ប៉េកាំង៖ ប្រទេសចិននឹងបង្កើនការចំណាយផ្នែកយោធាច្រើនជាងប្រាំពីរភាគរយនៅឆ្នាំនេះ ស្របពេលមានការគំរាមកំហែងកាន់តែខ្លាំងដល់សន្តិសុខជាតិរបស់ចិន ជាពិសេសជុំវិញបញ្ហានៅកោះតៃវ៉ាន់។
ការបង្កើនថវិកាផ្នែកការពារជាតិនេះ ត្រូវបានប្រកាសដោយសភាប្រជាជនចិន ដែលនឹងអនុម័តគាំទ្រអាណត្តិទី៣ សម្រាប់តំណែងប្រធានាធិបតីចិនរបស់លោក ស៊ី ជីនភីង (Xi Jinping)។
ថវិកាយោធារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង មានទំហំប្រហែល២២៥ពាន់លានដុល្លារ ប៉ុន្តែនៅទាបជាងទ្ទង់ចំណាយសម្រាប់យោធាសហរដ្ឋអាមេរិក ដែលច្រើនជាងថវិកាយោធាចិន រហូតដល់បួនដង។
ចំណែកអ្នកវិភាគជឿថា ចិនបានទម្លាក់ទំហំការចំណាយលើវិស័យការពារជាតិ គឺជាការលេងសើចដើម្បីបំភាន់ពិភពលោក។
លោក លី ខឺឈៀង (Li Keqiang) នាយករដ្ឋមន្ត្រីជិតផុតអាណត្តិ បានប្រាប់អង្គសភាថា «ការប៉ុនប៉ងពីខាងក្រៅដដើម្បកៀបសង្កត់ និងទប់ស្កាត់ការរីកចម្រើនរបស់ចិន កំពុងតែកើនឡើង»។
លោកបានមានប្រសាសន៍ថា «កងកម្លាំងប្រដាប់អាវុធត្រូវតែបង្កើនការហ្វឹកហាត់ផ្នែកយោធា និងត្រៀមខ្លួនជាស្រេច នៅគ្រប់ឋានុក្រម»។
សភាក៏នឹងប្រកាសផងដែរ នៅក្នុងកិច្ចប្រជុំថាប្រទេសចិននឹងបន្តកាត់បន្ថយគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣នេះ នៅត្រឹមប្រហែលប្រាំភាគរយប៉ុណ្ណោះ។
សម័យប្រជុំទាំងពីរ គឺជាកិច្ចប្រជុំប្រចាំឆ្នាំ ប៉ុន្តែសម័យប្រជុំនៅឆ្នាំនេះ មានសារៈសំខាន់ពិសេស ជាងគេ ដោយសារគណៈប្រតិភូចូលរួមប្រជុំ នឹងរៀបចំឡើងវិញនូវរចនាសម្ព័ន្ធគន្លឹះក្នុងជួរបក្សកុម្មុយនិស្ត និងនៅតាមស្ថាប័នសំខាន់ៗមួយចំនួន ក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាល។
កិច្ចប្រជុំរបស់សភាប្រជាជនចិន នៅសប្តាហ៍នេះ ក៏នឹងបោះឆ្នោតគាំទ្រជាផ្លូវការនូវការដឹកនាំប្រទេសរបស់លោក ស៊ី ជីនភីង និងបន្តជ្រើសរើសលោកជាប្រធានាធិបតីចិន និងជាអគ្គមេបញ្ជានៃកងទ័ពរំដោះប្រជាជនចិន។។
លោក ស៊ី ជីនភីង បានបន្តកាន់អំណាចប្រទេសចិន កាលខែតុលា ឆ្នាំ២០២២ នៅពេលបក្សកុម្មុយនិស្ត បោះឆ្នោតជ្រើសរើសលោកជាមេដឹកនាំចិន នៅអាណត្តិទី៣ថែមទៀត។
ការកើនឡើងនៃចំណាយលើវិស័យយោធាចិន បានកើតឡើងនៅពេលលោក ស៊ី ជីនភីង កំពុងស្វែងរកដំណោះស្រាយផ្នែកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលកាន់តែអាក្រក់ឡើងៗ ជុំវិញបញ្ហាសង្គ្រាមអ៊ុយក្រែន និងរឿងបាឡុងចារកម្មចិន នាពេលថ្មីៗនេះ រួមទាំងទទួលរងការរិះគន់ចំពោះទំនាក់ទំនងល្អរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។
មន្ត្រីសហរដ្ឋអាមេរិក ក៏បានព្រមានម្តងហើយម្តងទៀតថា ចិនអាចនឹងឈ្លានពានកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ប្រទេសចិនចិនបង្ហាញកម្លាំងយោធយោធផ្នែកដែនអាកាស និងដែនសមុទ្រ ដោយដាក់ពង្រាយនៅជុំវិញកោះតៃវ៉ាន់ រួមទាំងការធ្វើសមយុទ្អបាញ់មីស៊ីលផ្លោងផងដែរ។
សភាប្រជាជនចិន ក៏នឹងបោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រីថ្មី គឺលោក លី ឈៀង (Li Qiang) ដើម្បីមើលការខុសត្រូវផ្នែកសេដ្ឋកិច្ច និងផ្នែករដ្ឋបាលរបស់រដ្ឋាភិបាលចិន៕