ក្រុងអាំស្ទើដាំ៖ តុលាការ​ប្រទេសហូឡង់​ បាន​រក​ឃើញ​បុរស​បី​នាក់​ មាន​ទោស​ក្នុង​បទ​ឃាតកម្មបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់ប្រទេសម៉ាឡេស៊ី នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ក្នុង​ឆ្នាំ២០១៤ ដោយ​បាន​សម្លាប់​មនុស្ស២៩៨នាក់។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តុលាការ​បាន​រក​ឃើញ​ថា មីស៊ីលផលិតនៅរុស្ស៊ី​ ដែល​ផ្គត់ផ្គង់​ពី​រុស្ស៊ី និង​បាញ់​ដោយ​ក្រុម​ប្រដាប់​អាវុធ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​ បាន​បាញ់ទម្លាក់​ជើង​ហោះហើរMH17។

បុរស​ជា​ជនជាតិ​រុស្ស៊ី​ពីរ​នាក់ និង​ជនជាតិ​អ៊ុយក្រែន​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ទោស​កំបាំង​មុខ ហើយ​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ការវាយប្រហារដោយមីស៊ីល គឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ល្បីបំផុតមួយនៅក្នុងប្រទេសអ៊ុយក្រែន មុនពេលការចោទប្រកាន់អំពីអំពើឃោរឃៅនៅទីនោះ។

សាច់ញាតិជនរងគ្រោះជាច្រើនជឿថា ប្រសិនបើពិភពលោកមានប្រតិកម្ម ហើយប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី កាលពីប្រាំបីឆ្នាំមុន ការលុកលុយអ៊ុយក្រែន និងអស្ថិរភាពភូមិសាស្ត្រនយោបាយដែលបានកើតឡើងនោះអាចត្រូវបានជៀសវាងផងដែរ។

ចៅក្រម​បាន​សម្រេច​ថា វាជា​សកម្មភាព​ដោយ​ចេតនា​ក្នុង​ការ​បាញ់ទម្លាក់​យន្តហោះ បើ​ទោះ​បី​ជា​អ្នក​ទាំង​បី​មានចេតនា​បាញ់​ទម្លាក់​យន្តហោះយោធា
ប៉ុន្តែបែរជាបាញ់យន្តហោះ​ស៊ីវិលទៅវិញ។

លោក អ៊ីហ្គ័រ ហ្គើគីន (Igor Girkin) មេដឹកនាំយោធានៃសាធារណរដ្ឋប្រជាមានិត ដូណែត ត្រូវបានកាត់ទោសពីបទដាក់ពង្រាយមីស៊ីល និងសុំជំនួយពីរុស្ស៊ី។

លោក ស៊ើហ្គេ ឌូប៊ីនស្គី (Sergei Dubinsky) ត្រូវបានគេរកឃើញថា បានបញ្ជា និងត្រួតពិនិត្យការដឹកជញ្ជូនមីស៊ីល។

លោក ឡេអូនីត ខាចិនកូ (Leonid Kharchenko) ត្រូវបានគេរកឃើញថា បានត្រួតពិនិត្យមីស៊ីល តាមការណែនាំរបស់លោក ស៊ហ្គេ ឌូប៊ីនស្គី។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ មនុស្សចំនួន២៩៨នាក់ រួមទាំងកុមារ៨០នាក់ និងនាវិក១៥នាក់ បានឡើងលើជើងហោះហើរលេខMH17 របស់ម៉ាឡេស៊ីហោះចេញព្រលានយន្តហោះ អាំស្ទើដាំ ប្រទេសហូឡង់ ទៅកាន់ទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងចំណោមអ្នកដំណើរ២៩៨នាក់ មកពី១៧ប្រទេស មាន១៩៦នាក់មកពីហូឡង់ ៤៣នាក់មកពីម៉ាឡេស៊ី ៣៨នាក់មកពីអូស្ត្រាលី និង១០នាក់មកពីចក្រភពអង់គ្លេស។

ប្រទេសរុស្សីតែងតែបដិសេធការជាប់ពាក់ព័ន្ធណាមួយ ដោយលើកឡើងថា យន្តហោះចម្បាំងអ៊ុយក្រែន បានបាញ់មីស៊ីល ឬថាកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន ជាអ្នកទទួលខុសត្រូវ ហើយក្នុងករណីខ្លះបានប្រឌិតភស្តុតាងដើម្បីទម្លាក់កំហុសលើរុស្ស៊ី។

ភស្តុតាងទាំង​នេះ​ត្រូវ​បាន​គេ​ទម្លាយ​ តាមរយៈការប្រឹងប្រែងរបស់ក្រុម​អ្នក​ស៊ើបអង្កេត​អន្តរជាតិ ដែលបានរកឃើញថា បំណែកយន្តហោះផ្ទុះនៅលើអាកាស គឺបណ្តាលមកពីការបំផ្ទុះដោយក្បាលគ្រាប់ប្រភេទ9N314M ផលិតដោយរុស្ស៊ី ដែលបំពាក់លើកាំជ្រួច9M38M1 ហើយបាញ់ចេញពីតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

លោក អ៊ីលៀត ហីកគីន (Eliot Higgins) ស្ថាបនិកក្រុមស៊ើបអង្កេត បានកំណត់អត្តសញ្ញាណទំនាក់ទំនងជាមួយកងពលតូចមីស៊ីលប្រឆាំងយន្តហោះទី៥៣របស់រុស្ស៊ី ហើយបានផ្ទៀងផ្ទាត់តាមបណ្តាញសង្គមរបស់ទាហាន២០០នាក់ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងតួនាទីរបស់សមាជិកជាច្រើននៃអង្គភាពយោធារុស្ស៊ីក្នុងទីក្រុង ផ្តល់ភស្តុតាងនេះឲ្យរដ្ឋអាជ្ញាហូឡង់។

លោកជឿថា ការកាត់ក្តីនេះបានបង្ហាញភស្តុតាងដែលមិនអាចប្រកែកបានអំពីការជាប់ពាក់ព័ន្ធរបស់រុស្ស៊ី ដោយផ្អែកលើការរកឃើញពីការជាប់ពាក់ព័ន្ធគ្មារវាងព្រឹត្តិការណ៍នៃឆ្នាំ២០១៤ និងការឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ២០២២ គឺមិនអាចប្រកែកបាន។

ការកាត់ក្តីនេះ គឺជាឱកាសមួយដើម្បីកាត់បន្ថយព័ត៌មានមិនពិតរបស់រុស្ស៊ី។

ក្រុម​គ្រួសារសាច់ញាតិជនរងគ្រោះ នៃ​គ្រោះ​មហន្តរាយធ្លាក់យន្តហោះ MH17 បានដាក់ចិត្តជឿជាក់លើការ​ស៊ើបអង្កេត​ ដែល​ដឹកនាំ​ដោយ​ប្រទេស​ហូឡង់។

ដោយភ្ជាប់តម្រុយគ្នា រួមទាំងការចាប់សំឡេងនិយាយតាមទូរស័ព្ទ និងបំណែកយន្តហោះ ដែលរកឃើញនៅក្នុងសាកសពនាវិក អ្នកស៊ើបអង្កេតបានតាមដានពីបន្ទាយយោធាក្នុងប្រទេសរុស្ស៊ី ឆ្លងកាត់ព្រំដែនទៅកាន់កន្លែងបាញ់។

ជនដៃដល់ទាំងបីនាក់ មានជនជាតិរុស្ស៊ីពីរនាក់ និង​អ៊ុយក្រែន​ម្នាក់។

អ្នកជាប់ចោទធ្ងន់ជាងគេ គឺលោក អ៊ីហ្គ័រ ហ្គើគីន ជាអតីតវរសេនីយ៍ឯកនៅក្នុងក្រុមស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។

វិមានក្រឹមឡាំងបានច្រានចោលដំណើរជំនុំជម្រះនេះ ហើយជនសង្ស័យទាំងអស់ បានបដិសេធមិនបង្ហាញខ្លួននៅក្នុងតុលាការឡើយ។

សាលក្រមនេះ ទំនងជាមិនអាចនាំខ្លួននរណាម្នាក់ឲ្យជាប់ពន្ធនាគារពីបទឃាតកម្មដ៏សាហាវឃោរឃៅនេះទេ ប៉ុន្តែការស៊ើបអង្កេតបានបង្កើតជាកំណត់ត្រាប្រវត្តិសាស្ត្រ មិនអាចប្រកែកបាន និងបានធ្វើឲ្យគ្រួសារជនរងគ្រោះទាំង២៩៨នាក់ បានធូរចិត្តខ្លះដែរ ចំពោះយុត្តិធម៌ ដែលពួកគេរងចាំអស់រយៈពេលជាងប្រាំបីឆ្នាំ៕

By Ana

You missed