ញូវយ៉ក៖ របាយការណ៍ស្តីពីការស៊ើបអង្កេត ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានបង្ហាញថា ប្រទេសរុស្ស៊ី ពិតជាបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការនិរទេសកុមារ ដោយបង្ខំចេញពីតំបន់ដែលខ្លួនគ្រប់គ្រង។

ក្នុងរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយគណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យ ស្តីពីអ៊ុយក្រែន បានរៀបរាប់លម្អិតសម្រាប់មូលដ្ឋានចោទប្រកាន់នេះ រាប់ទាំងសកម្មភាពមួយចំនួនមានធាតុផ្សំស្មើនឹងបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ក្នុងចំណោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដ៏មានតម្រុយជាច្រើន ដែលក្រុមអ្នកស៊ើបអង្កេតបានរកឃើញពាក់ព័ន្ធនឹងការវាយប្រហារម្តងហើយម្តងទៀត លើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ ដែលបានធ្វើឲ្យមនុស្សរាប់សែននាក់រស់គ្មានកម្តៅក្នុងផ្ទះ និងគ្មានភ្លើងអគ្គិសនី ក្នុងរដូវរងារ ក៏ដូចជាការប្រើទារុណកម្មជាប្រព័ន្ធ និងជាចំហ នៅទូទាំងតំបន់ជាច្រើន ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៊ី។

លោក អេរ៉ិច មូសេ (Erik Møse) អតីតចៅក្រមតុលាការកំពូលប្រទេសន័រវេស និងជាអតីតចៅក្រមតុលាការសិទ្ធិមនុស្សអឺរ៉ុប ដែលដឹកនាំការស៊ើបអង្កេតនេះ បាននិយាយថា «មានធាតុផ្សំនៃផែនការ និងលទ្ធភាពនៃប្រភពធនធាន ដែលបង្ហាញថា អាជ្ញាធររុស្ស៊ីប្រហែលបានធ្វើទារុណកម្ម ជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ»។

ការស៊ើបអង្កេតក៏បានរកឃើញឧក្រិដ្ឋកម្មប្រឆាំងជនជាតិអ៊ុយក្រែន រស់នៅលើទឹកដីរុស្ស៊ី រួមទាំងកុមារអ៊ុយក្រែន ដែលត្រូវគេនិរទេសខ្លួនដោយបង្ខំ ហើយត្រូវគេរារាំងមិនឲ្យជួបជុំក្រុមគ្រួសារ ដោយសារការសម្រិតសម្រាំងក្នុងគោលបំណងដាក់ជនជាតិអ៊ុយក្រែន ឲ្យនៅក្នុងឃុំតែម្នាក់ឯង ព្រមទាំងរងការធ្វើទារុណកម្ម និងការឃុំឃាំងយ៉ាងឃោរឃៅ។

រដ្ឋាភិបាលរុស្ស៊ី​ បដិសេធ​ចំពោះការចោទប្រកាន់ពីបទ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ឬ​វាយ​ប្រហារ​លើជន​ស៊ីវិល​ រស់នៅក្នុងប្រទេស​អ៊ុយក្រែន។

នៅក្នុងសន្និសីទព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា សាខារ៉ូវ៉ា (Maria Zakharova) បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលទីក្រុងមូស្គូតែងតែឮការចោទប្រកាន់បែបនេះ។

លោកស្រីបានបន្ថែមថា ប្រសិនបើអ្នកនៅពីក្រោយរបាយការណ៍បែបនេះ ធ្វើឡើងក្នុងបំណងអ្វីមួយ «នោះយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីវិភាគអង្គសេចក្តី ឆ្លើយសំណួរ ផ្តល់ទិន្នន័យ ធ្វើស្ថិតិ និងវិភាគអង្គហេតុ។  ប៉ុន្តែ​ប្រសិនបើ​ពួកគេ​លម្អៀង ប្រសិនបើ​ពួកគេ​តំណាង​ឲ្យ​តែ​ទស្សនៈ​មួយ​ប៉ុណ្ណោះ … នោះ​គ្មាន​ប្រយោជន៍​អ្វី​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​របាយការណ៍​ទាំងនេះ​ទេ​»​។

របាយការណ៍១៨ទំព័រ គឺផ្អែកលើការសម្ភាសន៍ជាង៥០០ដង រួមផ្សំនឹងរូបភាព ផ្កាយរណប និងការអង្កេតនៅតាមកន្លែងឃុំឃាំង និងពិនិត្យផ្នូរកប់ខ្មោច។  ការចេញផ្សាយរបាយការណ៍នេះ គឺធ្វើឡើងព្រមគ្នាជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅទីក្រុងឡាអេ ដែលគេរំពឹងថា ចេញដីកាឲ្យចាប់ខ្លួនមន្ត្រីរុស្ស៊ី ពីបទនិរទេសកុមារចេញពីប្រទេសអ៊ុយក្រែន និងពីបទវាយប្រហារហេដ្ឋាលើរចនាសម្ព័ន្ធសម្រាប់ជនស៊ីវិល។

លោក អេរ៉ិច មូសេ បាន​និយាយបន្ថែមទៀត​ថា​ «​ជម្លោះ​ប្រដាប់​អាវុធ​ដែល​កំពុង​កើងឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​បាន​បង្កការបំផ្លិចបំផ្លាញ​នៅគ្រប់​កម្រិត​។  ការបាត់បង់មនុស្ស និងការមិនយកចិត្តទុកដាក់ខ្ពស់ចំពោះជីវិតរបស់ជនស៊ីវិល … គឺជាករណីគួរឲ្យតក់ស្លុតខ្លាំងណាស់»។

របាយការណ៍ដដែលនេះ បានរៀបរាប់ថា ចាប់តាំងពីខែតុលា ឆ្នាំ២០២២ យ៉ាងហោចណាស់មានការវាយប្រហាររបស់រុស្ស៊ីចំនួន១៣លើកបន្តបន្ទាប់គ្នា មកលើហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងថាមពលរបស់ប្រទេសអ៊ុយក្រែន ក៏ដូចជាការធ្វើទារុណកម្ម «អាចមានធាតុផ្សំស្មើនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។

របាយការណ៍នេះ បាន​លើក​ឡើង​ពី​តួលេខ​របស់​រដ្ឋាភិបាល​អ៊ុយក្រែន ​ក្នុង​ការ​រក​ឃើញ​ថា ​កុមារ​ប្រហែល១៦.០០០នាក់ ​ត្រូវ​គេចល័ត និង​និរទេសខ្លួន ​ចេញពី​អ៊ុយក្រែន ដោយ​ខុសច្បាប់។  ប៉ុន្តែរុស្ស៊ី បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ខ្លួនបានជម្លៀសប្រជាជនចេញពីអ៊ុយក្រែន ដោយស្ម័គ្រចិត្ត។

របាយការណ៍បានរកឃើញថែមទៀតថា កុមារផ្សេងទៀតត្រូវគេបង្ខំឲ្យមើលគេរំលោភផ្លូវភេទលើមនុស្សជាទីស្រលាញ់របស់ខ្លួន ឬក្នុងករណីមួយចំនួន ត្រូវបានឃុំខ្លួនឲ្យនៅជាមួយសាកសព ក្នុងបន្ទប់ក្រោមដីរបស់សាលារៀន។

របាយការណ៍បាននិយាយបន្តថា ជនរងគ្រោះនៅក្នុងមន្ទីរឃុំឃាំងរបស់រុស្ស៊ី ត្រូវគេឆក់ខ្សែភ្លើង ដែលដឹងជាទូទៅថា ជាការហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ឬចង់ជើងព្យួរទៅលើ។

នៅពេលសួរថា តើទង្វើរបស់រុស្ស៊ី អាចឈានដល់បទឧក្រិដ្ឋប្រល័យពូជសាសន៍ ដូចអ៊ុយក្រែន អះអាងឬទេ? លោក អេរ៉ិច  មូសេ បាននិយាយថា គណៈកម្មការរបស់លោកមិនទាន់រកឃើញភស្តុតាងបែបនេះទេ ប៉ុន្តែនឹងបន្តតាមដានថែមទៀត។

រដ្ឋាភិបាលអ៊ុយក្រែន តែងតែអំពាវនាវឲ្យបង្កើតតុលាការពិសេសមួយ ដើម្បីកាត់ទោសមេដឹកនាំនយោបាយ និងមេទ័ពរបស់រុស្ស៊ី ចំពោះឧក្រិដ្ឋកម្មឈ្លានពាន បាននិយាយថា គណៈកម្មាការស៊ើបអង្កេតមានសារៈសំខាន់ណាស់ ដើម្បីបង្ខឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។

គណៈកម្មការស៊ើបអង្កេតនេះ បានរកឃើញហេតុផលសមហេតុផលគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថា ការឈ្លានពានអ៊ុយក្រែន មានធាតុវគ្រប់គ្រាន់ជាសកម្មភាពវាតទីនិយម។

របាយការណ៍ក៏បានរកឃើញថា ទាហានអ៊ុយក្រែន បានប្រព្រឹត្តអំពើឃោរឃៅចំនួនតូច រួមទាំងការវាយប្រហារមិនរើសមុខ និងការធ្វើទារុណកម្មអ្នកទោសសង្គ្រាម។ ប៉ុន្តែមិនមានការបកស្រាយភ្លាមៗ ពីរដ្ឋាភិបាលអ៊ុយក្រែនទេ។

លទ្ធផលរកឃើញនៅក្នុងរបាយការណ៍​របស់​គណៈកម្មការស៊ើបអង្កេតនេះ ​នឹង​ត្រូវ​បង្ហាញ​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ក្នុង​ទីក្រុង​ហ្សឺណែវ​ នៅ​ថ្ងៃ​ចន្ទសប្តាហ៍ក្រោយនេះ៕

By Ana

You missed