ប៉េកាំង៖ ចិនបានប្រកាសថា សមយុទ្ធរួមគ្នារវាងកងទ័ពជើងទឹកចិន និងរុស្ស៊ី នៅសមុទ្រចិនខាងកើត ដែលចាប់ផ្តើមនៅសប្តាហ៍នេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ “កាន់តែស៊ីជម្រៅបន្ថែមទៀត” រវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។

បើយោងសេចក្តីជូនដំណឹងខ្លីមួយ កាលពីថ្ងៃចន្ទ ប្រកាសដោយបញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានឲ្យដឹងថា សមយុទ្ធនេះនឹងធ្វើឡើងនៅឆ្នេរសមុទ្រក្នុងខេត្ត ជឺជាំង ភាគខាងត្បូងទីក្រុងសៀងហៃ ដោយចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។

សេចក្តីជូនដំណឹងបាននិយាយថា «សមយុទ្ធរួមនេះ គឺសំដៅបង្ហាញពីការប្តេជ្ញាចិត្ត និងពង្រឹងសមត្ថភាពរបស់ភាគីទាំងពីរ ក្នុងការរួមគ្នាឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខដែនសមុទ្រ… និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃយុគសម័យថ្មី រវាងចិន និងរុស្ស៊ី»។

ចំណែកក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា កប៉ាល់ចម្បាំងចូលរួមក្នុងសមយុទ្ធរួមនេះ រួមមាន នាវាផ្ទុកមីស៊ីល នាវាពិឃាត និងនាវាល្បាតនៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី។

ក្រសួងបាននិយាយទៀតថា កងទ័ពជើងទឹកចិនគ្រោងដាក់ពង្រាយនាវាចម្បាំងជាច្រើនគ្រឿង លើផ្ទៃសមុទ្រ រួមទាំងនាវាមុជទឹកសម្រាប់សមយុទ្ធ និងមានយន្តហោះចម្បាំងរបស់ប្រទេសទាំងពីរផងដែរ។

ប្រទេសចិនមិនបានផ្តល់ព័ត៌មានភ្លាមៗ អំពីអង្គភាពណាខ្លះនឹងចូលរួមនៅក្នុងសមយុទ្ធនេះ ដែលកើតឡើងនៅពេលភាពតានតឹងកំពុងតែកើនឡើង ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែទំនាក់ទំនងរវាងរុស្ស៊ី-ចិន កាន់តែរឹងមាំ។

ដោយបំភ្លេចចោលនូវការមិនទុកចិត្តគ្នាទៅវិញទៅមក ជាច្រើនទសវត្សរ៍ ចិន និងរុស្ស៊ី បានបង្កើនសមយុទ្ធយោធា រួមគ្នា ដើម្បីបង្ហាញពីគោលនយោបាយការបរទេសរបស់ខ្លួន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីប្រឆាំងនឹងសណ្តាប់ធ្នាប់នយោបាយរបស់លោកខាងលិច ដែលដឹកនាំដោយអាមេរិក។

ដោយមិនរិះគន់ចំពោះការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន រដ្ឋាភិបាលទីក្រុងប៉េកាំង បែរជាថ្កោលទោសទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ហើយបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងអង្គការណាតូថា បានបង្ខំឲ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ចាត់វិធានការផ្នែកកងទ័ពលើប្រទេសអ៊ុយក្រែន។  

ចិន​ក៏​នៅ​តែ​ជា​អតិថិជន​ដ៏សំខាន់​ក្នុងការទិញ​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​ ដែល​លក់​ក្នុង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ខ្លាំង។

លោក ជូលៀន ស្មីត (​​Julianne Smith) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការណាតូ បាននិយាយចោទប្រកាន់ថា រុស្ស៊ី និងចិន ក៏ត្រូវបានគេនិយាយថា កំពុងរួមគំនិតគ្នាបង្កើតវិធីសាស្រ្ត និងយុទ្ធសាស្ត្រ ដើម្បីបំផ្លាញអង្គការណាតូ។ 

លោកបានប្រាប់កាសែតអាមេរិក នៅក្នុងអត្ថបទមួយចេញផ្សាយ កាលពីថ្ងៃអង្គារថា មេដឹកនាំប្រទេសទាំងពីរកំពុងចែករំលែកគំនិតគ្នាកាន់តែខ្លាំងឡើង ដែលធ្វើដៃគូសម្ព័ន្ធភាពណាតូមានការព្រួយបារម្ភ។

លោក ជូលៀន ស្មីត បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែតហ្វាយណិនសល ថែម ដែលចេញផ្សាយនៅថ្ងៃនេះថា «គ្មានអ្វីត្រូវឆ្ងល់ទេ ដែលថា សាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ី កំពុងតែធ្វើការរួមគ្នា ដើម្បីបំបែកដៃគូឆ្លងមហាសមុទ្រអាត្លង់ទិក របស់ណាតូ។  ហើយឥឡូវនេះ យើងដឹងយ៉ាងច្បាស់ យើងទាំងអស់គ្នា មានការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនោះ ហើយយើងមានបំណងចង់ដោះស្រាយបញ្ហានេះ»។

លោកបាននិយាយបន្ថែមថា «យើងបានឃើញពួកគេចែករំលែកយុទ្ធសាស្ត្រកូនកាត់។ ខ្ញុំគិតថា ប្រទេសចិនឃ្លាំមើលយ៉ាងដិតដល់ពីរបៀប ដែលរុស្ស៊ីពឹងផ្អែកលើព័ត៌មានមិនពិត និងអ្វីៗដូចជាការបង្ខិតបង្ខំ ឬសន្តិសុខថាមពល អំពើអាក្រក់ ឬឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត»។

សម្ព័ន្ធមិត្តអង្គការណាតូ បានកត់សម្គាល់ប្រទេសចិន ជាលើកដំបូង នៅក្នុងខែមិថុនា ឆ្នាំ២០២២ថា ជាបញ្ហាប្រឈមយុទ្ធសាស្ត្រមួយរបស់ខ្លួន ដោយនិយាយថា មហិច្ឆតារបស់ទីក្រុងប៉េកាំង និងគោលនយោបាយបង្ខិតបង្ខំ របស់ខ្លួន បានធ្វើឲ្យខូចដល់ផលប្រយោជន៍ សន្តិសុខ និងតម្លៃរបស់ប្លុកយោធាលោកខាងលិច។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ យន្តហោះទម្លាក់គ្រាប់បែកប្រភេទ Tu-95 របស់កងទ័ពអាកាសរុស្ស៊ី និងយន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6K របស់ចិន បានហោះហើរល្បាតរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត។  តាមរយៈសមយុទ្ធរួមគ្នានេះ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី បានចុះចតនៅក្នុងប្រទេសចិនជាលើកដំបូង ហើយយន្តហោះទម្លាក់គ្រាប់បែកចិន បានហោះហើរទៅកាន់មូលដ្ឋានទ័ពអាកាសក្នុងប្រទេសរុស្ស៊ី។

ចំណែកកាលពីខែកញ្ញា ឆ្នាំ២០២២ ប្រទេសចិន បានបញ្ជូនទាហានជាង២ ០០០នាក់ រួមជាមួយនឹងរថយន្តយោធាជាង៣០០គ្រឿង យន្តហោះចម្បាំង២១គ្រឿង និងនាវាចម្បាំងចំនួនបីគ្រឿង ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នា ជាមួយប្រទេសរុស្ស៊ី។

យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅពេលនោះថា សមយុទ្ធឈ្មោះ វ៉ុស្តុក ២០២២ (Vostok 2022) របស់រុស្ស៊ីត្រូវធ្វើឡើងនៅទីតាំងផ្សេងៗគ្នា នៅចុងទឹកដីបូព៌ារបស់រុស្ស៊ី និងនៅក្នុងសមុទ្រជប៉ុន ដោយមានការចូលរួមពីកងទ័ពជាង ៥០.០០០នាក់ និងសព្វាវុធចំនួន៥.០០០គ្រឿង រួមទាំងយន្តហោះ១៤០គ្រឿង និងនាវាចម្បាំង៦០គ្រឿង។

ប្រទេសចិន កាលពីសប្តាហ៍មុន ក៏បានបញ្ជូនកងនាវាចម្បាំងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ នៅជិតប្រទេសជប៉ុនចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយរដ្ឋាភិបាលប៉េកាំង បានរិះគន់ការអនុម័តរបស់រដ្ឋាភិបាលទីក្រុងតូក្យូ លើយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីមួយ ដែលចាត់ទុកថា ជប៉ុនកំពុងទទួលរងការគំរាមកំហែងពីប្រទេសចិន៕

By Ana

You missed