កូឡាឡាំពួ៖ លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) អ្នកនយោបាយជើងចាស់របស់ម៉ាឡេស៊ី ទីបំផុតទទួលបានតំណែងកំពូល បន្ទាប់ពីការបោះឆ្នោត ដែលនាំឲ្យមានការឈ្លោះប្រកែកគ្នា និងអន្តរាគមន៍ពីព្រះមហាក្សត្រ។
លោក អានវ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី តែងតាំងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសម៉ាឡេស៊ី ដែលជាការវិលត្រឡប់មកវិញដ៏មិនគួរឲ្យជឿសម្រាប់បុរសម្នាក់ ដែលនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ត្រូវបានគេបណ្តេញចេញពីតំណឺង និងជាប់គុកជាបន្តបន្ទាប់។
គណបក្សរបស់លោក រួមជាមួយគណបក្សសម្ព័ន្ធភាព បានយកឈ្នះអាសនៈសភាច្រើនជាងគេនៅក្នុងការបោះឆ្នោត កាលពីចុងសប្តាហ៍មុន ប៉ុន្តែមិនមានគណបក្សណាមួយ ឬក្រុមចម្រុះណាមួយ អាចយកឈ្នះដាច់គេ ដោយសំឡេងភាគច្រើន ដើម្បីបង្កើតរដ្ឋាភិបាលថ្មីបានឡើយ។
គណបក្សរបស់លោក រួមនឹងសម្ព័ន្ធគូប្រជែង នៃអភិរក្សនិយមម៉ាឡេ-មូស្លីម ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក មុះយីដឌីន យ៉ាស្ស៊ីន (Muhyiddin Yassin) ដែលមានអាសនៈច្រើនជាងគេទីពីរ បានចាប់ផ្តើមការចរចាដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដោយចាប់ដៃគូសម្ព័ន្ធភាពជាមួយគណបក្សតូចៗ នៅក្នុងរដ្ឋផ្សេងៗទៀត។
គណបក្សជាតិនិយមម៉ាឡេស៊ី ដែលធ្លាប់បានគ្រប់គ្រងប្រទេសម៉ាឡេស៊ី អស់រយៈពេលប្រហែល៦០ឆ្នាំ បានជួបបរាជ័យជាប្រវត្តិសាស្ត្ររបស់ខ្លួន នៅក្នុងការបោះឆ្នោត ឆ្នាំ២០១៨។
ដោយមិនអាចទម្លាយភាពទ័លច្រកបាន ព្រះមហាក្សត្រ ម៉ាឡេស៊ី បានកោះប្រជុំ រវាងលោក អានវ៉ា អ៊ីប្រាហ៊ីម និងលោក មុះយីដឌីន យ៉ាស្ស៊ីន ក៏ដូចជាសមាជិកសភា ដែលទើបជាប់ឆ្នោតថ្មី ដើម្បីបង្ហាញទស្សនៈរបស់ពួកគេថា តើអ្នកណាគួរដឹកនាំរដ្ឋាភិបាលថ្មី។
បន្ទាប់ពីកិច្ចប្រជុំនៃគ្រួសាររាជវង្ស កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រះមហាក្សត្របានប្រកាសថា លោក អានវ៉ា អ៊ីប្រាហ៊ីម នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ហើយនឹងត្រូវស្បថចូលកាន់តំណែង នៅវេលាម៉ោង៥ល្ងាចនេះ៕