មូស្គូ៖ ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង្គការណាតូ បានបង្ហាញថា ទីក្រុងម៉ូស្គូកំពុងប្រមូលយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ យកមកដាក់នៅជិតព្រំដែនអ៊ុយក្រែន អាចជាសញ្ញាត្រៀមបើកការវាយប្រហារថែមទៀត លើអ៊ុយក្រែន ដោយប្រើកម្លាំងទ័ពអាកាសដ៏ខ្លាំងក្លា ដើម្បីជួយដល់កងទ័ពរុស្ស៊ី នៅសមរភូមិមុខ។   

មន្ត្រីអង្គការណាតូ បាននិយាយកាលពីថ្ងៃអង្គារថា ការដាក់ពង្រាយយន្តហោះចម្បាំងរបស់រុស្ស៊ី មានន័យថា វាជាសារព្រមានមួយដល់ការបញ្ជូនប្រព័ន្ធការពារដែនអាកាស ចូលទៅក្នុងប្រទេសអ៊ុយក្រែន ត្រូវតែធ្វើបានលឿនបំផុត ព្រោះស្ស៊ី បានបង្កើនការវាយលុករបស់ខ្លួន នៅថ្ងៃខួបមួយឆ្នាំនៃការឈ្លានពាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ 

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយនៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងទីក្រុងប្រ៊ុចសែល ដែលជាកន្លែងក្រុមមន្ត្រីណាតូ កំពុងជួបប្រជុំគ្នា ដោយលោកបានកត់សម្គាល់ថា ការការពារដែនអាកាសរបស់អ៊ុយក្រែន នៅពេលនេះមិនគ្រប់គ្រាន់ទេ ហើយយើងនឹងបន្តជំរុញរហូតដល់យើងទទួលបានបន្ថែមទៀត។   

លោកបាននិយាយថា «យើងដឹងថា រុស្ស៊ីមានយន្តហោះយ៉ាងច្រើន … និងសមត្ថភាពជាច្រើន។ យើង​ចង់​ធ្វើ​ឲ្យ​ច្បាស់​ថា ​ពួក​គេ​មាន​សមត្ថភាព​ការពារ​ខ្លួន​ ក្នុង​ពេល​​រុស្ស៊ី​សម្រេច​បញ្ជូន​​ទ័ព​អាកាសឲ្យចេញ​​ប្រយុទ្ធ»។   

របាយការណ៍ចារកម្មរបស់អង្គការណាតូ បាននិយាយថា រុស្ស៊ីកំពុងប្រមូលផ្តុំយន្តហោះចម្បាំង នៅជិតព្រំដែនជាមួយអ៊ុយក្រែន។  

របាយការណ៍ដដែល បានលើកឡើងថា កងទ័ពនៅលើដីរបស់រុស្ស៊ី មានការថយចុះយ៉ាងខ្លាំង ដូច្នេះវាជាសញ្ញាបង្ហាញថា រុស្ស៊ីនឹងប្រើការប្រយុទ្ធតាមផ្លូវអាកាស ដើម្បីជួយទាហាននៅលើដី។  ដូច្នេះ ប្រសិនបើ​ប្រជាជន​អ៊ុយក្រែន​នឹង​អាច​រស់​បាន យ៉ាងហោចណាស់ពួកគេ​ត្រូវ​មាន​សមត្ថភាព​ការពារដែន​អាកាស និងមាន​គ្រាប់​រំសេវគ្រប់គ្រាន់។

មេដឹកនាំការពារជាតិលោកខាងលិច បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីការផ្តល់អាវុធថ្មីៗដល់អ៊ុយក្រែន រួមទាំងកាំភ្លើងធំ ដែលអាចជួយពង្រឹងសមត្ថភាពប្រយុទ្ធនៅក្នុងសង្រ្គាម។   

មេដឹកនាំអ៊ុយក្រែន​ បាន​បន្ត​ការ​អំពាវនាវ​របស់​ខ្លួន​ចង់បាន​យន្តហោះ​ចម្បាំង​ ដើម្បី​បណ្តេញទាហានរុស្ស៊ី ​ឈ្លានពាន​ ដែលកំពុង​ប្រយុទ្ធគ្នា​យ៉ាងខ្លាំងជាមួយទាហានអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អឡិចស៊ី រ៉េស្នីកូវ (Oleksi Reznikov) នៅពេលសួរថា តើជំនួយផ្នែកយោធាអ្វីខ្លះ ដែលប្រទេសរបស់លោកកំពុងចង់បាននៅពេលនេះ លោករដ្ឋមន្ត្រី បានបង្ហាញដល់អ្នកសារព័ត៌មាននូវរូបភាពយន្តហោះចម្បាំង។   

ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី​ (Volodymyr Zelensky) កាលពីសប្តាហ៍មុន បានសំណូមពរឲ្យបញ្ជូនយន្តហោះចម្បាំង នៅក្នុងទស្សនាទីក្រុងឡុងដ៍ ប៉ារីស និងទីក្រុងប្រ៊ុចសែល។

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងមិនបញ្ជូនយន្តហោះចម្បាំងអ៊ុយក្រែនទេ ប៉ុន្តែចក្រភពអង់គ្លេស កំពុងវាយតម្លៃលទ្ធភាព រីឯរដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី កៃសា អូល្លុងរ៉េន (Kajsa Ollongren) កាលពីថ្ងៃអង្គារ  បាននិយាយថា ការផ្តល់យន្តហោះចម្បាំង គឺជារឿងត្រូវពិចារណា។   

លោកស្រីបាននិយាយថា អ៊ុយក្រែន បានស្នើសុំយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ពីប្រទេសហូឡង់ ប៉ុន្តែលោក​ស្រី​​ត្រូវ​តែ​ពិភាក្សា​អំពី​បញ្ហា​នេះ​ ជាមួយ​សមាជិកណាតូផ្សេងទៀត ព្រម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ចំណែករដ្ឋាភិបាល ស្លូវ៉ាគី បាននិយាយថា ខ្លួនមានឆន្ទៈក្នុងការពិភាក្សាអំពីការបញ្ជូនយន្តហោះ MIG-29 របស់សូវៀត ដល់កងទ័ពអាកាសរបស់អ៊ុយក្រែន។   ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បាននិយាយថា ការទិញគ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាស គឺមានសារៈសំខាន់ជាងការពិភាក្សាអំពីយន្តហោះចម្បាំង។

លោកបានប្រាប់អ្នកយកព័ត៌មានថា ឲ្យអ្នកបើកយន្តហោះថ្មី ត្រូវការហ្វឹកហាត់ ដែលត្រូវចំណាយពេលជាច្រើនខែ៕

By Ana

You missed