ក្រុងតេអ៊ីរ៉ង់៖ បុរសម្នាក់ត្រូវបានកងកម្លាំងសន្តិសុខនៅភាគខាងជើងប្រទេសអ៊ីរ៉ង់ បាញ់សម្លាប់ខណៈក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ប្រមូលផ្តុំគ្នាអបអរសាទរ ចំពោះការដកក្រុមបាល់ទាតជម្រើសជាតិអ៊ីរ៉ង់ ចេញពីការប្រកួត World Cup ក្រោយប្រកួតចាញ់អាមេរិក។
ក្រុមអ្នកតវ៉ា បាននិយាយថា លោក មេរ៉ាន់ សាម៉ាក់ (Mehran Samak) ត្រូវបានបាញ់ចំក្បាល បន្ទាប់ពីគាត់បានចុចស៊ីផ្លេរថយន្តរបស់គាត់ កាលពីយប់ថ្ងៃអង្គារ ដើម្បីអបអរសាទរក្រុមជម្រើមជាតិប្រកួតចាញ់គេ។
ឃ្លីបវីដេអូពីទីក្រុងផ្សេងទៀត បានបង្ហាញពីក្រុមមនុស្ស ដែលបានអបអរសាទរ និងរាំតាមដងផ្លូវ។
ប្រជាជនអ៊ីរ៉ង់ជាច្រើន បានបដិសេធមិនគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន ដែលចូលរួមប្រកួត World Cup នៅក្នុងប្រទេសកាតា ដោយមើលឃើញថា វាជាតំណាងនៃសាធារណរដ្ឋអ៊ីស្លាម។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានស្តីបន្ទោសអំពើអរិភាពបង្កឡើងទាំងក្នុង និងក្រៅប្រទេស អ៊ីរ៉ង់ ដែលបានដាក់សម្ពាធយ៉ាងងអយុត្តិធម៌មកលើក្រុមកីឡាករជម្រើសជាតិ បន្ទាប់ពីការចាញ់ក្រុមកីឡាករសហរដ្ឋអាមេរិក ១-០ នៅក្នុងការប្រកួតក្នុងពូល។
នៅក្នុងការប្រកួតជាមួយអាមេរិក នាពេលនោះ កីឡាករជម្រើសជាតិ អ៊ីរ៉ង់ មិនច្រៀងចម្រៀងជាតិ មុនការប្រកួតឡើយ។ ប៉ុន្តែពួកគេបានច្រៀង នៅការប្រកួតជាមួយកីឡាករប្រទេស វេលស៍ ដែលកីឡាករអ៊ីរ៉ង់ បានយកឈ្នះក្នុងលទ្ធផល២-០។
ភាពចលាចលបានចាប់ផ្តើម កាលពី១០សប្តាហ៍មុន បន្ទាប់ពីការស្លាប់នៅក្នុងបន្ទប់ឃុំឃាំងរបស់ស្ត្រីអ៊ីរ៉ង់ អាយុ២២ឆ្នាំ ដែលត្រូវប៉ូលីសចាប់ខ្លួន ពីបទរំលោភលើច្បាប់ ដែលតម្រូវឲ្យស្ត្រីគ្របក្បាលនៅពេលដើរចេញតាមទីសាធារណៈ។
អាជ្ញាធរអ៊ីរ៉ង់ បានឆ្លើយតបនឹងអ្វីដែលគេចាត់ទុកថា ជាអំពើកុប្បកម្មគាំទ្រដោយបរទេស រហូតបង្កជាអំពើហិង្សាធ្វើឲ្យមនុស្សយ៉ាងហោចណាស់៤៤៨នាក់ស្លាប់ ក្នុងនោះមានកុមារ៦០នាក់ផងដែរ។ ចំណែកមនុស្សជាង១៨,០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។
ក្រុមការពារសិទ្ធិមនុស្សអ៊ីរ៉ង់ បានរាយការណ៍ថា មន្ត្រីសន្តិសុខអ៊ីរ៉ង់ បានបាញ់សម្លាប់លោក មេរ៉ាន់ សាម៉ាក់ អាយុ២៧ឆ្នាំ នៅពេលគាត់បានចុចស៊ីផ្លេរថយន្តរបស់គាត់ ដើម្បីអបអរសាទរការបរាជ័យរបស់ក្រុមបាល់ទាត់អ៊ីរ៉ង់៕