កាប៊ុល៖ មនុស្ស១២នាក់ រួមទាំងស្ត្រីបីនាក់ ត្រូវបានចាប់ចងវាយដំ នៅចំពោះមុខមហាជនរាប់ពាន់នាក់ នៅឯកីឡដ្ឋានបាល់ទាត់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសារខុសសីលធម៌អ៊ីស្លាម។
មន្ត្រីតាលីបង់ម្នាក់ បាននិយាយថា ក្រុមនេះមានទោសពីបទរំលោភក្រមសីលធម៌ចែចែងក្នុងគុម្ពីរ៊គូរ៉ាន់ដូចជាអំពើផិតក្បត់ លួចប្លន់ និងការរួមភេទជាមួយមនុស្សភេទដូចគ្នា។
ទារុណកម្មបែបនេះ ត្រូវបានគេគិតថា ជាលើកទីពីរហើយ ក្នុងរយៈពេលមួយខែ ដែលក្រុមអ៊ិស្លាមនិយមជ្រុល បានចាប់ចងមនុស្សវាយដំជាសាធារណៈ។
ការផ្លាស់ប្តូរនេះអាចបង្ហាញពីការវិលត្រឡប់ទៅកាន់ការអនុវត្តដ៏តឹងរឹង ដែលបានកើតឡើងនៅក្នុងរបបគ្រប់គ្រងរបស់តាលីបង់ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
អ្នកនាំពាក្យក្រុមតាលីបង់ ប្រចាំតំបន់ភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ស្ត្រីទាំងបីនាក់នេះ ត្រូវបានដោះលែងវិញ បន្ទាប់ពីត្រូវបានផ្តន្ទាទោសរួច។ លោកថា បុរសខ្លះជាប់គុក ប៉ុន្តែមិនច្បាស់ថា មានប៉ុន្មាននាក់នោះទេ។
បុរស និងស្ត្រី ត្រូវគេវាយចន្លោះពី២១ ទៅ៣៩រំពត់។ ចំណែកមន្ត្រីតាលីបង់ម្នាក់ទៀត បាននិយាយថា ចំនួនអតិបរមាសម្រាប់មនុស្សម្នាក់ គឺត្រូវវាយរហូតដល់៣៩រំពត់។
របាយការណ៍មួយ បាននិយាយថា មនុស្ស១៩នាក់ ក៏ត្រូវបានផ្តន្ទាទោស កាលពីសប្តាហ៍មុន ដោយការធ្វើទារុណកម្មវាយដំស្រដៀងគ្នានេះដែរ នៅក្នុងខេត្តភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន។
ការវាយដំធ្វើទារុណកម្មបែបនេះ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីមេដឹកនាំកំពូលរបស់តាលីបង់ លោក ហ៊ីបាតុឡាស់ អាឃុនហ្សាដា (Hibatullah Akhundzada) បានបញ្ជាឲ្យចៅក្រមអនុវត្តការផ្តន្ទាទោសចំពោះបទល្មើសមួយចំនួន ស្របតាមទ្រឹស្តីយ៉ាងតឹងរ៉ឹងនៃគុម្ពី អ៊ីស្លាម ហ្សារីយ៉ា។
ការបកស្រាយនៃច្បាប់ឥស្លាមនេះ រួមមានការប្រហារជីវិតជាសាធារណៈ ការកាត់ដៃជើងចោលជាសាធារណៈ និងការគប់ដុំថ្ម ទោះបីជាបទល្មើសពិតប្រាកដ និងកម្រិតនៃការផ្តន្ទាទោសមិនត្រូវបានកំណត់ជាផ្លូវការ ដោយក្រុមតាលីបង់ក៏ដោយ។
បញ្ជារបស់មេដឹកនាំកំពូលតាលីបង់ គឺជាសញ្ញាចុងក្រោយបង្អស់ ដែលថាពួកតាលីបង់កំពុងប្រកាន់ជំហរតឹងរ៉ឹង រិតត្បិតសិទ្ធិ និងសេរីភាព ទោះបីបានសន្យាថា នឹងគ្រប់គ្រងប្រទេសមិនឲ្យតឹងតែងពេក នៅពេលពួកគេឡើងកាន់អំណាច កាលពីឆ្នាំមុន។
ក្នុងអំឡុងការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន
ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ពួកតាលីបង់ បានទទួលរងការថ្កោលទោសចំពោះការធ្វើទារុណកម្មនៅទីសាធារណៈ រួមទាំងការវាយដំ និងការប្រហារជីវិត នៅពហុកីឡដ្ឋានជាតិ ក្នុងទីក្រុងកាប៊ុល។
រដ្ឋាភិបាលតាលីបង់ ក៏បានប្តេជ្ញាថា នឹងអនុវត្តឡើងវិញ នូវការគាបសង្កត់យ៉ាងឃោរឃៅលើស្ត្រី។ ប៉ុន្តែចាប់តាំងពីការវិលត្រឡប់មកគ្រប់គ្រងអំណាចវិញ សេរីភាពរបស់ស្ត្រីអាហ្វហ្គានីស្ថាន ត្រូវបានរឹតត្បិតយ៉ាងតឹងតែងបំផុត ហើយស្ត្រីមួយចំនួន ត្រូវបានគេវាយធ្វើទារុណកម្មជាសាធារណៈ ដោយសារពួកគេទាមទារសិទ្ធិ សេរីភាព៕