ក្រុងប៉ារីស៖ ប៉ូលិសកុបកម្មបារាំងបានប្រើដំបង ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករឲ្យចេញពីទីលានកណ្តាលក្រុងប៉ារីស ដែលមនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នាតវ៉ានឹងកំណែទម្រង់ប្រាក់សោធននិវត្តរបស់ប្រធានាធិបតីបារាំង។
ជួរប៉ូលីស ដោយមានខែលការពារកុបកម្ម និងដំបង បានដើរឆ្ពោះទៅកាន់វិមានកុងគក់ ខណៈអ្នកផ្សេងទៀតបានបាញ់ទឹកបំបែកបាតុករ ដែលដុតភ្លើងបំភ្លឺនៅកណ្តាលទីលានប្រវត្តិសាស្ត្ររបស់បារាំង។
ទីភ្នាក់ងារព័ត៌មានបារាំងបានរាយការណ៍ថា ប៉ូលិសបានប្រើដំបង និងប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរុញក្រុមបាតុករឲ្យចេញទីលាន និងនៅឲ្យឆ្ងាយពីស្ពាន នៅក្បែរវិមានព្រឹទ្ធសភា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក ហ្សេរ៉ាល ដាម៉ាណំាង (Gerald Darmanin) បានបញ្ជាឲ្យប៉ូលិសចាត់ វិធានការការពារដល់សមាជិកសភា នៅក្នុងអគារទល់មុខនឹងការតវ៉ា ជាពិសេសត្រូវប្រុងប្រយ័ត្ននៅពេលប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ចេញពីព្រឹទ្ធសភា បន្ទាប់ពីស្នើសុំអនុម័តច្បាប់ស្តីកំណែទម្រង់សោធននិវត្តន៍ ដោយបង្កើនអាយុចូលនិវត្តន៍ពី៦២ឆ្នាំ ទៅ៦៤ឆ្នាំ។
ទីភ្នាក់ងារព័ត៌មានបារាំង បានផ្សាយថា ប៉ូលីសបានរាយការណ៍ពីការចាប់ខ្លួនមនុស្សប្រាំបីនាក់ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់ប្រភពប៉ូលីសដោយនិយាយថា មនុស្ស២១៧នាក់ ត្រូវបានចាប់ខ្លួនពីបទបង្កភាពចលាចល ស្របពេលបាតុករប្រហែល៦ ០០០នាក់ បានដុតក្តារបន្ទះ និងគប់វត្ថុរឹងដាក់ប៉ូលីស។
បាតុកម្មប្រឆាំងនឹងការបង្កើនអាយុចូលនិវត្តនេះ ក៏បានផ្ទុះឡើងព្រមគ្នាផងដែរ នៅតាមបណ្តាទីក្រុងផ្សេងៗទៀតរបស់បារាំង ដោយធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើរ។
មេដឹកនាំបារាំងចង់បង្កើនអាយុចូលនិវត្តន៍ ដើម្បីឲ្យកម្មករបន្តដាក់ប្រាក់ចំណូលរបស់ពួកគេចូលទៅក្នុងប្រព័ន្ធ មួយ ដែលរដ្ឋាភិបាលនិយាយថា កំពុងជួបប្រទះបញ្ហាឱនភាពហិរញ្ញវត្ថុ ដូច្នេះបានបង្កឲ្យមានកូដកម្ម និងបាតុកម្មតវ៉ា ផ្ទុះឡើងនៅទូទាំងប្រទេស ចាប់តាំងពីខែមករា ឆ្នាំ២០២៣នេះ។
ឥឡូវនេះ ក្រុមសហជីពបារាំងគ្រោងធ្វើកូដកម្មមួយថ្ងៃទៀត ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តសម្រាប់បុគ្គលិក កម្មករបារាំង។
មន្ត្រីសហជីពបាននិយាយប្រកាសក្នុងសន្និសីទសារព័ត៌មានថា «មេដឹកនាំសហជីពបន្តទាមទារឲ្យលុបផែនការធ្វើកំណែទម្រង់ និងអំពាវនាវឲ្យធ្វើកូដកម្ម និងបាតុកម្មមួយផ្សេងទៀត នៅថ្ងៃទី២៣ ខែមីនា។
សម័យប្រជុំរបសើរដ្ឋសភាត្រូវបានផ្អាករយៈពេលពីរនាទី បន្ទាប់ពីសមាជិកសភាឆ្វេងនិយមច្រៀងភ្លេងជាតិបារាំង ដើម្បីរំខានដល់លោកស្រីនាយករដ្ឋមន្ត្រីបារាំងកុំឲ្យនិយាយប្រាប់សមាជិកព្រឹទ្ធសភា។
ទោះបីមានបាតុកម្មតវ៉ាយ៉ាងណាក៏ដោយ ព្រឹទ្ធសភាបារាំងបានអនុម័តលើសេចក្តីព្រាងច្បាប់នេះ នៅក្នុងការបោះឆ្នោតគាំទ្រ១៩៣សំឡេង ខណៈក្រុមប្រឆាំងមាន១១៤សំឡេង៕