ក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សើឡឹនស្គី (Volodymyr Zelensky) បានច្រានចោលសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Puitin) សម្រាប់បទឈប់បាញ់ ក្នុងពិធីបុណ្យណូអែលគ្រិស្តអូស្សូដក់ ដោយនិយាយថា គឺជាល្បិចមួយដើម្បីទប់ទល់ការរុលទៅមុខរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ដូនបាស និងទុកពេលទីក្រុងមូស្គូដាក់ពង្រាយកងទ័ពបន្ថែមទៀត។

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃម្សិលមិញថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យមានបទឈប់បាញ់រយៈពេល៣៦ម៉ោង ចាប់ផ្តើមពីពាក់កណ្តាលថ្ងៃសុក្រ រហូតដល់ចុងថ្ងៃសៅរ៍ បន្ទាប់ពីមានការអំពាវនាវប្រធានវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី ឲ្យមានបទឈប់បាញ់ នៅថ្ងៃប្រារព្ធពីធីបុណ្យណូអែល។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីលោក ពូទីនថា «ដោយអនុវត្តតាមការអំពាវនាវរបស់អយ្យកោដ៏បរិសុទ្ធ ខ្ញុំសុំណែនាំឲ្យរដ្ឋមន្ត្រីការពារជាតិនៃសហព័ន្ធរុស្ស៊ី ដាក់បទបញ្ជានេះ»។

ប៉ុន្តែសេចក្តីថ្លែងការណ៍ដដែលនេះ មិនបានបញ្ជាក់ថា រុស្ស៊ីនឹងវាយបកវិញដែរឬទេ ប្រសិនបើអ៊ុយក្រែននៅតែបន្តប្រយុទ្ធ។

ដោយនិយាយចំៗជាភាសារុស្សី និងថ្លែងតបទៅវិមានក្រឹមឡាំង និងប្រជាជនរុស្ស៊ីទាំងមូល កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក វ៉ូឡូឌីមៀ ហ្សើឡឹនស្គី បាននិយាយថា ទីក្រុងម៉ូស្គូបានព្រងើយកន្តើយចំពោះផែនការចរចារកសន្តិភាពម្តងហើយម្តងទៀត។

លោកបាននិយាយទៀតថា «ឥឡូវនេះរុស្ស៊ីចង់ប្រើបុណ្យណូអែលជាលេស ដើម្បីបញ្ឈប់ការរុលទៅមុខរបស់កងទ័ពអ៊ុយក្រែន នៅតំបន់ដូនបាស និងទុកពេលឲ្យរុស្ស៊ី បញ្ជូនឧបករណ៍ គ្រាប់រំសេវ និងកងទ័ពមកជិតទីតាំងឈរជើងរបស់យើង»។

វិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី គ្រោងប្រារព្ធពិធីបុណ្យណូអែល នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ ចំណែកវិហារគ្រិស្តអូស្សូ របស់អ៊ុយក្រែន ចាប់ផ្តើមផ្លាស់ប្តូរពិធីប្រារព្ធបុណ្យណូអែល នៅថ្ងៃទី២៥ ខែធ្នូ ដូចបណ្តាគ្រិសសាសនិកនៅបច្ចឹមប្រទេសដែរ។

ថ្លែងសុន្ទរកថាសំដៅទៅកាន់ប្រជាជនរុស្ស៊ី លោក វ៉ូឡូឌីមៀ ហ្សើឡឹនស្គី បាននិយាយថា ការបញ្ចប់សង្រ្គាមមានន័យថា គឺជាការបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។ ផ្ទុយទៅវិញ សង្គ្រាមនៅតែបន្តជារៀងរាល់ថ្ងៃ ហើយទាហានរបស់រុស្ស៊ី នៅតែឈរជើងលើតឹកដីអ៊ុយក្រែន។ សង្រ្គាមនឹងបញ្ចប់នៅពេលទាហានរុស្ស៊ីទាំងអស់ដកចេញទឹកដីអ៊ុយក្រែន ឬត្រូវទាហានអ៊ុយក្រែនបណ្តេញចេញទៅវិញ។

មេដឹកនាំ​អ៊ុយក្រែន​រូបនេះ ក៏បាន​សុំឲ្យប្រជាជន​រុស្ស៊ីទាំងអស់​ ងាកទៅប្រឆាំង​លោក​ វ៉្លាឌីមៀ ពូទីន ដើម្បី​បង្ហាញ​ថា ​សង្រ្គាម​នៅអ៊ុយក្រែនធ្វើឲ្យទាហានរុស្ស៊ីស្លាប់ច្រើនណាស់។

ចំណែកប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បាយដិន (Joe Biden) ក៏បាន​ច្រានចោល​សំណើឲ្យមានឈប់បាញ់រយៈពេល៣៦ម៉ោង ដែលលើកឡើងដោយលោក​ វ៉្លាឌីមៀ ពូទីន ដោយចាត់ទុកថា វាគ្រាន់តែជាល្បិចកលដើម្បីដកដង្ហើមតែប៉ុណ្ណោះ៕

By Ana

You missed