ទីក្រុងកៀវ៖ សេចក្តីការណ៍នានា បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) គ្រោងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធ សប្តាហ៍នេះ ហើយអាចនឹងជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden)។

នេះគឺ​​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើក​ដំបូង​របស់ប្រធានាធិបតីអ៊ុយក្រែន ​ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០២២។

មន្ត្រីសហរដ្ឋអាមេរិក បាននិយាយមិនបញ្ចេញឈ្មោះ និង មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​ដំណើរ​ទស្សន​កិច្ច​​របស់លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ក៏អាចថ្លែងទៅកាន់សភាអាមេរិកផងដែរ។

នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃអង្គារ ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) បានប្រាប់សមាជិកសភា ឲ្យចូលរួមកម្មវិធីមួយ នៅយប់ថ្ងៃពុធ ប៉ុន្តែលោកស្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

លោកស្រីបានសរសេរថា «សូមមានវត្តមានក្នុងកម្មវិធីពិសេសមួយ ដោយផ្តោតលើលទ្ធិប្រជាធិបតេយ្យ»។

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី តែងតែទទួលស្វាគមន៍មេដឹកនាំបរទេស នៅក្នុងរដ្ឋធានី គៀវ និងទៅសួរសុខទុក្ខកងទ័ពអ៊ុយក្រែន ឈរជើងនៅសមរភូមិមុខ។  

លោកប្រធានាធិបតី​អ៊ុយក្រែន​ ក៏​បាន​និយាយ​ជា​ញឹកញយ​ជាមួយ​មេដឹកនាំ​ពិភពលោក ​តាម​រយៈទូរស័ព្ទ និង​តាមរយៈ​វីដេអូ​ ចេញ​ពី​ការិយាល័យ​របស់​លោក នៅ​ក្នុង​ទីក្រុងគៀវ។

ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ក្រៅដោយ​គ្មាន​ការ​ជូន​ដំណឹង ​នឹង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​អ៊ុយក្រែន​ជាមួយ​អាមេរិក​ ដែល​បាន​ដើរ​តួនាទី​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​ជំនួយ​ផ្នែក​យោធា។

ចាប់តាំងពីការចាប់ពីផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន១៨.៥ពាន់លានដុល្លារ លើការគាំទ្រផ្នែកយោធាដោយផ្ទាល់ដល់អ៊ុយក្រែន ដែលជាចំនួនច្រើនជាងបណ្តាប្រទេសផ្សេងទៀត បើគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានអំពាវនាវសុំជំនួយបន្ថែមទៀត ដោយលោកបាននិយាយថា ការចំណាយលើការការពារជាតិប្រចាំខែសម្រាប់អ៊ុយក្រែន គឺមានចំនួនប្រហែល៥ពាន់លានដុល្លារ។

ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានធ្វើសេចក្តីរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតី ចូ បាយដិន កំពុងពិចារណាបំពាក់មីស៊ីលការពារដែនអាកាសដល់អុយក្រែន សម្រាប់ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។

ប្រទេសរុស្ស៊ី បាននិងកំពុងវាយប្រហារលើទីតាំងផលិតថាមពលអគ្គិសនីរបស់អ៊ុយក្រែន ដោយធ្វើឲ្យមនុស្សរាប់លាននាក់ រស់នៅដោយគ្មានថាមពលកម្តៅ ក្នុងរដូវរងារ ដែលសីតុណ្ហភាពធ្លាក់ដល់ក្រោមសូន្សអង្សាសេ។

កាលពីថ្ងៃអង្គារ លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានធ្វើទស្សនកិច្ចដោយមិនប្រកាសមុន ទៅកាន់សមរភូមិមុខ ក្នុងទីក្រុង បាកមុត (Bakhmut) ជាកន្លែងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែកន្លងមកហើយ។

លោក​ប្រធានាធិបតី​អ៊ុយក្រែន បាន​និយាយ​ថា លោក​បាន​ជួប​កងទ័ព និង​ប្រគល់​រង្វាន់​ដល់ទាហានក្លាហាន។

ក្នុងដំណើរ​ទស្សនកិច្ច​ទៅកាន់សមរភូមិមុខនេះ ​គឺ​ជា​ការ​បង្ហាញ​ពី​ការ​ប្រឆាំង​ដាច់ខាត និង​ជា​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​កងកម្លាំង​អ៊ុយក្រែន ​ដែល​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗកន្លងមក​នេះ។

ការិយាល័យ​របស់​លោក លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​ផ្លូវ​ការណាមួយ ដើម្បីបញ្ជាក់​អំពី​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ចទៅ​កាន់​សហរដ្ឋ​អាមេរិកឡើយ។

នៅថ្ងៃដដែលនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រគល់មេដាយមាស នៅខាងក្នុងវិមានក្រឹមឡាំង ដល់ទាហានឆ្នើម ដែលបានចូលរួមច្បាំងក្នុងសង្គ្រាមអ៊ុយក្រែន។

ចាប់តាំងពីរុស្ស៊ី បានចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ចារកម្មយោធាអាមេរិក បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ទាហានរុស្ស៊ីប្រមាណមួយសែននាក់ និងទាហានអ៊ុយក្រែនប្រមាណមួយសែននាក់ដែរ បានស្លាប់ ឬរងរបួស ចំណែកជនស៊ីវិលប្រហែលបួនម៉ឺននាក់បានស្លាប់។

អង្គការសហប្រជាជាតិ បានកត់ត្រាប្រជាជនប្រមាណ៧.៨លាននាក់ ជាជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ទៅកាន់ទ្វីបអឺរ៉ុប រួមទាំងប្រទេសរុស្ស៊ីផងដែរ ដោយតួលេខនេះមិនរាប់បញ្ចូលអ្នកត្រូវបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះ ប៉ុន្តែរត់គេចខ្លួនក្នុងប្រទេសអ៊ុយក្រែន៕

By Ana

You missed