ដាកា៖ មន្ត្រីពន្លត់អគ្គីភ័យ និងមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា អគ្គិភ័យដ៏ធំមួយ បានឆាបឆេះជំរុំជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ា នៅភាគខាងត្បូងប្រទេសបង់ក្លាដែស ដោយបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ គ្មានទីជម្រក។

អគ្គីភ័យបានលេបត្របាក់ជំរុំទី១១ ដែលជាជម្រកសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាងមួយលាននាក់កំពុងរស់នៅ ដោយពូកគេភាគច្រើន បានភៀសខ្លួនចេញពីការបង្ក្រាបដោយយោធានៅក្នុងប្រទេសភូមា ក្នុងឆ្នាំ២០១៧។

ជំរុំត្រូវភ្លើងឆេះនេះ គឺស្ថិតក្នុងចំណោមជំរុំទាំងអស់ចំនួន៣២ទីតាំង ដែលមានជនភៀសខ្លួន រ៉ូហីងយ៉ា កំពុងរស់នៅជាង១,២លាននាក់។

ជំរុំជនភៀសខ្លួនទាំងនេះ សាងសង់ឡើងពីឫស្សី ប្រក់ស្លឹក ឬតង់កៅស៊ូ ដែលជាហេតុបង្កការឆាបឆេះយ៉ាងងាយ។ ម្យ៉ាងវិញទៀត ការចម្អិនម្ហូបរបស់ជនជាតិ រ៉ូហីងយ៉ា គឺភាគច្រើនប្រើអូស ដូច្នេះក៏ជាកត្តាងាយបង្កអគ្គិភ័យផងដែរ។

មេប៉ូលីសនៅក្នុងតំបន់នេះ បាននិយាថា ភ្លាមៗនេះ គេមិនទាន់អាចប៉ាន់ប្រមាណអំពីតម្លៃនៃការខូចខាតបានទេ ប៉ុន្តែមិនមានមនុស្សណាម្នាក់ស្លាប់ឡើយ។

លោកបាននិយាយបន្ថែមថា អគ្គិភ័យកំពុងតែរលត់ទៅវិញ ហើយមន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងអគ្គិភ័យ និងមន្ត្រីផ្នែកសង្គ្រោះជនភៀសខ្លួន ក៏មានវត្តមាននៅកន្លែងកើតហេតុនោះដែរ។

ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ក្នុងប្រទេសបង់ក្លាដែស បាននិយាយថា ក្រុមអ្នកស្ម័គ្រចិត្តមកពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងចូលរួមពន្លត់ភ្លើងជាមួយទីភ្នាក់ងារសង្គ្រោះបន្ទាន់ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។

សេចក្តីថ្លែងការណ៍ បាននិយាយថា ទីជម្រក និងសម្ភារៈជាច្រើន ត្រូវភ្លើងឆេះបំផ្លាញស្ទើរគ្មានសល់។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាងមួយលាននាក់ បានរត់ចូលជ្រកកោនលើទឹកដីប្រទេសបង់ក្លាដែស បន្ទាប់ពីពួកយោធា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមកនេះ បានធ្វើបាបពួកគេខ្លាំងពេក។ ចំណែកមនុស្សប្រហែលជាងប្រាំពីរសែននាក់ បានឆ្លងកាត់ព្រំដែន ចាប់ពីខែសីហា ឆ្នាំ២០១៧ នៅពេលយោធាភូមា បើកការបង្ក្រាបយ៉ាងឃោរឃៅ។

ស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសភូមា កាន់តែអាក្រក់ទៅៗ ចាប់តាំងពីរដ្ឋប្រហារយោធា នៅឆ្នាំ២០២១ ដែលធ្វើឲ្យរាំងស្ទះដល់ការព្យាយាមបញ្ជូនជនភៀសខ្លួន រ៉ូហីងយ៉ា ឲ្យចូលទៅរស់នៅក្នុងប្រទេសភូមាវិញ។

កាលពីឆ្នាំ២០២២ សហរដ្ឋអាមេរិក បាននិយាយថា ការគៀបសង្កត់លើជនជាតិរ៉ូហ៊ីងយ៉ា គោរពសាសនាឥស្លាម ក្នុងប្រទេសភូមា គឺជាអំពើប្រល័យពូជសាសន៍ បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិក បានបញ្ជាក់ពីការទទួលខុសត្រូចំពោះអំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិល ពីសំណាក់ពួកយោធា នៅក្នុងយុទ្ធនាការប្រឆាំងជនជាតិភាគតិច។

ជនមូស្លីមរ៉ូហ៊ីងយ៉ា កំពុងតែប្រឈមមុខនឹងការរើសអើង និងប្រកាន់ពូជសាសន៍យ៉ាងខ្លាំង នៅក្នុងប្រទេសភូមា ដោយពួកគេភាគច្រើនមិនអាចទទួលបានសញ្ជាតិ និងគ្មានសិទ្ធិរស់នៅស្មើភាពនឹងជនជាតិភូមា ដែលភាគច្រើនគោរពពុទ្ធសាសនា៕

 

By Ana

You missed