កាប៊ុល៖ ក្រសួងឧត្តមសិក្សា ដែលគ្រប់គ្រងដោយពួកតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា និស្សិតស្រីនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យរបស់ប្រទេសនេះឡើយ។

អ្នកនាំពាក្យរបស់ក្រសួងឧត្តមសិក្សា កាលពីថ្ងៃអង្គារ បានណែនាំដល់សាកលវិទ្យាល័យសាធារណៈ និងឯកជន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឲ្យផ្អាកការចូលរៀនរបស់និស្សិតស្រីជាបន្ទាន់ តាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។

ក្នុងលិខិតផ្ញើទៅកាន់សាកលវិទ្យាល័យទាំងអស់របស់រដ្ឋ និងឯកជន ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា លោកស្រី ណេដា ម៉ូហាម៉ាដ ណាឌីម (Neda Mohammad Nadeem) បាននិយាយថា «អ្នកទាំងអស់គ្នាត្រូវអនុវត្តតាមសេចក្តីជូនដំណឹងនេះជាបន្ទាន់ ឲ្យស្របតាមបទបញ្ជាលើកឡើងអំពីការផ្អាកការសិក្សារបស់ស្ត្រីរហូតដល់មានការជូនដំណឹងបន្ថែម»។

សហរដ្ឋអាមេរិក និងអង់គ្លេស បានរិះគន់បម្រាមនេះ ដែលក្រុមតាលីបង់និយាយថា ដើម្បីរក្សាផលប្រយោជន៍ជាតិ និងកិត្តិយសរបស់ស្ត្រីអាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វេន ឌូចារិច (Stephane Dujarric) បានពណ៌នាចំណាត់ការនេះថា ជាការបញ្ហាសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។

លោក​បាន​មាន​ប្រសាសន៍​ថា «យើង​បាន​ឃើញ​ចាប់​តាំង​ពី​ការ​ចូល​កាន់​តំណែង។ ការ​កាត់​បន្ថយ​កន្លែង​សម្រាប់​ស្ត្រី មិន​ត្រឹម​តែ​ក្នុង​វិស័យ​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រហូតនៅតាម​ទីសាធារណៈ​។ វាជាស្ថានភាពដ៏លំបាកមួយទៀត ហើយវាជាការលំបាកក្នុងការស្រមៃថា តើប្រទេសមួយអាចអភិវឌ្ឍបានដោយរបៀបណា អាចដោះស្រាយរាល់បញ្ហាប្រឈមដោយរបៀបណា ដោយគ្មានការចូលរួមយ៉ាងសកម្មពីស្ត្រី និងការអប់រំរបស់ស្ត្រី»។

ការ​ប្រកាស​នេះ ​បាន​ធ្វើ​ឡើង​ខណៈ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ញូវយ៉ក​ស្តីពីបញ្ហានៅ​ប្រទេស​អាហ្វហ្គានីស្ថាន។  សហរដ្ឋអាមេរិក និងអង់គ្លេស បានថ្កោលទោសចំពោះទង្វើបែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា «ពួកតាលីបង់មិនអាចរំពឹងថា នឹងក្លាយជាសមាជិកស្របច្បាប់នៃសហគមន៍អន្តរជាតិបានទេ រហូតទាល់តែពួកគេគោរពសិទ្ធិរបស់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ជាពិសេសគោរពសិទ្ធិមនុស្ស និងសេរីភាព ជាមូលដ្ឋានរបស់ស្ត្រី និងកុមារី»។

ក្រុមតាលីបង់ បានការពារការសម្រេចចិត្តរបស់ខ្លួន ដោយនិយាយថា ការរឹតបន្តឹងបែបនេះត្រូវបានធ្វើឡើងដើម្បីការពារផលប្រយោជន៍ជាតិ និងកិត្តិយសរបស់ស្ត្រី៕

By Ana

You missed