ទីក្រុង​លីម៉ា៖ អតីតប្រធានាធិបតីប្រទេសប៉េរូ លោក ផេដ្រូ កាស្ទីឡូ (Pedro Castillo) ត្រូវនគរបាលចាប់ឃុំខ្លួន ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីបរាជ័យមិនអាចរំលាយរដ្ឋសភា ដែលទីបំផុតបណ្តេញលោកចេញពីតំណែងទៅវិញ។

លោក ផេដ្រូ កាស្ទីឡូ ត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការធ្វើរដ្ឋប្រហារ នៅក្នុងការតវ៉ាចុងក្រោយ ដើម្បីគេចចេញពីការចោទប្រកាន់ ពីបទប្រព្រឹត្តអំពើពុករលួយ។

 អនុប្រធានាធិបតី គឺលោកស្រី ឌីណា បូលួតេ (Dina Boluarte) បានស្បថចូលកាន់តំណែង នៅថ្ងៃនេះ ជាប្រធានាធិបតីជំនួសលោក ផេដ្រូ កាស្ទីឡូ។

លោកស្រី បានថ្កោលទោសលោក ផេដ្រូ កាស្ទីឡូ ដែលព្យាយាមរំលាយរដ្ឋសភាថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយបានសន្យាថា នឹងបង្កើតគណៈរដ្ឋមន្ត្រីថ្មី រួមបញ្ចូលអ្នកនយោបាយមកពីគណបក្សផ្សេងៗ។

លោក ផេដ្រូ កាស្ទីឡូ ពេលនេះកំពុងស្ថិតក្រោមគ្រប់គ្រងរបស់នគរបាល ប៉ុន្តែប្រទេសម៉ិកស៊ិក បានប្រកាសថា ខ្លួនសុខចិត្តផ្តល់សិទ្ធិជ្រកកោនផ្នែកនយោបាយដល់អតីតប្រធានាធិបតីរូបនេះ។

រដ្ឋមន្ត្រីការបរទេស ម៉ិកស៊ិក បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឃុំខ្លួនលោក ផេដ្រូ កាស្ទីឡូ ប៉ុន្តែបាននិយាយថា អតីតប្រធានាធិបតីរូបនេះ មិនទាន់បានស្នើសុំសិទ្ធិជ្រកកោន ឬជំនួយជាផ្លូវការណាមួយពីរដ្ឋាភិបាលម៉ិកស៊ិក នៅឡើយទេ។

លោករដ្ឋមន្ត្រីការបរទេស ម៉ិកស៊ិក បានបញ្ជាក់នៅក្នុងសារ បង្ហោះនៅលើ Twitter ថា «ប្រទេសម៉ិកស៊ិកសោកស្តាយចំពោះព្រឹត្តិការណ៍ថ្មីៗ នៅក្នុងប្រទេសប៉េរូ ហើយសូមឲ្យគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិជាបងប្អូន»។

អតីតប្រធានាធិបតី ត្រូវបានសមាជិកសភា ដកចេញពីតំណែង កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីលោកបានថ្លែងសុន្ទរកថានៅលើកញ្ចក់ទូរទស្សន៍ជាតិ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងរំលាយរដ្ឋសភា។

លោកបានប្រកាសថា លោកនឹងរំលាយសភា ដែលគ្រប់គ្រងដោយក្រុមបក្សប្រឆាំង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ជ្រួលច្របល់នៅក្នុងប្រទេសប៉េរូ រហូតធ្វើឲ្យរដ្ឋមន្ត្រីជាច្រើន សម្រេចលាលែងពីតំណែង និងធ្វើដំណើរចេញទៅក្រៅប្រទេស។

ប្រធានតុលាការធម្មនុញ្ញ ប៉េរូ បានចោទប្រកាន់លោកពីបទធ្វើរដ្ឋប្រហារ។ ចំណែកនគរបាល និងកងទ័ពរបស់ប្រទេសប៉េរូ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា ពួកគេគោរពបទបញ្ជារដ្ឋធម្មនុញ្ញ។

រដ្ឋាភិបាលរបស់លោក ផេដ្រូ កាស្ទីឡូ ត្រូវបានហ៊ុំព័ទ្ធដោយភាពចលាចល ដោយរដ្ឋមន្ត្រីរាប់សិបនាក់ ត្រូវលោកតែងតាំង ផ្លាស់ប្តូរ បណ្តេញចេញ ឬលាលែងពីមុខតំណែង ក្នុងរយៈពេលជាងមួយឆ្នាំ។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោកបានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងការទាមទាររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស លោកបានសម្រេចចិត្តបង្កើតរដ្ឋាភិបាលពិសេសមួយ។

ប៉ុន្តែលោកត្រូវនប្រឈមមុខនឹងការស៊ើបអង្កេតជាបន្តបន្ទាប់ ដោយសង្ស័យថា លោកបានប្រើប្រាស់ការិយាល័យរបស់គាត់ ដើម្បីពង្រឹងអំណាចខ្លួនឯង ក្រុមគ្រួសារ និងបក្ខពួក ហើយព្យាយាមគេចចេញពីការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ។

រដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រឆាំង បានកោះប្រជុំជាបន្ទាន់ ហើយបានបោះឆ្នោតចោទប្រកាន់លោក ដោយមានសំឡេងគាំទ្រលើសលប់ ដើម្បីបណ្តេញលោកចេញពីតំណែងប្រធានាធិបតីប្រទេសប៉េរូ៕

 

By Ana

You missed