ប៉េកាំង៖ បាតុកម្មនៅក្នុងប្រទេសចិនប្រឆាំងនឹងវិធានការណ៍កូវីដ-១៩ ដ៏តឹងរឹងរបស់រដ្ឋាភិបាលចិន បានកើនឡើងកាន់តែច្រើនឡើង ដោយមនុស្សមួយចំនួនបានបញ្ចេញកំហឹងជាសាធារណៈទៅលើមេដឹកនាំបក្សកុម្មុយនិស្ត។
បាតុកររាប់ពាន់នាក់ បានចេញមុខតវ៉ានៅទីក្រុងសៀងហៃ ដែលបាតុករមួយចំនួនត្រូវចាប់ខ្លួន។ ចំណែកក្រុមនិស្សិតក៏បានធ្វើបាតុកម្ម នៅតាមសាកលវិទ្យាល័យក្នុងទីក្រុងប៉េកាំង និងនៅក្រុងណានជីង។
ភាពចលាចលចុងក្រោយបង្អស់ បានកើតឡើងបន្ទាប់ពីការតវ៉ានៅទីក្រុង អ៊ូរុមជី ភាគពាយ័ព្យប្រទេសចិន ដែលជាកន្លែងបិទខ្ទប់តឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩។
ក្នុងអំឡុងពេលតវ៉ា កាលពីយប់ថ្ងៃសៅរ៍ នៅទីក្រុងសៀងហៃ ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសចិន និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ការទាមទារពីប្រជាជនត្រូវបានគេស្តាប់ឮដោយបើកចំហ នូវពាក្យបដាទាមទារដូចជា “ស៊ី ជីនភីង ចុះចេញពីដំណែង” និង “បក្សកុម្មុយនិស្ត ចុះចេញពីតំណែង”។
ការទាមទារបែបនេះ គឺជារឿងមិនធម្មតានៅក្នុងប្រទេសចិន ដែលការរិះគន់ដោយផ្ទាល់ទៅលើរដ្ឋាភិបាល និងប្រធានាធិបតី អាចបណ្តាលឲ្យមានការផ្តន្តាទោសយ៉ាងធ្ងន់ធ្ងរ។
ប៉ុន្តែក្រុមអ្នកវិភាគ បាននិយាយថា រដ្ឋាភិបាលហាក់បីដូចប៉ាន់ស្មានមិនច្បាស់ពីការកើនឡើងនូវភាពមិនសប្បាយចិត្តចំពោះវិការការពារកូវីដ-១៩ ដែលជាគោលនយោបាយរបស់លោក ស៊ីន ជីនភីង ដែលនាពេលថ្មីៗនេះ បានសន្យាថា នឹងមិនមានការកែប្រែនោះទេ។
អ្នកតវ៉ាម្នាក់ នៅទីក្រុងសៀងហៃ បាននិយាយ គាត់មានអារម្មណ៍តក់ស្លុត និងរំភើបបន្តិចដែរ ពេលឃើញមនុស្សចេញមកតវ៉ាតាមដងផ្លូវ ដោយហៅថា ជាលើកដំបូងហើយ ដែលគាត់បានឃើញការមិនពេញចិត្តជាទ្រង់ទ្រាយធំបែបនេះនៅក្នុងប្រទេសចិន។
គាត់បាននិយាយថា វិធានបិទខ្ទប់បានធ្វើឲ្យគាត់មានអារម្មណ៍ឈឺចាប់ ខឹង និងអស់សង្ឃឹម ហើយបានធ្វើឲ្យគាត់មិនអាចទៅមើលម្តាយ ដែលកំពុងទទួលការព្យាបាលជំងឺមហារីក។
មនុស្សម្នា បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត កាលពីថ្ងៃអាទិត្យ ដោយដាក់កម្រងផ្កាគោរពជនរងគ្រោះ នៅទីក្រុងសៀងហៃ។ មន្ត្រីប៉ូលិស សន្តិសុខឯកជន និងមន្ត្រីស្លៀកពាក់ស៊ីវិល បានឈរនៅតាមដងផ្លូវ ទល់មុខនឹងក្រុមបាតុករ ដែលបានជួបជុំគ្នា នៅថ្ងៃទីពីរ។
មេដឹកនាំបាតុករ ដែលស្រែកប្រឆាំងរដ្ឋាភិបាល ត្រូវបានគេចាប់អូសទៅឆ្ងាយ ហើយដាល់ ឬរុញឡើងលើរថយន្តប៉ូលិស។
រូបថត និងឃីបវីដេអូជាច្រើន ត្រូវបានក្រុមបាតុករបង្ហោះតាមប្រព័ន្ធអ៊ីនធឺណែត ដែលបង្ហាញពីក្រុមនិស្សិតចាប់ផ្តើមតវ៉ា នៅឯសាកលវិទ្យាល័យ ក្នុងទីក្រុងប៉េកាំង និងនៅក្នុងណានជីង កាលពីថ្ងៃសៅរ៍។ ឃ្លីបវីដេអូទាំងនោះ ភាគច្រើនបង្ហាញពីការរិះគន់ខុសប្លែកពីធម្មតាទៅលើរដ្ឋាភិបាល និងមេដឹកនាំចិន។
មនុស្សរាប់លាននាក់ នឿយហត់នឹងការរឹតបន្តឹងការធ្វើដំណើរក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ និងការធ្វើតេស្ត រកមេរោគកូវីដប្រចាំថ្ងៃ ទើបធ្វើឲ្យកំហឹងបែបនេះរីករាលដាលដល់គ្រប់ទិសទីទាំងអស់នៃប្រទេសចិន ពីទីក្រុងធំៗរហូតដល់តំបន់ឆ្ងាយៗដាច់ស្រាយល ដូចជាខេត្តស៊ីនជាំង និងតំបន់ទីបេ ហើយបានធ្វើឲ្យប៉ះពាល់ដល់គ្រប់ផ្នែកនៃសង្គម រួមទាំងនិស្សិតសាកលវិទ្យាល័យវ័យក្មេង កម្មកររោងចក្រ និងប្រជាពលរដ្ឋសាមញ្ញ។
នៅពេលកំហឹងបែបនេះកើនឡើង ការតវ៉ាប្រឆាំងនឹងវិធានការ កូវីដ-១៩ បានក្លាយទៅជារឿងផ្សេង និងកាន់តែរីកធំឡើង។ សូម្បីតែបាតុកម្មនៅចុងសប្តាហ៍នេះ ក៏មិនធម្មតាដែរ ដោយបាននិយាយរិះគន់ទៅលើរដ្ឋាភិបាល និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង។
ក្បួនដង្ហែតាមដងផ្លូវ ដែលមានមនុស្សរាប់រយនាក់ចូលរួម បានអំពាវនាវឲ្យលោកប្រធានាធិបតី ស៊ី ជីនភីង ចុះចេញពីតំណែង ដែលការទាមទារបែបនេះ ត្រូវបានគេគិតថា ជារឿងគេមិននឹកស្មានដល់។ អ្នកផ្សេងទៀត បានគ្រវីទង់ជាតិចិន និងច្រៀងភ្លេងជាតិ ដែលជាទំនុកច្រៀងបង្ហាញពីឧត្តមគតិបដិវត្តន៍ និងជំរុញប្រជាជនឲ្យក្រោកឡើង។
ការតវ៉ានេះ គឺជាបាតុកម្មចុងក្រោយបង្អស់ប្រឆាំងនឹងវិធានការសូន្យ កូវីដ-១៩ របស់ប្រទេសចិន ដែលធ្វើឲ្យមានកំហឹង និងហ៊ានរិះគន់រដ្ឋាភិបាល និងទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង៕