ក្រុងគៀវ៖ មន្ត្រីរដ្ឋាភិបាលមួយរូប បាននិយាយថា អ៊ុយក្រែនកំពុងរឹតបន្តឹងការការពារតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារុស្ស ដោយភ័យខ្លាចថា រុស្ស៊ីអាចនឹងរៀបចំការវាយប្រហារជាថ្មីចេញពីទីនោះ។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ៊ុយក្រេន លោក យ៉េវហេន យ៉េនិន (Yevhen Yenin) បាននិយាយថា អ៊ុយក្រែននឹងពង្រឹងព្រំដែនជាប់ប្រទេសបេឡារុស្ស ដោយបន្ថែមកងកម្លាំងប្រដាប់អាវុធ និងគ្រាប់រំសេវ។
ដំណឹងពង្រឹងកងទ័ពតាមព្រំដែននេះ បានកើតឡើងនៅពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ធ្វើដំណើរទៅកាន់ទីក្រុង មីនស្គ៍ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីបេឡារុស្ស លោក អាឡេចសាន់ឌើ លូកាហ្សេនកូ (Alexander Lukashenko) ជុំវិញការធ្វើសមយុទ្ធរួមគ្នា។
ព្រមគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យពង្រឹងតាមព្រំដែនរុស្ស៊ី និងការគ្រប់គ្រងសន្តិសុខនៅក្នុងប្រទេសរុស្ស៊ី ឲ្យបានរឹងមាំ ដោយលោកនិយាយថា សេវាសន្តិសុខគួរតែទប់ស្កាត់ឲ្យបានយ៉ាងឆាប់រហ័សរាល់ការប៉ុនប៉ងរំលោភលើព្រំដែនរបស់រុស្ស៊ី ការប្រយុទ្ធនឹងហានិភ័យបង្កឡើងពីបរទេស និងកំណត់អត្តសញ្ញាណជនក្បត់ និងធ្វើក្រុមវិទ្ធង្សនា។
លោក វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយផងដែរថា ក្រុមពិសេសគួរតែធានាសុវត្ថិភាពរបស់ប្រជាជនរុស្ស៊ី កំពុងតែរស់នៅលើទឹកដីអ៊ុយក្រែន ដែលរុស្ស៊ីទើបតែកាត់បញ្ចូលជាទឹកដីរបស់ខ្លួន នាពេលថ្មីៗកន្លងមកនេះ។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងទ័ពរបស់ខ្លួន ដែលឈរជើងនៅក្នុងប្រទេសបេឡារុស្ស នឹងធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពបេឡារុស្ស ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធនៅលើសមរភូមិ។
ប្រតិកម្មនឹងការលើកឡើងបែបនេះ និងស្របពេលដំណើរទស្សនកិច្ចរបស់លោ វ្ល៉ាឌីមៀ ពូទីន អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊យក្រែន បានបញ្ជាក់បន្ថែមថា «យើងកំពុងបន្ថែមកងទ័ពការពារតាមព្រំដែនរបស់យើងនៅតាមបណ្តោយព្រំដែនជាប់ជាមួយរុស្ស៊ី និងជាប់ជាមួយប្រទេសបេឡារុស»។
ទោះបីប្រទេសបេឡារុស្ស មិនបានចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនដោយផ្ទាល់ក៏ដោយ ប៉ុន្តែប្រទេសនេះបានអនុញ្ញាតឲ្យទាហានរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបើកការឈ្លានពានចូលអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។
កងទ័ពរុស្ស៊ី និងបេឡារុស្ស បានធ្វើសមយុទ្ធយោធារួមគ្នា នៅជិតព្រំដែនអ៊ុយក្រែន ក្នុងខែកុម្ភៈ គឺក្នុងរយៈពេលប៉ុន្មានថ្ងៃ មុនបើកការឈ្លានពានរបស់រុស្ស៊ី ជាទ្រង់ទ្រាយធំចូលក្នុងទឹកដីអ៊ុយក្រែ។
ប្រធានាធិបតីរុស្ស៊ី បានជិះយន្តហោះទៅកាន់ទីក្រុង មីនស្គ៍ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីបេឡារុស្ស ដែលជាកិច្ចប្រជុំត្រូវបានគេពណ៌នាថា ជាដំណើរទស្សនកិច្ចការងារមានរយៈពេលជាងពីរម៉ោង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីមិនចង់ទាញនរណាម្នាក់ឲ្យចូលក្នុងសង្គ្រាមនេះឡើយ ដោយលោកនិយាយផងដែរថា ខ្មាំងសត្រូវខំប្រឹងបំបែកបំបាក់ទំនាក់ទំនងរបស់រុស្ស៊ីជាមួយបេឡារុស្ស។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោក វ្ល៉ាឌីមៀ ពូទីន គឺបង្ហាញភាពប្រហើនកោងកាចចង់លេបត្របាក់យកអ៊ុយក្រែន។
លោក អាឡិចសាន់ឌើ លូកាហ្សេនកូ បានប្រាប់លោក វ៉្លាឌីមៀរ ពូទីន ក្នុងសន្និសីទសារព័ត៌មានរួម នៅទីក្រុង មីនស្គ៍ថា «ថ្ងៃនេះ យើងបានពង្រាយប្រព័ន្ធការពារដែនអាកាសប្រភេទ S-400 ហើយសំខាន់បំផុតប្រព័ន្ធមីស៊ីលផ្លោងប្រភេទ អ៊ីស្កាន់ឌើ ដែលរុស្ស៊ីប្រគល់មកឲ្យយើង ដូចបានសន្យា កាលពីប្រាំមួយខែមុន»។
ចំណែកលោក វ៉្លាឌីមៀរ ពូទីន ក៏ដូចជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើគី ឡាវរ៉ូវ (Sergey Lavrov) និងរដ្ឋមន្ត្រីការពារជាតិ លោក ស៊ើគី សយគូ (Sergey Shoigu) បានទៅដល់ប្រទេសបេឡារុស្ស កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាគ្នាជាបន្តបន្ទាប់ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច យោធា និងថាមពល។
នៅក្នុងសន្និសីទសារព័ត៌មានដដែលនេះ ប្រធានាធិបតីរុស្ស៊ី បានបង្ហើបថា ប្រទេសទាំងពីរបានបង្កើតប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធព្រមានផ្លូវអាកាសរួចរាល់ហើយ ដែលក្នុងនោះមានប្រភេទ S-400 ដ៏សំខាន់ផងដែរ។
ប្រធានាធិបតីរុស្ស៊ី បានឲ្យដឹងថា អាកាសយានិករបស់ប្រទេសបេឡារុស្ស នឹងទទួលបានការបណ្តុះបណ្តាលក្នុងពេលឆាប់ៗនេះ លើជំនាញប្រើអាវុធពិសេស និងគ្រាប់រំសេវពិសេស។
លោក អាឡិចសាន់ឌើ លូកាហ្សេនកូ បានមានប្រសាសន៍ថា «ខ្ញុំត្រូវតែនិយាយថា យើងបានត្រៀមយន្តហោះរួចរាល់ហើយ។ ដូចយើងធ្លាប់មានយន្តហោះបែបនេះ តាំងពីសម័យសហភាពសូវៀត។ យើងបានសាកល្បងវា នៅសហព័ន្ធរុស្ស៊ី។ រួមគ្នាជាមួយរុស្សី ឥឡូវនេះយើងបណ្តុះបណ្តាលអាកាសយានិក ដែលអាចបើកបរយន្តហោះផ្ទុកអាវុធពិសេសទាំងនេះ»។
ទោះបីជាប្រធានាធិបតីទាំងពីរ មិនប្រើពាក្យអាវុធនុយក្លេអ៊ែរក៏ដោយ លោក វ៉្លាឌីមៀរ ពូទីន បានចង្អុលបង្ហាញថា អង្គការណាតូ បានអនុវត្តការបណ្តុះបណ្តាលស្រដៀងគ្នានេះជាច្រើនទសវត្សរ៍កន្លងមកហើយ ដែលនេះទំនងជាលោកចង់និយាយយោងទៅលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការចែករំលែកអាវុធនុយក្លេអ៊ែរ ដូចបានដាក់ពង្រាយគ្រាប់បែកបរិមាណូជាច្រើនគ្រាប់ នៅក្នុងប្រទេសជាសមាជិកអង្គការណាតូ ដែលមិនទាន់មានអាវុធបរមាណូផ្ទាល់ខ្លួន៕