ហ្សាការតា៖ ក្រុមកីឡាករបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ី ប្រហែលជាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតដណ្តើមយកពានរង្វាន់ World Cup បានទេ ប៉ុន្តែក្រុមហ៊ុនមានទីតាំងនៅកោះជ្វាខាងកើត កំពុងបន្សល់ទុកនូវអត្តសញ្ញាណជាតិ ក្នុងនាមជាអ្នកបង្កើតបាល់សម្រាប់ប្រកួតផ្លូវការរបស់ប្រទេសកាតា។

ផលិតផលបាល់ឈ្មោះ អាល់ រីឡា (Al Rihla) ដែលជាបាល់ទាត់ផ្លូវការសម្រាប់ប្រទេសកាតា នៅឆ្នាំ២០២២នេះ ត្រូវបានផលិតនៅកោះជ្វាខាងកើត នៃប្រទេសឥណ្ឌូនេស៊ី។

ក្រុមហ៊ុនផលិតសម្ភារៈកីឡារបស់ប្រទេសឥណ្ឌូនេស៊ី បានបើករោងចក្ររបស់ខ្លួន នៅឆ្នាំ២០១៩ ដោយមានបុគ្គលិកជាង២ ០០០នាក់។

តំណាងក្រុមហ៊ុនផលិតបាល់ បាននិយាយថា បាល់ប្រកួតផ្លូវការ គឺជាប្រភពនៃមោទនភាពសម្រាប់តំបន់ ហើយបានផ្តល់នូវកំណើនសេដ្ឋកិច្ចក្នុងស្រុក ចាប់តាំងពីឆ្នាំ២០២០។

លោកបាននិយាយថា «នៅពេលយើងបើករោងចក្រនៅឆ្នាំ២០២០ យើងមានមោទនភាពខ្លាំងណាស់។ រោងចក្រមានប្រយោជន៍ខ្លាំងណាស់សម្រាប់ពួកយើង»។

អាល់ រីឡា ដែលជាឈ្មោះផលិតផលបាល់ គឺមានន័យថា “ដំណើរ” ជាភាសាអារ៉ាប់ កំពុងត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន អាឌីដាស់ (Adidas) និងសហការជាមួយក្រុមហ៊ុន ពូម៉ា (PUMA), ក្រុមហ៊ុន យូអេចអិល ស្ប៉ត (UHLsport) និងក្រុមហ៊ុនមីស៊ូណូ (Mizuno) ដើម្បីផលិតឧបករណ៍កីឡា នាំចេញទៅលក់នៅទូទាំងពិភពលោក។

តំណាងក្រុមហ៊ុន បាននិយាយទៀតថា ចំណែកវត្ថុបាល់សម្រាប់ជាអនុស្សាវរីយ៍ចំនួនមួយលាន ត្រូវបានផលិតឡើងនៅក្នុងរោងចក្រ ហើយនឹងត្រូវបញ្ជូនទៅប្រទេសប្រេស៊ីល ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអារ៉ាប់រួម សម្រាប់រំឭកដល់ការប្រកួតបាល់ទាត់ពិភពលោក។

លោកបាននិយាយថា រោងចក្រ និងការបញ្ជាទិញសម្រាប់បាល់ទាត់រាប់លាន បានផ្តល់ការងារដល់កម្មករវ័យក្មេងរាប់ពាន់នាក់ នៅកោះជ្វាខាងកើត ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច ដោយសារបញ្ហាជំងឺរាតត្បាត កូវីដ-១៩ និងការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។

យោងតាមការិយាល័យស្ថិតិរបស់ប្រទេសឥណ្ឌូនេស៊ី សេដ្ឋកិច្ចរបស់កោះជ្វាខាងកើត បានកើនឡើងចំនួន៣.៣៤ភាគរយ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ដែលរោងចក្រនេះក៏បានរួមចំណែកចំពោះកំណើននេះដែរ។

ក្រសួងការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ី បានស្ងើចសរសើរដល់ការនាំចេញកីឡាបាល់ទាត់ ដោយនិយាយថា វាផ្តល់ឲ្យប្រជាជននៅកោះជ្វាខាងកើត នូវឱកាសដើម្បីក្លាយជាផ្នែកនៃកិត្តិយស និងសេដ្ឋកិច្ចរបស់ពិភពលោក។

បើយោងតាមស្ថិតិរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី កោះជ្វាខាងកើត ត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលរួមចំណែកច្រើនជាង១៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌូនេស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលកោះជ្វាខាងកើត តែងតែត្រូវបានគេស្គាល់សម្រាប់ឧស្សាហកម្មខ្នាតធំ ដូចជាការសាងសង់កប៉ាល់ ផលិតក្រដាស និងការផលិតស៊ីម៉ងត៍ តំណាងក្រុមហ៊ុនផលិតបាល់ទាត់ បានរៀបរាប់ថា ជំងឺរាតត្បាតកូវី-១៩ បានបង្កើនការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច និងការកាត់បន្ថយការងារយ៉ាងច្រើនដល់ប្រជាជននៅលើកោះនេះ។

លោកបាននិយាយថា «ជាសំណាងល្អ រោងចក្រ បានក្លាយជានិមិត្តរូបរបស់យើងនៃសេដ្ឋកិច្ចងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត។ យើង​មាន​អារម្មណ៍​ថា​ ឥឡូវហាក់​ដូច​ជា​តំបន់​នេះ​មាន​ជីវិត​ថ្មី​ ព្រោះរោងចក្រ និង World Cup បានផ្តល់ប្រភពការងារឡើងវិញ»។

បាល់ឈ្មោះ អាល់ រីឡា គឺជាបាល់ផ្លូវការទី១៤ នៃការប្រកួតបាល់ទាត់ពិភពលោក ហើយបើយោងទៅតាមសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) គឺជាបាល់លឿនបំផុត និងរត់ត្រង់បំផុត។

បាល់នេះមានការរចនាជារូបទូកប្រពៃណីអារ៉ាប់ មានពណ៌ចម្រុះពណ៌ខៀវ ក្រហម និងលឿង ដែលមានន័យថា តំណាងឲ្យទេសភាពនៃប្រទេសកាតា។

បាល់ឈ្មោះ អាល់ រីឡា ក៏ជាបាល់ World Cup ដំបូងគេ ផលិតផ្តាច់មុខដោយទឹកថ្នាំ និងកាវ ដែលមិនសូវមានគ្រោះថ្នាក់ដល់បរិស្ថាន។

នាយកផ្នែកទីផ្សាររបស់ FIFA បាននិយាយថា «ការធ្វើដំណើរជុំវិញពិភពលោករបស់បាល់ឈ្មោះ អាល់ រីឡា នឹងតំណាងឲ្យការឈានទៅដល់ភាពអស្ចារ្យនៃ World Cup និងផ្តល់ឲ្យអ្នកគាំទ្រនូវឱកាសពិសេសមួយ ដើម្បីចូលរួមជាមួយព្រឹត្តិការណ៍នេះ»។

ប្រធានសមាគមអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា លោកមានមោទនភាព ដែលផលិតផលរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងតែទទួលបានការស្ងើចសរសើរជាសកលសម្រាប់គុណភាពខ្ពស់របស់វា។

លោកនិយាយថា «ក្នុងនាមជាអ្នកគាំទ្រក្រុមជម្រើសជាតិឥណ្ឌូនេស៊ី យើងមានមោទនភាពចំពោះបាល់ឈ្មោះ អាល់ រីឡា។ ទោះបីជាក្រុមជម្រើសជាតិរបស់យើងមិនអាចចូលរួមព្រឹត្តិការណ៍ World Cup លើកនេះក៏ដោយ ក៏ផលិតផលបាល់ក្នុងស្រុករបស់យើង លក់នៅពាសពេញសកលលោក»៕

By Ana

You missed