ទីក្រុងគៀវ៖ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការសម្រាប់ការវាយលុកលើតំបន់គ្រីមៀ ដើម្បីដណ្តើមយកឧបទ្វីប ដែលបានបោះឆ្នោតឲ្យរួបរួមគ្នាជាមួយរុស្ស៊ី ក្នុងឆ្នាំ២០១៤។
រដ្ឋាភិបាលទីក្រុងមូស្គូធ្លាប់បានអះអាងថា ការភ័យខ្លាចបែបនេះ គឺជាហេតុផលមួយនៅពីក្រោយការវាយលុករបស់យោធារុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។
អតីតមេបញ្ជាការអ៊ុយក្រែន បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការនេះត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
អតីតមេបញ្ជាការការទ័ពតាមអាកាស អ៊ុយក្រែន បានប្រាប់សារព័ត៌មានថា ប្រសិនបើកងទពប្រកាសពីចេតនារបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬទូរទស្សន៍ វានឹងមិនទទួលបានអ្វីទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ប្រតិបត្តិការ ដែលបានរៀបចំឡើងដើម្បីដណ្តើមយកឧបទ្វីបនេះ មិនមែនជាការវាយលុកដោយគ្មានន័យឡើយ ហើយនឹងធ្វើឡើងដោយប្រើការរួមបញ្ចូលគ្នានៃកងទ័ពជើងគោក ការចុះចតលើសមុទ្រ និងការវាយប្រហារតាមអាកាស រួមទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកផងដែរ។
លោកបាននិយាយថា «យើងនឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ម្តងទៀត»។
លោកបានសង្កត់ធ្ងន់ថា នៅមានការប្រយុទ្ធជាច្រើនដើម្បីឈ្នះមុនពេល ដែលកងទ័ពអាចពិចារណាពីពេលវេលាសម្រាប់ការវាយប្រហារបែបនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ធ្លាប់បានអះអាងកាលពីមុនថា អ៊ុយក្រែនកំពុងរៀបចំផែនការវាយលុកនៅឧបទ្វីបគ្រីមៀ និងតំបន់ដូនបាស់។
អ្នកជំនាញខាងយោធា បានព្រមានថា កិច្ចខិតខំប្រឹងប្រែងដើម្បីដណ្តើមយកទឹកដី គ្រីមៀ មកវិញដោយបង្ខំ ឬទឹកដីនៃសាធារណរដ្ឋ ដូនបាស់ ដែលទើបបានចូលរួមជាមួយរុស្ស៊ី បន្ទាប់ពីធ្វើប្រជាមតិជាសាធារណៈ អាចបង្ហាញថា មានតម្លៃថ្លៃណាស់សម្រាប់រដ្ឋាភិបាលទីក្រុង គៀវ និងជំរុញឲ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ បង្កើនការវាយប្រហារថែមទៀត ប្រហែលអាចឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ។
ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិក លោក ម៉ាក មីល្លី (Mark Milley) បាននិយាយនៅដើមខែនេះថា ជ័យជម្នះរបស់យោធាអ៊ុយក្រែន ដែលរួមបញ្ចូលទាំងការដណ្តើមយកតំបន់គ្រីមៀ ទំនងជានឹងកើតឡើងនៅពេលឆាប់ៗនេះ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងគៀវ បានទទូចថា ខ្លួនប្តេជ្ញាដណ្តើមយកឧបទ្វីបនេះ និងគ្មានបំណងចង់ស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ ដែលកំពុងបន្តជាមួយទីក្រុងមូស្គូ។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ក៏បានស្នើកាលពីដើមខែនេះថា កងកម្លាំងអ៊ុយក្រែនអាចឈានជើងចូលទៅក្នុងទឹកដី គ្រីមៀ នៅចុងខែធ្នូ ឆ្នាំ២០២២នេះ។
ទឹកដីគ្រីមៀ បានបោះឆ្នោតចូលរួមជាមួយរុស្ស៊ីនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីកុបកម្មហិង្សានៅទីក្រុងគៀវ ដែលបានបណ្តេញប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យចេញតំណែង តាមរយៈបដិវត្តព៌ណទឹកក្រូច។
កាលពីចុងខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងការពារទឹកដីថ្មីរបស់ខ្លួនដោយប្រើកម្លាំងរួម និងគ្រប់មធ្យោបាយ ដែលរុស្ស៊ីមាន៕