ក្រុងប៉េកាំងៈ តុលាការ​ចិន​ បាន​កាត់ទោស​តារា​ចម្រៀង​ប៉ុប​ជនជាតិ​កាណាដា​ដើម​កំណើត​ចិន គ្រីស អ៊ូ (Kris Wu) ឲ្យ​ជាប់​ពន្ធនាគាររយៈពេល១៣ឆ្នាំ​ បន្ទាប់​ពី​រក​ឃើញ​ថា លោកមាន​ពិរុទ្ធ​បទ​ឧក្រិដ្ឋ​ រួម​ទាំង​ការ​រំលោភ​សេពសន្ថវៈ​ តែ​ក្នុងរយៈពេលជាង​មួយ​ឆ្នាំ​ បន្ទាប់​ពី​ការ​ចាប់ខ្លួននៅ​ប្រទេស​ចិន ជា​កន្លែងកំណើត និង​បង្កើត​អាជីព​រក​ប្រាក់​កម្រៃ។

តុលាការនៅក្នុងខណ្ឌ ឆាវយ៉ាង (Chaoyang) ទីក្រុងប៉េកាំង បាននិយាយថា ការស៊ើបអង្កេតបានបង្ហាញថា ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូឆ្នាំ២០២០ តារាចម្រៀង គ្រីស អ៊ូ ដែលត្រូវបានគេស្គាល់ថា អ៊ូ យីហ្វាន (Wu Yifan) បានចាប់រំលោភស្ត្រីវ័យក្មេងបីនាក់ ដែលងប់ងល់នឹងភាពល្បីល្បាញរបស់លោក។

តុលាការក្នុងទីក្រុងប៉េកាំង បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា «លោក អ៊ូ យីហ្វាង បានកេងប្រយោជន៍ពីស្ត្រីស្រវឹងស្រាបីនាក់ … នៅផ្ទះរបស់លោក»។

អតីត​សមាជិក​ក្រុម K-pop Exo តារា​ឆ្នើម​រូប​នេះ​បាន​វិលត្រឡប់​ពីប្រទេសកាណាដា មកកាន់ប្រទេស​ចិន​វិញ នៅក្នុង​ឆ្នាំ២០១៤ ដើម្បី​បន្ត​អាជីពចម្រៀងនៅលើទឹកដីកំណើត ក្រោយពីទទួលបានការគាំទ្រច្រើនក្នុងចំណោមជនជាតិចិន។

លោក គ្រីស អ៊ូ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារទីក្រុងប៉េកាំង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីនិស្សិតចិន អាយុ១៨ឆ្នាំម្នាក់បានចោទប្រកាន់លោកជាសាធារណៈថា បានលួងលោមនាង និងក្មេងស្រីផ្សេងទៀត ដែលមានអាយុក្រោម១៨ឆ្នាំ រួមភេទជាមួយលោក។

នៅពេលនោះ សិស្សសាលារូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បន្ទាប់ពីនាងបានផឹកស្រាស្រវឹងជោគជាំហើយ តារាចម្រៀង គ្រីស អ៊ូ បានល្បួងនាងឲ្យរួមភេទ នៅពេលនាងទើបមានអាយុ១៧ឆ្នាំ ។

តុលាការ​ចិន ក៏​បាន​រក​ឃើញ​ដែរថា តារាចម្រៀងវ័យក្មេងនេះ មាន​ពិរុទ្ធ​ពី​បទ​ឧក្រិដ្ឋ​នៃ​ការ​ប្រមូល​ផ្តុំ​ហ្វូង​មនុស្ស​ ដើម្បី​រួម​ភេភេទ កាលពីខែ​កក្កដា ឆ្នាំ២០១៨។

ស្ថានទូតកាណាដាប្រចាំនៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់អ្នកសារព័ត៌មានសុំធ្ធ្វើអត្ថាធិប្បាយទេ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា មន្ត្រីស្ថានទូតកាណាដា បានចូលរួមស្តាប់ក្នុងការកាត់ទោសដែរ។

ចំណែកការិយាល័យពន្ធដារចិនវិញ បាននិយាយថា តារាចម្រៀង គ្រីស អ៊ូ ក៏ត្រូវបានតុលាការបង្គាប់ឲ្យបង់ប្រាក់ចំនួន៦០០លានយ័ន ឬស្មើនឹងជាង៨៣លានដុល្លារអាមេរិក ចំពោះបទល្មើសលាក់ប្រាក់ចំណូលផ្ទាល់ខ្លួន និងបទល្មើសទាក់ទងនឹងពន្ធផ្សេងៗទៀត។

អាជ្ញាធរចិន បាននិយាយថា តារាចម្រៀង គ្រីស អ៊ូ បានគេចវេសពីពន្ធចំនួន៩៥លានយន់ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដោយលាក់ប្រាក់ចំណូលផ្ទាល់ខ្លួនតាមរយៈសហគ្រាសពាក់ព័ន្ធក្នុងស្រុក និងបរទេស មួយចំនួន ដោយបានបង់ពន្ធតិចជាង៨៤លានយន់។

នៅពេលត្រូវបានចាប់ឃុំខ្លួន លោក គ្រីស អ៊ូ គឺជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកយីហោល្បីៗ ចំនួន១៥ រួមមាន Bulgari, Lancôme, Louis Vuitton និង Porsche ដែលម្ចាស់ម៉ាកយីហោទាំងអស់នេះបានផ្តាច់ទំនាក់ទំនងជាមួយលោកភ្លាមៗ បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្លូវភេទ។

តុលាការបានចិន បាននិយាយថា តារាចម្រៀង គ្រីស អ៊ូ នឹងត្រូវនិរទេសចេញពីប្រទេសចិន ឲ្យទៅប្រទេសកាណាដាវិញ ទោះបីជាអ្នកច្បាប់នៅក្នុងប្រទេសចិន បាននិយាយថា ការនិរទេសខ្លួនបែបនេះ ជាទូទៅអាចធ្វើទៅបានបន្ទាប់ពីបញ្ចប់ការអនុវត្តទោសឲ្យបានរួចរាល់នៅក្នុងគុករបស់ចិន ជាមុនសិន៕

By Ana

You missed