ទីក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ បន្ទាប់ពីការទម្លាក់គ្រាប់បែកបណ្ដាលឲ្យដាច់ភ្លើងនៅទូទាំងប្រទេសអ៊ុយក្រែន។
យ៉ាងហោចណាស់ជនស៊ីវិលប្រាំមួយនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ហើយក្រុមមន្ត្រីអ៊ុយក្រែន បានបង្ខំឲ្យបិទម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនបីកន្លែង ដោយសារតែការដាច់ចរន្តអគ្គិសនី។
ចំណែកប្រទេសម៉ុលដូវី ដែលជាប្រទេសជិតខាងអ៊ុយក្រែន ក៏ជួបប្រទះនឹងការដាច់ភ្លើងដែរ ប៉ុន្តែមិនត្រូវបានប៉ះពាល់ដោយផ្ទាល់ទេ។
ជាមួយនឹងរដូវរងាចូលមកដល់ ទីក្រុងម៉ូស្គូបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីរបស់អ៊ុយក្រែន។
ក្រុមមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើស្ថានីយថាមពលអគ្គិសនី បណ្តាលឲ្យខូចខាតយ៉ាងធំធេង ហើយបានធ្វើឲ្យបណ្តាញអគ្គិសនីជាងពាក់កណ្តាលរបស់ប្រទេសនេះ ត្រូវការការជួសជុលឡើងវិញជាបន្ទាន់។
ថ្លែងទៅកាន់កិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយថា ការវាយប្រហារចុងក្រោយនេះបានបង្ខំឲ្យមនុស្សរាប់លាននាក់ ស្នាក់នៅដោយគ្មានការផ្គត់ផ្គង់ថាមពលអគ្គិសនី ដោយគ្មានកំដៅ ដោយគ្មានទឹក ខណៈសីតុណ្ហភាពបានចាប់ផ្តើមធ្លាក់ចុះដល់កម្រិតក្រោមសូន្យអង្សាសេ។
លោកបានប្រាប់ប្រតិភូនៅទីក្រុងញូវយ៉ក តាមរយៈវីដេអូថា «នោះជារូបមន្តនៃអំពើភេរវកម្មរបស់រុស្ស៊ី»។
កាលពីថ្ងៃពុធ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសត្រូវបានប្រកាសនៅទូទាំងប្រទេសអ៊ុយក្រែន អមដោយរបាយការណ៍នៃការផ្ទុះនៅក្នុងទីតាំងមួយចំនួន រួមទាំងនៅរដ្ឋធានីគៀវ និងនៅទីក្រុង ល្វីវ ភាគខាងលិច ផងដែរ។
សេវាសង្គ្រោះបន្ទាន់អ៊ុយក្រែន បាននិយាយថា នៅក្នុងក្រុង ហ្សាប៉ូរីស្យ៉ា ភាគខាងត្បូង ទារកទើបនឹងកើតម្នាក់បានស្លាប់ នៅពេលកាំជ្រួចមួយបានវាយប្រហារមន្ទីរពេទ្យសម្ភព។
ឧត្តមសេនីយ វ៉ាល្លឺរី សាលូស្នី (Valeriy Zaluzhniy) ដែលជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា កាំជ្រួចគ្រូសចំនួន៦៧ដើម ត្រូវបានបាញ់ដោយទីក្រុងមូស្គូ។
ការវាយប្រហារ បានបង្កការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។
ផ្នែកខ្លះនៃទីក្រុងត្រូវបានទុកចោលទីក្រុងគៀវ ដោយគ្មានទឹក និងគ្មានថាមពលទាំងស្រុង។ អភិបាលក្រុងគៀវ បាននិយាយថា យ៉ាងហោចណាស់៨០ភាគរយ នៃប្រជាជនក្នុងទីក្រុងរស់ នៅតែគ្មានថាមពលអគ្គិសនី ឬទឹកសម្រាប់ប្រើប្រាស់។
ក្រសួងថាមពលអគ្គិសនី របស់ប្រទេសអ៊ុយក្រែនបាននិយាយថា រោងចក្រផលិតថាមពលកំដៅ និងវារីអគ្គិសនីភាគច្រើនត្រូវបានបង្ខំឲ្យផ្អាកដំណើរផងដែរ។
មិនយូរប៉ុន្មាន មុនពេលមានរបាយការណ៍ថ្មី ពីទីក្រុង គៀវ និងពីទីក្រុង ល្វីវ មន្ត្រីបាននិយាយថា អ៊ុយក្រែនភាគខាងត្បូង ក៏បានទទួលរងនូវការវាយលុកសារជាថ្មីផងដែរ។
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) មិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់រដ្ឋធានី យេរេវ៉ាន់ (Yerevan) របស់ប្រទេសប្រធានាធិបតីអាមេនីនោះទេ ប៉ុន្តែលោកបានសន្យាថា អនាគត និងភាពជោគជ័យនៃប្រតិបត្តិការពិសេស គឺគ្មានការសង្ស័យឡើយ។
រដ្ឋាភិបាលទីក្រុងមូស្គូ បាននិយាយថា ការវាយប្រហារបណ្តាញថាមពលអគ្ឲគិសនីរបស់អ៊ុយក្រែន អាចធ្វើឱ្យចុះខ្សោយសមត្ថភាពប្រយុទ្ធ និងជំរុញមេដឹកនាំអ៊ុយក្រែនងាកទៅកាន់តុចរចា។
ប៉ុន្តែប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានសរសេរដារនៅលើ Twitter ថា ការវាយប្រហារបែបនេះប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បង្កើតជាឧក្រិដ្ឋកម្មសង្រ្គាម។
ចំណែកឧបនាយករដ្ឋមន្ត្រីប្រទេស ម៉ុលដូវី លោក អង់ត្រ ស្ពីនូ (Andrei Spinu) បានសរសេរសារនៅលើ Twitter ថា ជាងពាក់កណ្តាលនៃប្រទេសម៉ុលដាវ៉ា ត្រូវបានទុកចោលដោយសារគ្មានអគ្គិសនីប្រើប្រាស់។ លោកបាននិយាយថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បានបណ្តាលឲ្យមានការដាច់ភ្លើងយ៉ាងខ្លាំងនៅប្រទេស ម៉ូដូវ៉ា។
ក្នុងរយៈពេលពីរបីម៉ោង ថាមពលអគ្គិសនី ត្រូវបានស្តារឡើងវិញ នៅក្នុងរដ្ឋធានី ជីស៊ីនូ របស់ប្រទេស ម៉ុលដូវី (Chisinau) ជាកន្លែងដែលមួយភាគបីនៃប្រជាជនម៉ុលដូវ៉ារស់នៅ។
លោក អង់ត្រ ស្ពីនូ បាននិយាយទៀតថា ប្រទេសម៉ុលដូវី ក៏បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីយ៉ាងច្រើនផងដែរ ជាលទ្ធផលនៃការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំណែកបណ្តាញទូរស័ព្ទចល័តក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។
អ្នកវិភាគគោលនយោបាយថាមពល បាននិយាយថា ដោយសារប្រទេសម៉ុលដូវី និងអ៊ុយក្រែន ត្រូវបានតភ្ជាប់ទៅបណ្តាញអគ្គិសនីអឺរ៉ុប កាលពីក្នុងខែមីនា ចំណុចតភ្ជាប់មួយនៅលើខ្សែថាមពលរវាងម៉ុលដូវី និងរ៉ូម៉ានី ដែលនៅជិតខាងគ្នា បានបិទដោយស្វ័យប្រវត្តិ ប្រសិនបើអ៊ុយក្រែន ត្រូវបានវាយប្រហារ។
ជាការឆ្លើយតបទៅនឹងការដាច់ភ្លើងនេះ ប្រធានាធិបតីម៉ុលដូវី បាននិយាយថា ប្រទេសរុស្ស៊ីបាន ទុកឲ្យម៉ុលដូវី រស់នៅក្នុងភាពងងឹត។
លោកស្រីបានសរសេរសារនៅលើហ្វេសប៊ុកថា «សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែនសម្លាប់មនុស្ស បំផ្លាញលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ដោយសារគ្រាប់មីស៊ីលរបស់រុស្ស៊ី។ ប៉ុន្តែការផ្គត់ផ្គង់អគ្គិសនីអាចស្តារឡើងវិញបាន។ យើងនឹងដោះស្រាយបញ្ហាបច្ចេកទេស ហើយយើងនឹងមានពន្លឺម្តងទៀត។ ស្ថាប័នរដ្ឋទាំងអស់កំពុងធ្វើការ ដើម្បីឲ្យបានសម្រេចជោគជ័យ»៕