ក្រុងគៀវ៖ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមានថា ប្រជាជន​រាប់លាន​នាក់​ក្នុង​ប្រទេស​អ៊ុយក្រែន​ កំពុងប្រឈម​មុខ​នឹង​រដូវរងា​ ដែល​គំរាមកំហែង​អាយុជីវិត​នៅ​ឆ្នាំ​នេះ ខណៈរុស្ស៊ី​បន្ត​វាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​ថាមពលរបស់ប្រទេសនេះ រីឯ សីតុណ្ហភាព​ធ្លាក់​ចុះត្រជាក់យ៉ាងខ្លាំង។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលអគ្គិសនី ហើយវាយប្រហារដោយមីស៊ីល លើស្ថានីយ៍ផលិតអគ្គិសនី ដោយទុកឱ្យផ្ទះនៅទូទាំងប្រទេស គ្មានថាមពល ខណៈរដូវរងាបានឈានចូលមកដល់។

លោក ហាន ហេនរីប្លាក់ (Hans Henri Pluge) នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុប បានមានប្រសាសន៍ថា
ពាក់កណ្តាលនៃហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលរបស់អ៊ុយក្រែន ត្រូវបានខូចខាត ឬបំផ្លាញ។ នេះកំពុងជះឥទ្ធិពលលើប្រព័ន្ធសុខភាព និងសុខភាពប្រជាជនហើយ។

លោក​បាន​ព្រមាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុងគៀវ ថា​ «​រដូវរងា​នេះ​នឹងមិនអាចឲ្យមនុស្សរស់រាន​មាន​ជីវិតបានទេ។ ប្រជាជន​អ៊ុយក្រែនជាង១០លាន​នាក់​ ពេលនេះគ្មានថាមពលអគ្គិសនីសម្រាប់កម្តៅក្នុងផ្ទះ»។

អង្គការសុខភាពពិភពលោក បានព្យាករណ៍ថា ប្រជាជនអ៊ុយក្រែនរហូតដល់ទៅបីលាននាក់អាចចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកកន្លែងមានកម្តៅ និងសុវត្ថិភាព។

សីតុណ្ហភាពត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះដល់ ដក២០អង្សាសេ នៅក្នុងតំបន់មួយចំនួននៃប្រទេសអ៊ុយក្រែន។

លោកបាននិយាយថា «វិបត្តិថាមពលអគ្គិសនី គឺជាគ្រោះអាសន្នផ្នែកសុខភាពផ្លូវចិត្តកាន់តែខ្លាំង បង្កឧបសគ្គដល់ការងារមនុស្សធម៌ និងហានិភ័យនៃការឆ្លងមេរោគ ក្នុងរដូវរងានេះ គឺជារឿងគួរឱ្យភ័យខ្លាចសម្រាប់ប្រព័ន្ធសុខភាពអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន»។

លោកបានបន្ថែមថា «ពួកគេនឹងប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ រួមទាំងការឆ្លងមេរោគផ្លូវដង្ហើម ដូចជាជំងឺកូវីដ-១៩ ជំងឺរលាកសួត គ្រុនផ្តាសាយ និងហានិភ័យធ្ងន់ធ្ងរនៃជំងឺខាន់ស្លាក់ និងកញ្ជ្រឹលនៅក្នុងចំណោមប្រជាជនអ៊ុយក្រែន ដែលមិនទាន់ទទួលបានថ្នាំបង្ការ»។

អង្គការសុខភាពពិភពលោក បានកត់ត្រាការវាយប្រហារជាង៧០០លើក លើហេដ្ឋារចនាសម្ព័ន្ធសុខភាព ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី នៅចុងខែកុម្ភៈ ឆ្នាំ២០២២នេះ។

កាលពីសប្តាហ៍មុន រុស្ស៊ីបានវាយប្រហារលើរោងចក្រផលិតថាមពលអគ្គិសនីបន្ថែមទៀត នៅក្នុងការទម្លាក់គ្រាប់បែកពីលើអាកាសដ៏ធ្ងន់បំផុតមួយចាប់តាំងពីសង្គ្រាមអ៊ុយក្រែន។

នេះ​ជា​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​នាពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​ចាញ់ក្នុង​សមរភូមិ ហើយ​ឥទ្ធិពល​អាក្រក់កំពុងតែខ្លាំង​នៅ​ពេល​សីតុណ្ហភាព​ធ្លាក់​ចុះ។

កាលពីដើមសប្តាហ៍នេះ មានការបាញ់ផ្លោងជាថ្មីនៅរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីស្យ៉ា (Zaporizhzhia) ដែលលែងផលិតថាមពលទៀតហើយ។ រុស្ស៊ី និងអ៊ុយក្រែន បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារលើរោងចក្រនេះ ដែលធ្លាប់បង្កើតថាមពលច្រើនជាងមួយភាគបួននៃតម្រូវការក្នុងប្រទេស។

លោក ហាន ហេនរីប្លាក់ បាននិយាយថា ប្រព័ន្ធសុខភាពរបស់អ៊ុយក្រែនកំពុងប្រឈមមុខនឹងថ្ងៃដ៏ខ្មៅងងឹតបំផុត នៅក្នុងសង្រ្គាមរហូតមកដល់ពេលនេះ ហើយដោយសារការវាយប្រហារលើ មន្ទីរពេទ្យ និងកន្លែងថែទាំសុខភាពរាប់រយកន្លែងលែងដំណើរការពេញលេញហើយ ដោយសារខ្វះប្រេងឥន្ធនៈ ទឹក និងអគ្គិសនី ដើម្បីបំពេញតម្រូវការចាំបាច់»។

មន្ទីរពេទ្យសម្ភពត្រូវការកន្លែងសម្រាល ធនាគារឈាមត្រូវការទូទឹកកក និងគ្រែដេកព្យាបាល ដែលពឹងផ្អែកយ៉ាងខ្លាំង ត្រូវការម៉ាស៊ីនខ្យល់ ដែលទាំងអស់នេះត្រូវការថាមពលអគ្គិសនី»។

លោកបានសម្តែងការព្រួយបារម្ភចំពោះអ្នកផ្ទុកមេរោគអេដស៍ ជាង១៧ ០០០នាក់នៅតំបន់ដូណែត ដែលនឹងឆាប់អស់ពីថ្នាំប្រឆាំងមេរោគអេដស៍ ដែលជួយពន្យាជីវិតឱ្យពួកគេនៅរស់។

ភាគច្រើននៃទីក្រុង ដូណែត គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហើយលោកបានអំពាវនាវឱ្យបង្កើតច្រករបៀងសុខភាពមនុស្សធម៌ ទៅកាន់តំបន់ ដែលទើបទទួលបាន និងកាន់កាប់ថ្មីទាំងអស់ពីសំណាក់កងទ័ពអ៊ុយក្រែន៕

By Ana

You missed