ក្រុងដូហា៖ គណៈកម្មការបាល់ទាត់អន្តរជាតិ (FIFA) បានដាក់ទណ្ឌកម្មក្រុមកីឡាករប្រទេសក្រូអាត ដែលចូលដល់វគ្គ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ពីបទបំពានអ្នកចាំទីកីឡាករ កាណាដា អំឡុងការប្រកួតក្នុងពូពូលរវាងប្រទេសទាំងពីរ ក្នុងប្រទេសកាតា កាលពីខែមុន។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បាននិយាយ កាលពីថ្ងៃនេះថា គណៈកម្មាធិការវិន័យបានពិន័យសហព័ន្ធបាល់ទាត់ប្រទេសក្រូអាត ជាទឹកប្រាក់ចំនួន៥៣ ០០០ដុល្លារ ទាក់ទងនឹងអាកប្បកិរិយារបស់អ្នកគាំទ្រប្រទេសកីឡាករប្រទេសក្រូអាត ក្នុងការប្រកួត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងអំឡុងពេលប្រកួតនៅកីឡដ្ឋាន ក្នុងទីក្រុង ដូហា ប្រទេសកាតា អ្នកគាំទ្រក្រូអាត បានស្រែកជេរប្រមាថលោក មីឡាន់ ប៊ូចាន់ (Milan Borjan) ដែលជាកីឡាករកាណាដា ជនជាតិស៊ែប៊ី កើតនៅប្រទេសក្រូអាត ប៉ុន្តែបានភៀសខ្លួនចេញពីប្រទេសកាលពីកុមារភាព។
លោក មីឡាន់ ប៊ូចាន់ និងគ្រួសារ បានភៀសខ្លួនចេញពីស្រុកកំណើត មករស់នៅក្នុងប្រទេសកាណាដា នៅពេលកងទ័ពក្រូអាត ឡើងកាន់អំណាច នាឆ្នាំ១៩៩៥ ដែលបានបញ្ចប់សង្រ្គាមទាមទារឯករាជ្យរបស់ក្រូអាត។
ក្នុងអំឡុងពេល និងក្រោយសង្គ្រាម ដែលដាក់ឈ្មោះថា ព្យុះប្រតិបត្តិការយោធា នាពេលនោះជនជាតិស៊ែប៊ី ប្រមាណពីរសែននាក់ បានភៀសខ្លួនតាមត្រាក់ទ័រ ដើម្បីគេចចេញពីប្រទេសក្រូអាត។
បដាមួយរបស់អ្នកគាំទ្រក្រូអាត អំឡុងពេលកីឡាករ ក្រូអាត យកឈ្នះកីឡាករកាណាដា ៤-១ គឺជាទង់របស់ក្រុមហ៊ុនផលិតត្រាក់ទ័រ ចន ឌៀ (John Deere) ភ្ជាប់នឹងពាក្យស្លោករបស់ក្រុមហ៊ុន ទៅជាអានថា «គ្មាននរណារត់លឿនដូច កីឡាករ ប៊ូចាន់ ទេ»។
គណៈកម្មការបាល់ទាត់អន្តរជាតិ បាននិយាយថា ការចោទប្រកាន់របស់ខ្លួនប្រឆាំងនឹងកីឡាករ ក្រូអាត ដោយសារទាក់ទងនឹងការរំលោភលើមាត្រា១៦នៃក្រមវិន័យ គឺការប្រើពាក្យ និងប្រើសញ្ញា ដើម្បីបញ្ជូនសារមិនសមរម្យ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា។
ការដាក់ទណ្ឌកម្មរបស់ស្ថាប័នគ្រប់គ្រងកីឡា បានកើតឡើងត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ មុនពេលកីឡាករក្រូអាត ប្រកួតជាមួយកីឡាករប្រេស៊ីល ក្នុងវគ្គប្រាំបីក្រុមចុងក្រោយ នៅថ្ងៃស្អែកនេះ។
កីឡាការប្រទេសកាណាដា បានធ្លាក់ក្នុងការប្រកួតក្នុងវគ្គ ចែកពូល។ ក្រុមកីឡាករប្រទេស ស៊ែប៊ី និងប្រទេស អារ៉ាប៊ីសាអូឌីត ក៏រងពិន័យផងដែរ។
គណៈកម្មការបាល់ទាត់អន្តរជាតិ ក៏បានពិន័យសមាគមបាល់ទាត់នៃប្រទេសស៊ែប៊ី ជាទឹកប្រាក់ចំនួន២១ ២០០ដុល្លារផងដែរ កាលពីថ្ងៃពុធ ចំពោះការដាក់បង្ហាញពីប្រទេសកូសូវ៉ូ ព្យួរនៅក្នុងបន្ទប់សំលៀកបំពាក់របស់ក្រុមកីឡាករស៊ែប៊ី ក្នុងអំឡុងពេលការប្រកួតវគ្គចែកពូល ជាមួយកីឡាករប្រេស៊ីល កាលថ្ងៃទី២៤ ខែវិច្ឆិកា។
ទង់ជាតិនោះបានបង្ហាញផែនទីនៃប្រទេសស៊ែប៊ី ដែលរួមបញ្ចូលទឹកដីនៃអតីតខេត្តរបស់ខ្លួន និងពាក្យស្លោក គ្មានការចុះចាញ់ទេ។
សហព័ន្ធកីឡាបាល់ទាត់កូសូវ៉ូ បានដាក់ពាក្យបណ្តឹងទៅគណៈកម្មការបាល់ទាត់អន្តរជាតិ អំពីទង់ជាតិ ដែលព្យួរនៅលើទូទុកខោអាវរបស់កីឡាករស៊ែប៊ីពីរនាក់។
ប្រទេសកូសូវ៉ូ បានប្រកាសឯករាជ្យពីប្រទេសស៊ែប៊ីក្នុងឆ្នាំ២០០៨ ប៉ុន្តែរដ្ឋាភិបាលទីក្រុងបែលក្រាដ មិនទទួលស្គាល់ស៊ែប៊ី ដែលជាអតីតខេត្តរបស់ខ្លួននោះទេ។ ខណៈប្រទេសលោកខាងលិចភាគច្រើន រួមទាំងសហរដ្ឋអាមេរិក ប្រកាសគាំទ្រស៊ែប៊ី។
នៅក្នុងករណីទី៣ គណៈកម្មាធិការវិន័យរបស់គណៈកម្មការបាល់ទាត់អន្តរជាតិ បានពិន័យសមាគមបាល់ទាត់អារ៉ាប៊ីសាអូឌីត ជាទឹកប្រាក់ចំនួន៣២ ០០០ដុល្លារ សម្រាប់ការប្រព្រឹត្តខុស ក្នុងអំឡុងពេលការប្រកួតវគ្គចែកពូល ជាមួយនឹងក្រុមអាហ្សង់ទីន និងម៉ិកស៊ិក កាលពីថ្ងៃទី២២ និងថ្ងៃទី៣០ ខែវិច្ឆិកា។
ទាំងស៊ែប៊ី និងអារ៉ាប៊ីសាអូឌីត បានបរាជ័យក្នុងការឆ្លងផុតវគ្គជម្រុះ World Cup នៅប្រទេសកាតា៕