង​ខ្ញុំ ព្រោះ យឹម សំណាង និង ​តាន់ អ៊ុក ប្តឹង​យកដី​យើង​ខ្ញុំ ដោយខុស​ច្បាប់​ជាង៤៥គ្រួសារ ទៅគង​នៅ​លើដី​របស់​យើង​ខ្ញុំ» ។ 

លោកបានជម្រាប​បន្តទៀតថា កាលពីឆ្នាំ​១៩៩៨ ខ្ញុំបាទ​បាន​គ្រប់គ្រង កាន់កាប់ដី​ទំហំ៤៤.៦២៩ (បួន​​ម៉ឺន​បួន​ពាន់​​ប្រាំ​មួយ​រយ​​ម្ភៃ​​​ប្រាំ​បួន) ម៉ែត្រក្រឡា ដែលមាន​បណ្ណ​​​សម្គាល់​​សិទ្ធិ​​កាន់​​កាប់​​អចលន​​​វត្ថុ​​លេខ ប.ជ. ០០១៨២០ (CVIII ០៤៧១) ចុះថ្ងៃទី​១៧ ខែ​​​កក្កដា ឆ្នាំ​១៩៩៨ ចេញ​​ដោយ​​​នាយក​ដ្ឋាន​សុរិយោ​ដី។​ ក្នុង​ឆ្នាំ​២០០៤ ត្រូវ​បាន​​​​ជនខិលខូចមានឈ្មោះ ឈរ ស៊ុនលី ​ចូលមក​ដណ្តើម​កាន់​កាប់​ដោយខុស​ច្បាប់។ លុះនៅ​ក្នុង​ឆ្នាំ​២០១៨ ក្រុម​គ្រួសារ​​ឈ្មោះ​ ឈរ ស៊ុនលី និង​ប្រជាពល​រដ្ឋ​ដទៃ​ទៀត ​បាន​បំភាន់​​មន្រ្តី​សាធារណៈ ដើម្បី​ធ្វើ​បណ្ណកម្មសិទ្ធិ​ជាន់​​លើដី​របស់លោក។

​​លោក យឹម សំណាង បានអះអាងថា​ «ខ្ញុំបាទ​បាន​ដាក់ពាក្យបណ្តឹង​ទៅ​តាម​នីតិវិធី​ច្បាប់ និង​បណ្តឹង​រក្សាការពារដូច​មាន​ក្នុង​ដីកា​សម្រេច​​​​រក្សាការពារ​លេខ២២៤ រកព/ឃ ចុះថ្ងៃ​ទី​​២៥ ខែធ្នូ ឆ្នាំ​២០១៨ របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ​ទើបធ្វើឱ្យ​ទីតាំងដី​​ទំនាស់​ខាង​លើ​មិនទាន់​អាច​ចេញ​​ប័ណ្ណ​កម្មសិទ្ធិ​បាន​ឡើយ។ បច្ចុប្បន្ន បញ្ហា​​​ជម្លោះ​​​នេះ​​កំពុង​ស្ថិត​ក្នុង​​ដែន​សមត្ថកិច្ច​​របស់​តុលាការ​ ដើម្បី​ចំណាត់​ការ​​ទៅតាមផ្លូវ​ច្បាប់ ​ទាំង​សំណុំរឿង​រដ្ឋ ប្បវេណី និងសំណុំ​រឿង​ព្រហ្មទណ្ឌចំនួនពីរ ដែល​តុលាការ​​ខេត្ត​បន្ទាយមានជ័យ​​កំពុង​បន្ត​ចាត់​ការ​តាមនីតិវិធី​ច្បាប់»។

ដើម្បីដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ លោកសុខចិត្តបរិចាគការខាតបង់ដីធ្លី និងអត្ថប្រយោជន៍ផ្សេងៗទៀត  ក្នុងគោលបំណងបង្កើតភាពសុខដុមរម្យនា និងបង្កើនសាមគ្គីភាពនៅក្នុងមូលដ្ឋាន ក៏ដូចជាចូលរួមចំណែកដ៏ស្រាយវិវាទដីធ្លីឲ្យស្របតាមគោលនយោបាយដឹកនាំរបស់សម្ដេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបចេះចែករំលែក និងអាណិតអាសូរគ្នាទៅវិញទៅមក ក្នុងនាមជាជនជាតិខ្មែរ ពូជសាសន៍ថ្លៃថ្នូរតែមួយ។

លោក យឹម សំណាង បានបញ្ជាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ថា «ខ្ញុំបាទ​បាន​ព្យាយាមធ្វើការ​ជួបដោះស្រាយ​តាមយុទ្ធសាស្រ្ត​ឈ្នះឈ្នះជាមួយ​បងប្អូន​​ប្រជា​ពលរដ្ឋ​ ដែល​រស់នៅ និង​កាន់កាប់​លើទីតាំង​ដី​របស់​ខ្ញុំបាទ ហើយក៏​មានប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​សះជា ​និង​ដោះស្រាយ​​បញ្ចប់ជាមួយខ្ញុំបាទក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះ លើក លែង​តែ​ឈ្មោះ ឈរ ស៊ុនលី និង​បក្ខ​ពួក បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ឬ​បង្ក​ជា​បាតុភាពអនាធិបតេយ្យ​ផ្សេងៗ​ ដើម្បី​​ដាក់សម្ពោធ​មកលើ​​​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ឱ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ពួកគេ។ ម្យ៉ាង​ទៀត លោក ឈរ ស៊ុនលី និង​ប្រពន្ធ ​តែង​​អូស​ទាញ​​​​ប្រជាពលរដ្ឋ​​ដែល​មានបំណង​ចង់​សះជា​នឹង​ខ្ញុំបាទ​មិនឱ្យធ្វើ​ការ​​​ដោះស្រាយ ឬ​សះជា​នឹង​ខ្ញុំបាទឡើយ ដោយ​គាត់​អះអាង​ប្រាប់ពួកគេ​ថានឹង​យកដី​ស្របច្បាប់របស់​ខ្ញុំបាទ​ឱ្យ​បក្ខពួករបស់​ខ្លួន ដោយ បំផ្លើស​ និង​យកលេស​ថា លិខិត​​លេខ៦២សជណ.ឧស ចុះថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០០៤ ចេញ​ដោយទីស្តីការគណរដ្ឋ​មន្រ្តីបាន លុបចោលប័ណ្ណ​កម្មសិទ្ធិ​របស់​ខ្ញុំបាទ»​។ 

ក្នុងលិខិតរបស់លោកបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះលិខិត​​លេខ ៦២ សជណ.ឧស នេះ​មាន​ខ្លឹមសារ​ផ្តល់​​សិទ្ធិ​កាន់កាប់​ គ្របគ្រង់​ធ្វើកម្មសិទ្ធិ​លើ​ដី​​លំនៅ​ដ្ឋាន​​ជូន​ប្រជាពលរដ្ឋ​ពីក្បាលដី​លោក ថាច់ ថៃ (ថាច់ អៃ) ដល់​ត្រឹមក្បាល​ដី​លោក ម៉ាន់ ណូរី (ម៉ាត់ ណូរី) តែ​ប៉ុណ្ណោះ ឬ​អាច​និយាយ​បាន​ថាមោឃភាព​ប័ណ្ណកម្មសិទ្ធិ​ពី​ដី​​លោក ថាច់ ថៃ (ថាច់ អៃ) ដល់​ត្រឹម​ក្បាល​ដី​លោក ម៉ាន់ ណូរី (ម៉ាត់ ណូរី) តែប៉ុណ្ណោះ។ ចំណែក​ទីតាំង​ក្បាលដី​ចំនួន ៣ ក្បាលដី រួមមាន​ទីតាំង​ដី​របស់​ខ្ញុំបាទ យឹម សំណាង លេខ ប.ជ. ០០១៨២០ (CVIII ០៤៧១) ទីតាំង​ដី​លេខ ប.ជ. ០០១៨០២ (CVIII ០៤៥៣) និង​ទីតាំង​ដី​លេខ CVIII ០៤៦៦ មិនត្រូវបាន​លុបចោលនោះ​ទេ។ ម្យ៉ាង​ទៀត ​ផ្អែកតាមខ្លឹមសារ​លិខិត​​លេខ ១០២៦ ដនស/អសដក ចុះថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ ចេញ​ដោយក្រសួង​រៀបចំ​​ដែនដី​ នគរូបនីយកម្ម និង​សំណង់ បាន​​អនុ​​ញ្ញាត​​ឱ្យ​ខ្ញុំបាទ និង​លោកស្រី តាន់ អ៊ុក ( ភរិយា​សព​លោក ឈឹម ជួន) ​​ធ្វើការ​ចុះ​បញ្ជី​​បំពេញ​បន្ថែម​ បោះបង្គោលព្រំ​លើ​ដី​របស់​យើង​ខ្ញុំរៀង​ៗខ្លួន ដើម្បី​ក្លាយ​ជា​កម្មសិទ្ធិ​ករ​ពេញលេញ។ 

​ក្នុងលិខិតដដែលបានបន្ថែមថា ឈ្មោះ ឈរ ស៊ុនលី បាន​បកស្រាយ​បំផ្លើស​ខ្លឹមសារ​នៃ​លិខិត​លេខ ៦២ សជណ.ឧស និង​​ប្រើគ្រប់មធ្យោយបាយ​ទុច្ចរិត​​ ដើម្បី​យក​ដី​របស់​ខ្ញុំបាទ និង​លោក ឈឹម ជួន ​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់​ តែប៉ុណ្ណោះ។  លើសពីនេះ​​ លោក ឈរ ស៊ុនលី បានបំផុស​ ​កៀងគរ និង​ប្រមូលប្រជាពលរដ្ឋ ដើម្បីប្រយោជន៍ផ្ទាល់​ខ្លួន​ ដើម្បីធ្វើ​លិខិត​ទៅ​អាជ្ញាធរ​ថ្នាក់ជាតិ ដូច​មាន​​ក្នុង​លិខិត​​អន្តរាគមន៍ ​ចុះថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ដាក់​ជូន​ក្រសួង​មហាផ្ទៃ។ ខ្លឹមសារ​នៃ​លិខិត​អន្តរាគមន៍​នេះ លោក ឈរ ស៊ុនលី បាន​បំភ្លៃ​ព័ត៌មាន​ និង​ការភូតភរ​កុហក​​ថ្នាក់ដឹកនាំ​ខុសពី​ការពិត​ និង​បកស្រាយ​​ខុស​ពី​ខ្លឹមសារដើមនៃ​លិខិត​លេខ ៦២ សជណ.ឧស។​ ការ​បំផុស​ ការកៀង​គរ​ប្រជាពលរដ្ឋ​ធ្វើលិខិតអន្តរាគមន៍​មកក្រសួង​មហាផ្ទៃ​ គឺឈ្មោះ ឈរ ស៊ុនលី ធ្វើឡើង​មិនមែន​គ្រាន់តែ​បំពានលើកម្មសិទ្ធិ​​របស់​យើង​ខ្ញុំ តែ​ប្រឆាំង​នឹង​ប្រយោជន៍​សាធារណៈទៀត ព្រោះដើម្បី​បម្រើ​ផល​ប្រយោជន៍ សាធារណៈ និង​ជូនគណបក្ស​ប្រជាជន​កម្ពុជា អាជ្ញាធរ​ថ្នាក់​ក្រុង​ប៉ោយប៉ែត ក៏​ដូចជា​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ បានសម្របសម្រួលជាមួយខ្ញុំបាទ​ ដើម្បី​បើកផ្លូវ​មួយខ្សែ​មាន​​​​ប្រវែង៤៥០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែលជា​ដីកម្មសិទ្ធិ​របស់​ខ្ញុំបាទ។ ​ក្នុង​នាមជា​ម្ចាស់ដី​ស្របច្បាប់ ខ្ញុំបាទបាន​សម្ប​ទានដី​ទំហំទទឹង១០ម៉ែត្រ ​បណ្តោយ១១០ម៉ែត្រ​ (​នៃ​ដី​ទំហំ១.៨ ហិចតា​ ដែល​ឈ្មោះ ឈរ ស៊ុនលី ចូលមកដណ្តើមកាន់កាប់លើដី​ខ្ញុំបាទ) ដើម្បី​បើកផ្លូវ​ជា​ប្រយោជន៍ សាធារណៈ និង​ដើម្បី​ប្រយោជន៍គណបក្ស​ប្រជាជនកម្ពុជា​។

ប្រជាពលរដ្ឋមួយចំនួនយល់ដឹងអំពីច្បាប់ និងម្ចាស់កម្មសិទ្ធិលើដី បានព្រមព្រៀងសះជា ហើយម្ចាស់ដីនាពេលកន្លងមកក៏ទទួលបានដីកាកែសម្រួលរក្សាការពារពីតុលាការ និងបន្តនីតិវិធីការពារសិទ្ធិរបស់ខ្លួនជាម្ចាស់ដីរហូតទទួលបានប័ណ្ណជាម្ចាស់កាន់កាប់ដីថែមទៀតផង៕

 

 

By Ana

You missed