វ៉ាស៊ីនតោន៖ ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ កាលពីល្ងាចម្សិលមិញ បានសម្លាប់មនុស្សដល់ទៅ១០នាក់ នៅក្នុងផ្សារទំនើប វ៉ាលម៉ាត (Walmart) ក្នុងរដ្ឋ វើជីនៀ សហរដ្ឋអាមេរិក។
បុរសម្នាក់ដែលគេជឿថា ជាអ្នកគ្រប់គ្រងហាងបានបើកការបាញ់ប្រហារ បន្ទាប់មកយកកាំភ្លើងមកបាបាញ់ខ្លួនឯង ហើយឥឡូវបានស្លាប់បាត់ទៅហើយ។
អភិបាលទីក្រុង បានសរសេរសារលើ Twitter ថា «ប៉ូលិសបញ្ជាក់ពីឧប្បត្តិហេតុបាញ់ប្រហារយ៉ាងសាហាវ រួមទាំងអ្នកស្លាប់នៅហាង វ៉លម៉ាត»។
មានព័ត៌មានលម្អិតតិចតួច ប៉ុន្តែមន្ត្រីប៉ូលិសម្នាក់បាននិយាយថា មនុស្សមិនលើសពី១០នាក់ បានស្លាប់ និងច្រើននាក់ទៀតរងរបួស។
អ្នកនាំពាក្យបាននិយាយថា ការបាញ់ប្រហារនេះត្រូវបានគេជឿថា បានកើតឡើងនៅក្នុងហាង ហើយជនសង្ស័យធ្វើសកម្មភាពតែម្នាក់ឯង។
ចំណែកក្រុមហ៊ុន វ៉លម៉ាត បាននិយាយថា ក្រុមហ៊ុនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍សោកនាដកម្មនេះ ហើយក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអនុវត្តច្បាប់។
រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីវត្តមានរបស់ប៉ូលីសយ៉ាងច្រើន នៅកន្លែងកើតហេតុ ហើយវីដេអូនៅលើអ៊ីនធឺណិត បានបង្ហាញឲ្យឃើញសាក្សីម្នាក់ ពាក់ឯកសណ្ឋានក្រុមហ៊ុន វ៉លម៉ាត និយាយពិពណ៌នាអំពីអ្វី ដែលបានកើតឡើង។
គាត់បាននិយាយថា គាត់បានចេញពីបន្ទប់បុគ្គលិក ដែលអ្នកគ្រប់គ្រងម្នាក់បានដើរចូលទៅ ហហើយបើកការបាញ់ប្រហារតែម្តង។
បុរសនោះ បាននិយាយដោយបញ្ជាក់ថា គាត់មិនដឹងថាសហការីរបស់គាត់ប៉ុន្មាននាក់ត្រូវបានគេបាញ់នោះ ដោយនិយាយថា «គួរឲ្យសោកស្ដាយដែលយើងបានបាត់បង់សហការីរបស់យើងមួយចំនួន»។
លោក ម៉ាក វ៉ននើ (Mark Warner) សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ វើជីនៀ បានបង្ហោះលើ Twitter ថា លោកមានការឈឺចាប់ដោយសាររបាយការណ៍នៃការបាញ់ប្រហារទ្រង់ទ្រាយធំមួយទៀត។
សមាជិកព្រឹទ្ធសភារដ្ឋម្នាក់ទៀត បានសរសេរនៅលើ Twitter ថា «ខ្ញុំនឹងមិនអាចនៅស្ងៀមបានទេ ប្សិនបើយើងមិនអាចរកដំណោះស្រាយដើម្បីបញ្ចប់ការរីករាលដាលនៃអំពើហិង្សា ដោយកាំភ្លើងនៅក្នុងប្រទេសរបស់យើង»។
ការវាយប្រហារកាលពីល្ងាចថ្ងៃអង្គារ កើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅក្លឹបកម្សាន្ត្តរបស់ក្រុមមនុស្សខ្ទើយ នៅក្នុងរដ្ឋ កូឡូរ៉ាដូ សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សប្រាំនាក់ និង១៧នាក់ផ្សេងទៀតរងរបួស។
ក្នុងឆ្នាំ២០១៩ ការបាញ់ប្រហារដ៏ធំនៅហាង វ៉លម៉ាត ក្នុងរដ្ឋតិចសាស់ បានបណ្តាលឲ្យមនុស្ស២៣នាក់ស្លាប់៕