ក្រុងប្រ៊ុចសែល៖ ប៉ូលិសបានបិទផ្នែកខ្លះនៃកណ្តាលទីក្រុងប្រ៊ុចសែល បានដាក់ពង្រាយកាណុងបាញ់ទឹក និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សកាលពីថ្ងៃអាទិត្យបន្ទាប់ពីមានអំពើហិង្សាក្នុងអំឡុងពេល និងបន្ទាប់ពីការទទួលជ័យជម្នះ ២-០ របស់ម៉ារ៉ុក លើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍ World Cup។
ប៉ូលីសបានប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីហ្វូងមនុស្សបង្កការបំផ្លិចបំផ្លាញនៅកណ្តាលទីក្រុង ប្រ៊ុចសែល បន្ទាប់ពីក្រុមកីឡាកររបស់ប្រទេសម៉ារ៉ុក ប្រកួតឈ្នះក្រុមកីឡាករ បែលហ្ស៊ិក ក្នុងការប្រកួតយប់មិញ នៅប្រទេសកាតា។
កុប្បកម្មរាប់សិបនាក់ បានក្រឡាប់ និងដុតរថយន្តមួយគ្រឿង ដុតម៉ូត និងប្រើដុំឥដ្ឋគប់បំផ្លាញរថយន្តប៉ូលីស។ អ្នកនាំពាក្យប៉ូលីស បាននិយាយថា អ្នកគាំទ្រមួយចំនួន ប្រដាប់ដោយដំបង ហើយអ្នកកាសែតម្នាក់ បានរងរបួសមុខដោយសារផាវ។
អភិបាលក្រុង ប្រ៊ុចសែល បានអំពាវនាវឲ្យប្រជាជននៅឆ្ងាយពីកណ្តាលទីក្រុង ហើយបាននិយាយថា អាជ្ញាធរកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ។ សូម្បីតែផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើងលើដី ក៏ត្រូវបានផ្អាកដំណើរការសិនដែរ។
លោកអភិបាលក្រុង បាននិយាយថា «ខ្ញុំថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះឧប្បត្តិហេតុនៅរសៀលនេះ។ ប៉ូលិសបានធ្វើអន្តរាគមន៍យ៉ាងម៉ឺងម៉ាត់រួចហើយ។ ដូច្នេះ ខ្ញុំសូមណែនាំអ្នកគាំទ្រដែលចូលមកកណ្តាលក្រុង។ ប៉ូលីសកំពុងធ្វើការអស់ពីសមត្ថភាព ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ»។
ចំណែកប៉ូលីស នៅក្នុងប្រទេសហូឡង់ ដែលនៅជាប់ប្រទេសបែលហ្ស៊ីក បាននិយាយថា អំពើហិង្សាក៏បានផ្ទុះឡើងនៅក្នុងទីក្រុងកំពង់ផែ រ៉ូតធើដាំ ផងដែរ ដោយក្រុមមន្ត្រីនគរបាលបង្ក្រាបកុប្បកម្មបានព្យាយាមបំបែកក្រុមអ្នកគាំទ្របាល់ទាត់ ប្រមាណ៥០០នាក់ ដែលបានវាយបុរហារប៉ូលិសដោយប្រើផាវ និងដប។
ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីភាពចលាចលនៅក្នុងរដ្ឋធានី អាំស្ទើដាំ និងទីក្រុងឡាអេ ប្រទេសហូលឡង់ផងដែរ។
អារម្មណ៍របស់ប្រជាជន បែលហ្ស៊ិក គឺផ្ទុយស្រឡះពីអារម្មណ៍របស់ប្រជាជន ម៉ារ៉ុក ដែលនាំឈរតាមដងផ្លូវក្នុងទីក្រុង ដើម្បីអបអរសាទរ ដោយរាំច្រៀង និងគ្រវីទង់ជាតិ ម៉ារ៉ុក ខណៈអ្នកបើកបរបានចុចស៊ីផ្លេ នៅពេលបើកឡានតាមដងផ្លូវ។
ជ័យជម្នះរបស់ក្រុមកីឡាករម៉ារ៉ុក លើក្រុមកីឡាករ បែលហ្ស៊ិក គឺជាការខកចិត្តដ៏ធំមួយនៅ World Cup។ ចំណែកអ្នកគាំទ្របានអបអរសាទរយ៉ាងក្លៀវក្លក្នុងចំណោមជនអន្តោប្រវេសន៍ម៉ារ៉ុក រស់នៅក្នុងទីក្រុងជាច្រើនរបស់បែលហ្ស៊ិក៕