ទីក្រុងមីនស្គ៍៖ ឥឡូវនេះ រដ្ឋាភិបាលទីក្រុង មីនស្គ៍ ត្រូវបានបំពាក់ដោយមីស៊ីលផ្លោងប្រភេទ អ៊ីស្កាន់ឌើ (Iskander) និងត្រូវបានការពារដោយប្រព័ន្ធការពារដែនអាកាសប្រភេទ S-400 លោកប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌើ លូកាហ្សេនកូ (Alexander Lukashenko) បានប្រកាសកាលពីថ្ងៃចន្ទ ដោយថ្លែងអំណរគុណដល់សមភាគីរុស្ស៊ី គឺលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) សម្រាប់ការផ្តល់អាវុធថ្មី ដូចទីក្រុងម៉ូស្គូ ធ្លាប់បានសន្យាពីមុនមក។
លោក អាឡិចសាន់ឌើ លូកាហ្សេនកូ បានប្រាប់លោក វ៉្លាឌីមៀរ ពូទីន ក្នុងសន្និសីទសារព័ត៌មានរួម នៅទីក្រុង មីនស្គ៍ថា «ថ្ងៃនេះ យើងបានពង្រាយប្រព័ន្ធការពារដែនអាកាសប្រភេទ S-400 ហើយសំខាន់បំផុតប្រព័ន្ធមីស៊ីលផ្លោងប្រភេទ អ៊ីស្កាន់ឌើ ដែលរុស្ស៊ីប្រគល់មកឲ្យយើង ដូចបានសន្យា កាលពីប្រាំមួយខែមុន»។
ចំណែកលោក វ៉្លាឌីមៀរ ពូទីន ក៏ដូចជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើគី ឡាវរ៉ូវ (Sergey Lavrov) និងរដ្ឋមន្ត្រីការពារជាតិ លោក ស៊ើគី សយគូ (Sergey Shoigu) បានទៅដល់ប្រទេសបេឡារុស្ស កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាគ្នាជាបន្តបន្ទាប់ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច យោធា និងថាមពល។
នៅក្នុងសន្និសីទសារព័ត៌មានដដែលនេះ ប្រធានាធិបតីរុស្ស៊ី បានបង្ហើបថា ប្រទេសទាំងពីរបានបង្កើតប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធព្រមានផ្លូវអាកាសរួចរាល់ហើយ ដែលក្នុងនោះមានប្រភេទ S-400 ដ៏សំខាន់ផងដែរ។
ប្រធានាធិបតីរុស្ស៊ី បានឲ្យដឹងថា អាកាសយានិករបស់ប្រទេសបេឡារុស្ស នឹងទទួលបានការបណ្តុះបណ្តាលក្នុងពេលឆាប់ៗនេះ លើជំនាញប្រើ អាវុធពិសេស និងគ្រាប់រំសេវពិសេស។
លោក អាឡិចសាន់ឌើ លូកាហ្សេនកូ បានមានប្រសាសន៍ថា «ខ្ញុំត្រូវតែនិយាយថា យើងបានត្រៀមយន្តហោះរួចរាល់ហើយ។ ដូចយើងធ្លាប់មានយន្តហោះបែបនេះ តាំងពីសម័យសហភាពសូវៀត។ យើងបានសាកល្បងវា នៅសហព័ន្ធរុស្ស៊ី។ រួមគ្នាជាមួយរុស្សី ឥឡូវនេះយើងបណ្តុះបណ្តាលអាកាសយានិក ដែលអាចបើកបរយន្តហោះផ្ទុកអាវុធពិសេសទាំងនេះ»។
ទោះបីជាប្រធានាធិបតីទាំងពីរ មិនប្រើពាក្យអាវុធនុយក្លេអ៊ែរ លោក វ៉្លាឌីមៀរ ពូទីន បានចង្អុលបង្ហាញថា អង្គការណាតូ បានអនុវត្តការបណ្តុះបណ្តាលបែបជាច្រើនទសវត្សរ៍កន្លងមកហើយ។ នេះទំនងជាលោកចង់និយាយយោងទៅលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការចែករំលែកអាវុធនុយក្លេអ៊ែរ ដូចបានដាក់ពង្រាយគ្រាប់បែកបរិមាណូជាច្រើនគ្រាប់ នៅក្នុងប្រទេសជាសមាជិកអង្គការណាតូ ដែលមិនទាន់មានអាវុធបរមាណូផ្ទាល់ខ្លួន។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រតិកម្មទៅនឹងដំណើរទស្សនកិច្ចរបស់លោក វ៉្លាឌីមៀរ ពូទីន ទៅកាន់ទីក្រុង មីនស្គ៍ ដោយចោទប្រកាន់ប្រទេសបេឡារុសថា បានប្រគល់ឯករាជ្យភាពរបស់ខ្លួន ទៅឲ្យប្រទេសរុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសបេឡារុស កំពុងតែជួយ និងគាំទ្ររុស្ស៊ី ក្នុងសង្រ្គាមឃោរឃៅ នៅអ៊ុយក្រែន។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មរួចហើយ លើបេឡារុស្ស ជុំវិញជម្លោះនៅអ៊ុយក្រែន។
ប៉ុន្តែនៅពេលសួរថា តើមានបន្ទាត់ក្រហមច្បាស់លាស់ណាមួយ ដែលនឹងធ្វើឲ្យសហរដ្ឋអាមេរិក អាចចាត់ទុកបេឡារុស្សថា ជាភាគីនៃជម្លោះនៅអ៊ុយក្រែននោះ លោក ណេដ ប្រាយស៍ បាននិយាយថា សហរដ្ឋអាមេរិកនឹង «បន្តឃ្លាំមើលយ៉ាងដិតដល់ នូវអ្វីដែលរដ្ឋាភិបាលបេឡារុស្សកំពុងធ្វើ ហើយស្វែងរកមធ្យោបាយបន្ថែម ដើម្បីបង្ខំរបបដឹកនាំរបស់លោក អាឡិចសាន់ឌើ លូកាហ្សេនកូ ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»។
សហរដ្ឋអាមេរិក បានចំណាយថវិកាជាង២០ពាន់លានដុល្លា រលើជំនួយដល់អ៊ុយក្រែន ចាប់តាំងពីលោក ចូ បាយដិន (Joe Biden) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្នុងខែមករា ឆ្នាំ២០២១ ហើយនឹងបន្តផ្តល់ជំនួយថវិកា សព្វាវុធ និងគ្រាប់រំសេវបន្ថែមដល់រដ្ឋាភិបាលទីក្រុងគៀវ ដើម្បីទប់ទល់ជាមួយរុស្ស៊ី។
រដ្ឋាភិបាលទីក្រុងមូស្គូ ធ្លាប់បានព្រមានមេដឹកនាំលោកខាងលិចម្តងហើយម្តងទៀតថា ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនគ្រាន់តែធ្វើសង្គ្រាមរុស្ស៊ី-អុយក្រែន កាន់តែអូសបន្លាយពេលវេលាកាន់តែយូរប៉ុណ្ណោះ។
កាលពីដើមខែធ្នូ ឆ្នាំ២០២២នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកខាងលិចបានប្រែក្លាយអ៊ុយក្រែនទៅជាប្រទេសក្រោមអាណានិគម ហើយកំពុងប្រើប្រាស់អ៊ុយក្រែន ជាសមរភូមិប្រយុទ្ធគ្នាដោយចុងកាណុង ដើម្បីប្រឆាំងនឹងរុស្ស៊ី តាមរយៈការផ្តល់អាវុធដល់ទីក្រុងគៀវ៕