វ៉ាស៊ីនតោន៖ ការសិក្សាថ្មីមួយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានរកឃើញថា ប្រទេសរុស្ស៊ី បានឃុំឃាំងកុមារអ៊ុយក្រែន យ៉ាងហោចណាស់៦ ០០០នាក់ ហើយភាគច្រើនបង្ខាំងពួកគេឲ្យនៅតែក្នុងជំរុំ ស្ថិតក្នុងតំបន់គ្រីមេ ដែលទង្វើនេះអាចជាឧក្រិដ្ឋកម្មសង្គ្រាម ។

អ្នកស្រាវជ្រាវមកពីមន្ទីរពិសោធន៍ផ្នែកមនុស្សធម៌ របស់សាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ យ៉េល បាននិយាយថា ពួកគេបានរកឃើញទីតាំងឃុំឃាំងក្មេងយ៉ាងហោចណាស់៤២ជំរុំ និងកន្លែងផ្សេងទៀត ដែលកុមារអ៊ុយក្រែន មានអាយុបួន ខែ ត្រូវទាហានរុស្ស៊ីចាប់ទុក គោលបំណងអប់រំពួកគេ សម្រាប់បម្រើផលប្រយោជន៍នយោបាយនៅពេលអនាគត។

របាយការណ៍អំពីលទ្ធផលនៃការស្រាវជ្រាវនេះ បាននិយាយថា «ជំរុំជាច្រើន ដែលគ្រប់គ្រងដោយសហព័ន្ធរុស្ស៊ី ត្រូវបានគេរកឃើញថា ជាកម្មវិធីធ្វើសមាហរណកម្មកុមារ ក្នុងគោលដៅដើម្បីបញ្ចូលមនោគមវិជ្ជាដល់កុមារអ៊ុយក្រែន ឲ្យស្រឡាញ់ចក្ខុវិស័យរបស់រដ្ឋាភិបាលរុស្ស៊ី អំពីវប្បធម៌ជាតិ ប្រវត្តិសាស្ត្រ និងសង្គមរុស្ស៊ី»។

លោក ណាថានីញ៉ែល រ៉ាយម៉ុន (Nathaniel Raymond) អ្នកស្រាវជ្រាវនៅសាកលវិទ្យាលល័យ យ៉េល របស់សហរដ្ឋអាមរិក បាននិយាយថា គោលនយោបាយនេះ បានបង្ហាញឲ្យរដ្ឋាភិបាលរុស្ស៊ី កំពុងរំលោភអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពីការការពារជនស៊ីវិល ក្នុងអំឡុងពេលសង្រ្គាម។

លោកបានប្រាប់អ្នកយកព័ត៌មានថា សកម្មភាពរបស់រុស្ស៊ី ចាប់តាំងពីការលុកលុយអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២2022 គឺបង្កឲ្យមានអំពើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

 របាយការណ៍ដដែល បាននិយាយទៀតថា មុនពេលផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កុមារទាំងនោះ រួមមានអ្នកនៅមានឪពុកម្តាយ ឬអាណាព្យាបាលគ្រួ ប៉ុន្តែត្រូវរុស្ស៊ីចាត់ទុកថា ជាក្មេងកំព្រា ចំណែកអ្នកផ្សេងទៀត ដែលរស់នៅក្នុងមណ្ឌលថែទាំកុមារអ៊ុយក្រែន ក៏ត្រូវទាហានរុស្ស៊ីចាប់ពង្រត់យកទៅទុកក្នុងមណ្ឌលឃុំឃាំងដែរ។

 

របាយការណ៍បាននិយាយថា កុមារមួយចំនួនត្រូវបានគ្រួសាររុស្ស៊ី យកទៅចិញ្ចឹម ឬផ្លាស់ប្តូរទៅនៅកន្លែងចិញ្ចឹមកុមារផ្សេងៗទៀត ស្ថិតនៅក្នុងប្រទេសរុស្ស៊ី។

ស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រតិកម្មចំពោះរបាយការណ៍នេះ ដោយបាននិយាយថា រុស្ស៊ីទទួលយកតែកុមារណា ដែលបានភៀសខ្លួនចេញពីសង្គ្រាមអ៊ុយក្រែន។

ស្ថានទូត បាននិយាយថា «យើងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីថែរក្សាមនុស្សមិនទាន់គ្រប់អាយុ ក្នុងករណីគ្មានអ្នកថែទាំ ដូចជាឪពុកម្តាយ ឬសាច់ញាតិ ស្លាប់នៅក្នុងសង្គ្រាម»។

រដ្ឋាភិបាលអ៊ុយក្រែន នាពេលថ្មីៗកន្លងមកនេះ បាននិយាយថា កុមារអ៊ុយក្រែនជាង១៤ ៧០០នាក់ ត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដោយកុមារជាង១ ០០០នាក់ ត្រូវគេចាប់ពង្រត់ពីទីក្រុង ម៉ារីយូប៉ូល (Mariupol) ដែលត្រូវទាហានរុស្ស៊ី ឡោមព័ទ្ធជាប់អស់រយៈពេលជាច្រើនសប្តាហ៍។

ចំណែករដ្ឋអាជ្ញាអ៊ុយក្រែន បាននិយាយថា ពួកគេកំពុងពិនិត្យមើលភស្តុតាងសម្រាប់ចោទប្រកាន់ពីបទនិរទេសកុមារដោយបង្ខំ ដើម្បីកសាងសណុំរឿងសម្រាប់ចោទប្រកាន់រុស្ស៊ី ពីបទប្រល័យពូជសាសន៍។

របាយការណ៍ បាននិយាយថា ប្រព័ន្ធគ្រប់គ្រងជំរុំ និងនីតិវិធីស្មុំកូន ដែលជាកុមារអ៊ុយក្រែនតូចៗ ដោយគ្រួសារជនជាតិរុស្ស៊ី ហាក់ដូចជាត្រូវបានអនុញ្ញាត និងសម្របសម្រួលនៅកម្រិតខ្ពស់បំផុតនៃរដ្ឋាភិបាលរបស់រុស្ស៊ី ដូចជាប្រធានាធិបតី លោក វ៉ា្លឌីមៀ ពូទីន (Vladimir Putin) និងរួមទាំងលោកស្រី ម៉ារីយ៉ា ល្វូវ៉ាបេឡូវ៉ា (Maria Lvova-Belova) ដែលជាប្រធានស្នងការសម្រាប់សិទ្ធិកុមារ។

របាយការណ៍ បាននិយាយបន្តទៀតថា ក្មេងតូចៗក៏ទទួលបានការហ្វឹកហ្វឺនផ្នែកប្រើប្រាស់អាវុធថែមទៀតផង ប៉ុន្តែមិនទាន់ច្បាស់ថា ពេលពួកគេធំឡើងនឹងត្រូវបញ្ជូនឲ្យច្បាំងតតាំងនឹងជនជាតិខ្លួនឯង ឬយ៉ាងណាទេ៕

By Ana

You missed