វ៉ាស៊ីនតោន៖ អគ្គរដ្ឋអាជ្ញា នៅក្នុងរដ្ឋឥណ្ឌាណា សហរដ្ឋអាមេរិក បានប្តឹងចោទប្រកាន់ក្រុមហ៊ុនម្ចាស់បណ្តាញទំនាក់ទំនងសង្គម តិកតុក របស់ចិន (TikTok) ពីបទរំលោភលើច្បាប់ការពារអ្នកប្រើប្រាស់។

ពាក្យបណ្តឹងចំនួនពីរ ត្រូវបានប្តឹងចូលតុលាការ នៅក្នុងរដ្ឋ ឥណ្ឌាណា កាលពីថ្ងៃម្សិលមិញ ដោយបណ្តឹងទីមួយ បានអះអាងថា បណ្តាញទំនាក់ទំនងសង្គមមួយនេះ បង្ហាញអ្នកប្រើប្រាស់វ័យក្មេង ចំពោះមាតិកាមិនសមរម្យជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។

ចំណែកនៅក្នុងពាក្យបណ្តឹងមួយទៀត បានចោទប្រកាន់ តិកតុក ពីបទមិនបង្ហាញពីគោលបំណងរបស់រដ្ឋាភិបាលចិន ក្នុងការទទួលបានព័ត៌មានពីអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។

យោងតាមពាក្យបណ្តឹងដាក់ចូលតុលាការ បាននិយាយចោទប្រកាន់ថា «តិកតុក គឺជាឆ្កែចចកពាក់រោមចៀម»។

ពាក្យបណ្តឹងដដែលបានអះអាងទៀតថា «ដរាបណា តិកតុក ត្រូវបានអនុញ្ញាតឲ្យបោកបញ្ឆោត និងបំភាន់អ្នកប្រើប្រាស់តទៅទៀត ប្រជាជននៅក្នុងរដ្ឋ ឥណ្ឌាណា នឹងមានហានិភ័យចំពោះទិន្នន័យរបស់ខ្លួន និងឯកជនភាពរបស់ខ្លួន គឺងាយរងគ្រោះខ្លាំងណាស់»។

ពាក្យបណ្តឹងនេះនិយាយថា បណ្តាញទំនាក់ទំនងសង្គមមួយនេះ មានខ្លឹមសារមិនសមរម្យជាច្រើន ដូចជាគ្រឿងស្រវឹង ជក់បារី និងគ្រឿងញៀន ចំណែកខ្លឹមសារផ្លូវភេទ មានរូបអាក្រាតកាយ និងពាក្យប្រមាថមើលងាយ។

ម្ចាស់បណ្តឹងកំពុងស្វែងតែសុំឲ្យការដាក់ទណ្ឌកម្មលើក្រុមហ៊ុន តិកតុក ចំពោះការប្រព្រឹត្តអយុត្តិធម៌ និងបោកបញ្ឆោអ្នកប្រើប្រាស់។

ការ​ប្រកាស​​ប្ដឹង​នេះ ត្រូវបាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋ​ផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិក ​បានធ្វើសេចក្តី​ព្រាង​ច្បាប់​ហាម​ឃាត់ តិកតុក មិនឲ្យមាននៅក្នុងទឹកដីរបស់ខ្លួន។

អាជ្ញាធរក្នុងរដ្ឋ តិចសាស់ រដ្ឋដាកូតា ខាងត្បូង និងរដ្ឋ ខាឡូឡាយណា ខាងត្បូង បានប្តឹងសុំហាមឃាត់ការប្រើប្រាស់ តិកតុក ដែលនគរបាលអាមេរិក បានចាត់ទុកថា បង្កការបារម្ភពីសន្តិសុខជាតិ។

នាយកប្រតិបត្តិការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក គ្រីស រ៉េ (Chris Wray) បានប្រាប់គណៈកម្មការសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកថា ច្បាប់ចិនតម្រូវឲ្យក្រុមហ៊ុននានា «ធ្វើអ្វីដែលរដ្ឋាភិបាលចង់ឲ្យពួកគេធ្វើ ទាក់ទងនឹងការចែករំលែកព័ត៌មាន ឬធ្វើជាឧបករណ៍របស់រដ្ឋាភិបាលចិន»។

រដ្ឋាភិបាលរបសើលោក ចូ បាយដិន បានពិភាក្សាជាមួយមន្ត្រីក្រុមហ៊ុន តិកតុក អស់រយៈពេលជាច្រើនខែកន្លងមកហើយ ដើម្បីឈានដល់បង្កើតកិច្ចព្រមព្រៀងផ្នែកសន្តិសុខជាតិ សម្រាប់ការពារទិន្នន័យរបស់អ្នកប្រើប្រាស់រាប់រយលាននាក់ នៅក្នុងសហរដ្ឋអាមេរិក។

ម្ចាស់ក្រុមហ៊ុន តិកតុក ក៏កំពុងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់នៅកន្លែងផ្សេងទៀតផងដែរ ដូចនៅចក្រភពអង់គ្លេស ម្ចាស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម តិកតុក អាចប្រឈមនឹងការផាកពិន័យ ជាទឹកប្រាក់ចំនួន២៩លានដុល្លារ ចំពោះការខកខានក្នុងការការពារឯកជនភាពរបស់កុមារ នៅពេលពួកគេកំពុងប្រើប្រាស់៕

By Ana

You missed