ប៉េកាំង៖ អតីតមេដឹកនាំចិន លោក ចាង ហ្សេមីន (Jiang Zemin ដែលបានឡើងកាន់អំណាចបន្ទាប់ពីការតវ៉ានៅទីលានធានអានមេន បានទទួលមរណភាពក្នុងអាយុ៩៦ឆ្នាំ នៅក្នុងប្រទេសចិន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់ចិន បាន​និយាយ​ថាលោកបាន​ស្លាប់​ នៅ​រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុង​ទីក្រុង​សៀងហៃ ប្រទេសចិន។

ឥស្សរជនដ៏សំខាន់មួយរូបនៃប្រវត្តិសាស្ត្រចិនក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ លោកបានធ្វើជាអធិបតីក្នុងគ្រាមួយ ដែលប្រទេសចិនបានបើកទូលាយក្នុងទ្រង់ទ្រាយធំ ហើយបានឃើញការរីចម្រើន
យ៉ាងលឿន។

មរណភាពរបស់លោក បានកើតឡើងនៅពេលដែលប្រទេសចិន មានការតវ៉ាដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីការតវ៉ានៅមុខទីលាន ធានអានមេន កាលពីឆ្នាំ១៩៨៩។

សេចក្តីថ្លែងការណ៍របស់បក្សកុម្មុយនិស្តចិន បាននិយាយថា លោកបានស្លាប់ដោយសារជំងឺមហារីកឈាម។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា លោកត្រូវបានគេទទួលស្គាល់ថា «ជាមេដឹកនាំឆ្នើម ដែលមានកិត្យានុភាពខ្ពស់ និងជាអ្នកប្រយុទ្ធរបស់បក្ស
កុម្មុយនិស្តចិន ជាយូរមកហើយ»។

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ រួមទាំងកាសែត និងទីភ្នាក់ងារព័ត៌មានចិន បានដូរគេហទំព័រទៅជាពណ៌ខ្មៅ និងស ដើម្បីសម្តែងការចូលរួមកាន់ទុក្ខចំពោះមរណភាពមេដឹកនាំរបស់ខ្លួន។

លោក ចាង ហ្សេមីន បានឡើងកាន់អំណាចបន្ទាប់ពីការបង្រ្កាបដ៏បង្ហូរឈាមឆ្នាំ១៩៨៩ លើក្រុមបាតុករទាមទារលទ្ធិប្រជាធិបតេយ្យ នៅទីលាន ធានអានមេន ទីក្រុងប៉េកាំង។

ព្រឹត្តិការណ៍នេះបានបង្កឲ្យមានការតស៊ូអំណាចដ៏ជូរចត់នៅថ្នាក់កំពូលនៃបក្សកុម្មុយនិស្តចិន រវាងអក្រុមអភិរក្ស និងក្រុមកំណែទម្រង់។

ការបង្ក្រាបនាពេលនោះ បាននាំឲ្យលោក ចាង ហ្សេមីន ដែលដើមឡើយត្រូវបានគេមើលឃើញថា ជាមន្ត្រីការិយាធិបតេយ្យ ត្រូវបានដំឡើងឋានៈខ្ពស់។ លោកត្រូវបានជ្រើសរើសជាមេដឹកនាំសម្របសម្រួល ដោយសង្ឃឹមថា លោកនឹងបង្រួបបង្រួម រវាងក្រុមអភិរក្ស និងក្រុមសេរីកំណែទម្រង់។

នៅក្រោមការគ្រប់គ្រងរបស់លោក សេដ្ឋកិច្ចដ៏រឹងមាំមួយ ត្រូវបានបង្កើតឡើង ហើយក្រុមកុម្មុយនិស្តបានរឹតបន្តឹងការក្តាប់អំណាច រហូតធ្វើឲ្យប្រទេសចិនបានកាន់តំណែងនៅក្នុងតារាងកំពូលនៃមហាអំណាចពិភពលោក។

លោកបានមើលការខុសត្រូវលើការប្រគល់ទឹកដីហុងកុង មកវិញ ដោយសន្តិវិធី ក្នុងឆ្នាំ១៩៩៧ និងការចូលរួមរបស់ចិន ទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក នាឆ្នាំ២០០១ ដែលបានភ្ជាប់ប្រទេសជាមួយសេដ្ឋកិច្ចពិភពលោក។

ប៉ុន្តែ​កំណែទម្រង់​នយោបាយ​ក៏​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ម្ខាង ហើយ​លោក​បានបំបាត់ចោលការ​ខ្វែងគំនិត​ផ្ទៃក្នុង ខណបន្ត​ជំហរ​រឹងប៉ឹង​លើ​កោះតៃវ៉ាន់។ លោកត្រូវបានគេរិះគន់ចំពោះការបង្រ្កាបយ៉ាងធ្ងន់ធ្ងរលើក្រុមសាសនា ហ្វាលូនគង់ ក្នុងឆ្នាំ១៩៩៩ ដែលគំរាមកំហែងដល់បក្សកុម្មុយនិស្ត។

លោកក៏ចង់ធានាថា តំណែងរបស់លោកនៅក្នុងបក្សកុម្មុយនិស្ត មានសុវត្ថិភាព ហើយបានបង្កើតនូវមនោគមវិជ្ជានយោបាយផ្ទាល់ខ្លួនរបស់លោក តាមរយៈទ្រឹស្តីតំណាងបី ដើម្បីធ្វើទំនើបកម្មបក្ស។

ក្នុងអំឡុងពេលកាន់អំណាច លោក ចាង ហ្សេមីន បានខិតខំពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជាច្រើនដង និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយប្រធានាធិបតី អាមេរិក នៅក្នុងសង្រ្គាមលើភេរវកររបស់រដ្ឋាភិបាលឲឲទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការវាយប្រហារ ខែកញ្ញា ឆ្នាំ២០១១។

អ្នកស្នងតំណែងរបស់លោក ចាង ហ្សេមីន ជាប្រធានាធិបតី គឺលោក ហ៊ូ ជីនថាវ (Hu Jintao)។

ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) គ្រោងចូលរួមពិធីបុណ្យសពរបស់លោក៕

By Ana

You missed