ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃនេះ បានដោះលែងអ្នកទោសម្នាក់ ជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកនៅកោះបាលី កាលពីឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សជាង២០០នាក់ បន្ទាប់ពីបានអនុវត្តទោសក្នុងគុកបានត្រឹមតែជាងពាក់កណ្តាលប៉ុណ្ណោះ។
លោក អ៊ូម៉ា ប៉ាតេក (Umar Patek) អាយុ៥២ឆ្នាំ គឺសមាជិកក្រុមអង្គការ ឥស្លាមជ្រុលនិយម ចេម៉ាអះ ឥស្លាមីយះ (Jemaah Islamiyah) ដែលជាបណ្តាញក្រុមភេរវករ អាល់ កៃដា (Al Qaeda) ត្រូវបានកាត់ទោសឲ្យជាប់គុក២០ឆ្នាំ កាលពីឆ្នាំ២០១២ បន្ទាប់ពីរកឃើញថា បុរសនេះមានពិរុទ្ធពីបទផលិតគ្រាប់បែកច្នៃ ដែលប្រើក្នុងការវាយប្រហារក្លឹបកម្សាន្តចំនួនពីរកន្លែង នៅរមណីយដ្ឋាន លើកោះបាលី ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងច្បាប់ និងសិទ្ធិមនុស្ សកាលពីថ្ងៃពុធ បានប្រកាសថា បន្ទាប់ពីត្រូបានដោះលែងឲ្យមានសេរីភាព លោក អ៊ូម៉ា ប៉ាតេក នឹងត្រូវតម្រូវឲ្យចូលរួមក្នុងកម្មវិធីអប់រំ រហូតដល់ខែមេសា ឆ្នាំ២០៣០។
ក្រសួងបានបន្ថែមថា ការលើកលែងទោសនឹងត្រូវបានលុបចោលវិញ ប្រសិនបើជននេះបំពានលើលក្ខខណ្ឌណាមួយក្នុងអំឡុងពេលព្យួរទោស។
ការវាយប្រហារ នៅកោះបាលី គឺជារឿងដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រឥណ្ឌូនេស៊ី ហើយបាននាំឲ្យមានការបង្រ្កាបលើក្រុមឥស្លាមជ្រុលនិយម ចេម៉ាអះ ឥស្លាមីយះ។ ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ក៏បានផ្តល់មូលនិធិ និងជំនួយដើម្បីពង្រឹងប្រតិបត្តិការប្រឆាំងភេរវកម្មរបស់រដ្ឋាភិបាលទីក្រុងហ្សាកាតា ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី បានប្រកាស កាលពីខែសីហា ឆ្នាំ២០២២ថា លោក អ៊ូម៉ា ប៉ាតេក មានសិទ្ធិទទួលបានការលើកលែងទោស បន្ទាប់ពីទទួលបានការកាត់បន្ថយការកាត់ទោស ដែលត្រូវបានរងការរិះគន់ពីប្រទេសអូស្ត្រាលី ដែលមានប្រជាជនរបស់ខ្លួនស្លាប់រហូតដល់៨៨នាក់។
កាលពីថ្ងៃព្រហស្បតិ៍ លោក ភីតធើ ហាក់ (Peter Hughes) ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស២០២នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែក បាននិយាយថា អ្នកផលិតគ្រាប់បែកសមតែទទួលជាប់គុកឲ្យបានយូរបំផុត។
លោក អ៊ូម៉ា ប៉ាតេក ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំ២០១១ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជិត១០ឆ្នាំ។
រដ្ឋអាជ្ញាឥណ្ឌូនេស៊ី បានទាមទារឲ្យកាត់ទោសដាក់គុកមួយជីវិត ប៉ុន្តែដោយសារតែគាត់បានបង្ហាញការសោកស្តាយក្នុងអំឡុងពេលសវនាការ ទើបចៅក្រម សម្រេចដាក់ទោសឲ្យជាប់គុកត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ។
លោក អ៊ូម៉ា ប៉ាតេក ក៏ត្រូវបានកាត់ទោសផងដែរ ជុំវិញការចោទប្រកាន់ផ្សេងទៀតទាក់ទងនឹងការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ នៅក្នុងទីក្រុងហ្សាកាតា ក្នុងឆ្នាំ២០០០ ទៅលើព្រះវិហារគ្រឹសសាសនា ដែលបានសម្លាប់មនុស្ស១៩នាក់។
រដ្ឋាភិបាលឥណ្ឌូណេស៊ីតែងតែផ្តល់ការលើកលែងទោសដល់អ្នកទោសរៀងរាល់ឆ្នាំ ក្នុងឱកាសប្រារព្ធទិវាឯករាជ្យជាតិ ថ្ងៃទី១៧ ខែសីហា។
អាជ្ញាធរឥណ្ឌូនេស៊ី បានកត់សម្គាល់ថា លោក អ៊ូម៉ា ប៉ាតេក បានកែខ្លួន បន្ទាប់ពីឆ្លងកាត់កម្មវិធីអប់រំលុបបំបាត់ ក្រុមប្រកាន់ឥស្លាមជ្រុលនិយម។
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក រីឆាត ម៉ាល (Richard Marles) បានសំណូមពរឲ្យប្រទេសឥណ្ឌូនេស៊ី បន្តតាមឃ្លាំមើល លោក អ៊ូម៉ា ប៉ាតេក ក្នុងពេលអនវុត្តការព្យួរទោសនេះ។
កន្លងមក ជនជាប់ពាក់ព័ន្ធនឹងអំពើបោកគ្រាប់បែក នៅកោះបាលីបីនាក់ ត្រូវបានចងឆ្កាងជាប់នឹងបង្គោលឈើ នៅលើកោះតូចមួយ ហើយប្រហារជីវិតដោយការបាញ់នឹងគ្រាប់កាំភ្ហើង។
អ្នកទោសម្នាក់ទៀត ឈ្មោះ អាលី អ៊ីមរ៉ុន (Ali Imron) ដែលបានជួយរៀបចំការវាយប្រហារ និងបានបើកឡានផ្ទុកគ្រឿងបំផ្ទុះនោះ កំពុងជាប់ទោសអស់មួយជីវិត បន្ទាប់ពីបង្ហាញការសោកស្តាយ ក្នុងអំឡុងពេលកាត់ក្តី៕