ក្រុងតៃប៉ិ៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សប្រជាធិបតេយ្យរីកចម្រើន បន្ទាប់ពីយុទ្ធសាស្រ្តរបស់លោកស្រីក្នុងការរៀបចំការបោះឆ្នោតក្នុងស្រុកដើម្បីបង្ហាញពីការប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន បានបរាជ័យ និងទទួលបានការគាំទ្រពីសាធារណៈជនតិចតួច។
លោកស្រីបានប្រកាសលាលែងពីតំណែងក្នុងសុន្ទរកថាបែបប្រពៃណី កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីបាត់បង់ការគាំទ្រច្រើននៅថ្នាក់មូលដ្ឋាន ក្នុងរយៈពេលដ៏ខ្លីមួយ។
លោកស្រី សៃ អ៊ីងវិន បានមានប្រសាសន៍ថា «ខ្ញុំត្រូវតែទទួលខុសត្រូវទាំងអស់។ ប្រឈមនឹងលទ្ធផលបែបនេះមានវិស័យជាច្រើន ដែលយើងត្រូវតែពិនិត្យមើលឡើងវិញឲ្យបានច្បាស់លាស់»។
ការបោះឆ្នោតជ្រើសរើសអភិបាលក្រុង ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សានៅថ្នាក់មូលដ្ឋាន គឺផ្តោតលើបញ្ហាក្នុងស្រុក ដូចជាជំងឺរាតត្បាត កូវីដ-១៩ និងឧក្រិដ្ឋកម្ម ហើយបេក្ខជនជាប់ឆ្នោត នឹងមិននិយាយចំៗ អំពីគោលនយោបាយរបស់ប្រទេសចិននោះទេ។
ប៉ុន្តែ លោកស្រី សៃ អ៊ីងវិន បានមានប្រសាសន៍ថា ពិភពលោកនឹងមើលពីរបៀប ដែលកោះតៃវ៉ាន់ការពារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ចំពេលមានភាពតានតឹងផ្នែកយោធាជាមួយចិន ដែលទាមទារយកកោះតៃវ៉ាន់ទៅគ្រប់គ្រង។
គណបក្សប្រឆាំងធំជាងគេរបស់កោះតៃវ៉ាន់ គឺគណបក្ស គួម៉េងតាង បាននាំមុខគេ និងទទួលជ័យជម្នះ ក្នុងចំណោម១៣អភិបាលក្រុង និងចៅហ្វាយស្រុកចំនួន២១កៅអី រួមទាំងអភិបាលរដ្ឋធានីតៃប៉ិផងដែរ។
គណបក្សប្រជាធិបតេយ្យរីកចម្រើនរបស់លោកស្រី ទទួលបានប្រាំអាសនៈ ដែលជាលទ្ធោលស្រដៀងគ្នាទៅនឹងលទ្ធផលនៃការបោះឆ្នោតក្នុងស្រុក កាលចុងឆ្នាំ២០១៨។
លោកស្រី បានប្រាប់អ្នកយកព័ត៌មាន នៅឯទីស្នាក់ការកណ្តាលរបស់គណបក្ស នៅពេលប្រកាសលាឈប់ពីតំណែងប្រធានគណបក្ស ដែលលោកស្រីក៏បានប្រកាសលាលែងពីតំណែងប្រធានដែរ បន្ទាប់ពីលទ្ធផលបោះឆ្នោតមិនល្អក្នុងឆ្នាំ២០១៨។
លោកស្រី សៃ អ៊ីងវិន បានមានប្រសាសន៍ថា «លទ្ធផលបានបរាជ័យ ខុសពីការរំពឹងទុករបស់យើង។ យើងទទួលយកលទ្ធផលនេះ ហើយទទួលយកការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់។
លោកស្រីនឹងបន្តកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ រហូតដល់ឆ្នាំ២០២៤ ដើម្បីធានាស្ថិរភាពនយោបាយកោះតៃវ៉ាន់ ក្នុងពេលវេលាដ៏លំបាក រួមទាំងស្ថានភាពក្នុងស្រុក និងអន្តរជាតិ។
ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា លទ្ធផលបានបង្ហាញថា សាធារណជនតៃវ៉ាន់កំពុងពេញនិយមមតិ គឺដើម្បីសន្តិភាព ស្ថិរភាព និងជីវិតល្អ ហើយថា ទីក្រុងប៉េកាំងនឹងបន្តធ្វើការជាមួយ
ប្រជាជនតៃវ៉ាន់ ដើម្បីលើកកម្ពស់ទំនាក់ទំនងសន្តិភាព និងប្រឆាំងនឹងការទាមទារឯករាជ្យភាពរបស់តៃវ៉ាន់ ក៏ដូជាទប់ស្កាត់ការជ្រៀតជ្រែកពីបរទេស។
ទាំងគណបក្សប្រជាធិបតេយ្យរីកចម្រើន និងគណបក្សគួម៉េងតាង ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយចិន បានបដិសេធយ៉ាងដាច់អហង្ការថា ពួកគេមិនគាំទ្រទីក្រុងប៉េកាំង ហើយបានធ្វើខិតខំប្រឹងប្រែងធ្វើយុទ្ធនាការតែនៅក្នុងតំបន់អ្នកមានរស់នៅ និងនៅតាមតំបន់ប្រជាជនតៃវ៉ាន់រស់នៅច្រើន ជាពិសេសនៅក្នុងទីក្រុងតៃប៉ិ។
គណបក្សគួម៉េងតាង បានចោទប្រកាន់លោកស្រី សៃ អ៊ីងវិន និងគណបក្សប្រជាធិបតេយ្យរីកចម្រើនថា មានការប្រឈមមុខដាក់គ្នាខ្លាំងពេក ជាមួយប្រទេសចិនដីគោក។
ប្រទេសចិនបានបង្កើតល្បែងសង្គ្រាម ជិតកោះតៃវ៉ាន់ កាលក្នុងខែសីហា ដើម្បីបង្ហាញពីការខឹងសម្បារចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ របស់ប្រធានសភាអាមេរិក គឺលោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) និងសកម្មភាពយោធាចិន នៅតែបន្តនៅជិតកោះតៃវ៉ាន់ថែមទៀត ទោះបីជាបានកាត់បន្ថយខ្លះក៏ដោយ។
ឥឡូវនេះ ប្រជាជនកោះតៃវ៉ាន់ បានផ្តោតអារម្មណ៍ទៅរកការបោះឆ្នោតប្រធានាធិបតី និងបោះឆ្នោតសភា នៅឆ្នាំ២០២៤ ដែលលោកស្រី សៃ អ៊ីងវិន ធ្លាប់បានឈ្នះភ្លូកទឹកភ្លូកដី នៅឆ្នាំ២០២០ តាមរយៈការសន្យាថា នឹងក្រោកឈរប្រឆាំងប្រទេសចិន និងការពារតៃវ៉ាន់។
បច្ចុប្បន្ននេះ លោកស្រី សៃ អ៊ីងវិន កំពុងកាន់តំណែងប្រធានាធិបតីជាអាណត្តិទីពីរ ហើយមិនអាចឈរឈ្មោះជាប្រធានាធិបតីបានទៀតទេ ដោយសារអស់អាណត្តិ៕