ហ្សាការតា៖ រញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សចំនួន១៦២នាក់ និងរាប់រយនាក់ទៀតរងរបួស ហើយក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត ដែលជាប់គាំងនៅក្រោមគំនរអគារបែកបាក់។

ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ គឺកើតឡើងនៅជិតទីក្រុង សៀនជួ ដែលមានប្រជាជនរស់នៅជាង២.៥លាននាក់ ស្ដិតក្នុងចម្ងាយប្រហែល៧៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតា។

អភិបាលខេត្ត ជ្វាខាងលិច បាននិយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត ប៉ុន្តែមិនមានការប៉ាន់ស្មានភ្លាមៗនោះទេ។ ចំណែកមនុស្សជាង១៣ ០០០នាក់ ដែលផ្ទះរបស់ពួកគេត្រូវបានខូចខាតយ៉ាងខ្លាំង ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសង្គ្រោះបន្ទាន់ ខណៈមនុស្ស៣២៦នាក់ផ្សេងទៀតបានរងរបួស។

លោកអភិបាលខេត្តបានប្រាប់អ្នកយកព័ត៌មានថា «អគារជាច្រើនបានដួលបាក់រលំ។ មានអ្នកស្រុកជាប់គាំងនៅកន្លែងដាច់ស្រយាល … ដូច្នេះយើងស្ថិតនៅក្រោមការសន្មត់ថា ចំនួនអ្នករបួស និងស្លាប់ នឹងកើនឡើង»។

អគាររាប់រយត្រូវបានខូចខាត រួមទាំងសាលាបង្រៀនអ៊ីស្លាម មន្ទីរពេទ្យ និងកន្លែងសាធារណៈផ្សេងទៀត។

មន្ត្រីក្រុង សៀនជួ បាននិយាយថា មន្ទីរពេទ្យដ៏ធំរបស់ទីក្រុងនេះ មិនមានថាមពលអគ្គិសនីទេ បន្ទាប់ពីការរញ្ជួយដីដែលធ្វើឲ្យក្រុមគ្រូពេទ្យមិនអាចវះកាត់ជនរងគ្រោះបានឡើយ។

រូបភាពពីទូរទស្សន៍ក្នុងស្រុក បានបង្ហាញរចនាសម្ព័ន្ធនៅក្រុង សៀនជួ បានខូចខាតស្ទើរតែទាំងស្រុង ក្លាយទៅជាកម្ទេចថ្ម ខណៈអ្នកស្រុកបានប្រមូលផ្តុំគ្នានៅខាងក្រៅអគារលំនៅឋាន។

ប្រទេសឥណ្ឌូនេស៊ីនមានប្រជាជនជាង២៧០លាននាក់ បានរងការវាយប្រហារជាញឹកញាប់ដោយរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ ដោយសារតែទីតាំងរបស់ប្រទេសនេះនៅលើខ្សែបន្ទាត់ជួរភ្នំភ្លើង៕

 

By Ana

You missed