ណៃពិដោ៖ របបយោធាភូមា នឹងដោះលែងអ្នកទោស៦ ០០០នាក់ រួមទាំងអតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស ផលិតករភាពយន្តជប៉ុន និងទីប្រឹក្សាអូស្ត្រាលីសម្រាប់មេដឹកនាំស៊ីវិល ដែលត្រូវបានបណ្តេញចេញពីប្រទេស។
អតីតអ្នកការទូត លោកស្រី វីកគី បូមែន (Vicky Bowman) និងលោក តូរ៉ូ គូប៊ូតា (Toru Kubota) ត្រូវបានជាប់ពន្ធនាគារ កាលពីដើមឆ្នាំនេះ ខណៈលោក ស៊ាន ធើណែល (Sean Turnell) ត្រូវបានឃុំខ្លួនភ្លាមៗបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។
របបយោធាបាននិយាយថា ការលើកលែងទោស គឺដើម្បីប្រារព្ធទិវាជាតិភូមា។
យោធាភូមា បានចាប់ខ្លួនមនុស្សជាង១៦.០០០ នាក់ចាប់តាំងពីបានកាន់អំណាច ក្រោយពីផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ួងសាន ស៊ូជី (Aung San Suu Kyi) នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឲ្យមានការតវ៉ាដ៏ធំនៅទូទាំងប្រទេស និងចលនាតស៊ូរីករាលដាល។
លោកស្រី វីកគី បូមែន បានបម្រើការជាបេសកជនរបស់ចក្រភពអង់គ្លេសប្រចាំប្រទេសមីយ៉ាន់ម៉ាចន្លោះឆ្នាំ២០០២ ដល់២០០៦ ហើយកំពុងគ្រប់គ្រងមជ្ឈមណ្ឌលមីយ៉ាន់ម៉ាសម្រាប់អាជីវកម្ម ដែលមានមូលដ្ឋាននៅទីក្រុងយ៉ាំងហ្គោន នៅពេលត្រូវបានចាប់ខ្លួន។
ជាអ្នកនិយាយភាសាភូមាដ៏ស្ទាត់ជំនាញ នាងគឺជាសមាជិកដ៏ល្បីម្នាក់នៃសហគមន៍អន្តរជាតិតូចមួយរបស់ភូមា។ សស្វាមីជនជាតិភូមារបស់លោកស្រី គឺលោក ថេន លីន (Htein Lin) ជាអតីតអ្នកទោសនយោបាយ។
គូស្នេហ៍មួយគូនេះត្រូវបានឃុំខ្លួននៅពេលពួកគេត្រឡប់មកទីក្រុងវិញពីផ្ទះនៅក្នុងរដ្ឋ សាន។ អាជ្ញាធរយោធាបានចោទប្រកាន់អ្នកទាំងពីរពីបទមិនបានចុះឈ្មោះរស់នៅអាសយដ្ឋានផ្សេង។
ទោះយ៉ាងណាក៏ដោយ ករណីនេះទំនងជាមានការព្រួយបារម្ភផ្នែកនយោបាយច្រើនជាងបទល្មើសអន្តោប្រវេសន៍ ដែលជនបរទេសកម្រត្រូវបានកាត់ទោសនៅក្នុងប្រទេសភូមា។
លោក ធីម អូខននើ (Tim O’Connor) នាយកអង្គការលើកលែងទោសអន្តរជាតិ របស់អូស្រ្តាលី បាននិយាយថា មនុស្សរាប់ពាន់នាក់ ដែលជាប់គុក ចាប់តាំងពីរដ្ឋប្រហារក្នុងប្រទេសភូមា មិនបានធ្វើអ្វីខុស ហើយមិនគួរត្រូវបានចាប់ដាក់គុកតាំងពីដំបូងឡើយ។
លោកបាននិយាយថា «នៅក្រោមការគ្រប់គ្រងរបស់យោធានៅក្នុងប្រទេសភូមា ការចាប់ខ្លួនតាមអំពើចិត្ត ការឃុំឃាំងដោយខុសច្បាប់ និងការសម្ងាត់ ការកាត់ក្តីបិទទ្វារបានក្លាយជាទម្លាប់»។
ទន្ទឹមនឹងនេះដែរ លោក ស៊ាន ធើណែល ត្រូវបានឃុំខ្លួននៅទីក្រុងយ៉ាំងហ្គោន ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្មានថ្ងៃបន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ។
លោកគឺជាទីប្រឹក្សាដ៏ជិតស្និទ្ធរបស់មេដឹកនាំប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី ដែលចាប់តាំងពីការទម្លាក់លោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង២០ឆ្នាំ ពីបទចោទប្រកាន់ជាច្រើន។
នៅពេលនោះ រដ្ឋាភិបាលអូស្ត្រាលី បាននិយាយថា ខ្លួនបានច្រានចោលសេចក្តីសម្រេចរបស់តុលាការក្នុងសំណុំរឿងរបស់លោក ស៊ាន ធើណែល ដោយកត់សម្គាល់ថា ពលរដ្ឋរបស់ពួកគេត្រូវបានកាត់ទោសនៅក្នុងតុលាការយោធា។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ផែននី វង់ (Penny Wong) បានសាទរចំពោះសេចក្តីរបាយការណ៍នៃការដោះលែង។
លោកស្រីបានបង្ហោះនៅលើ Twitter ថា «យើងស្វាគមន៍សេចកតីរបាយការណ៍ទាក់ទងនឹងសាស្រ្តាចារ្យ ស៊ាន ធើណែល។ លោកសាស្រ្តាចារ្យគឺជាការងារអាទិភាពទីមួយរបស់យើង»។
អ្នកផលិតភាពយន្តឯកសារ លោក តូរ៉ូ គូប៊ូតា អាយុ ២៦ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីខែកក្កដា នៅជិតការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលនៅទីក្រុងយ៉ាំងហ្គោន។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទបះបោរ និងពីបទបំពានច្បាប់ទំនាក់ទំនងអេឡិចត្រូនិក។
យោងតាមអង្គការអ្នកកាសែតគ្មានព្រំដែន បានឲ្យដឹងថា អ្នកកាសែតយ៉ាងតិច៦៨នាក់ត្រូវបានឃុំខ្លួននៅក្នុងប្រទេសភូមា មុនពេលការលើកលែងទោសនៅថ្ងៃនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ក្នុងចំណោមអ្នកត្រូវបានដោះលែងក៏មានអតីតរដ្ឋមន្ត្រី និងជាជំនួយការជិតស្និទ្ធរបស់លោកស្រី អ៊ួងសាន ស៊ូជី ផងដែរ។
របបយោធាភូមា កំពុងទទួលរងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សយ៉យ៉ាធ្ងន់ធ្ងរចាប់តាំងពីការកាន់អំណាច។ យោងតាមក្រុមឃ្លាំមើលអ្នកទោសនយោបាយ មនុស្សជាង២ ៤០០នាក់ត្រូវបានសម្លាប់ដោយយោធា ចាប់តាំងពីរដ្ឋប្រហារ៕