វ៉ាស៊ីនតោន៖ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ដែលបានដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អស់រយៈពេលជិតពីរទសវត្សរ៍មកហើយនោះ បានប្រកាសថា លោកស្រីនឹងចុះចេញពីតួនាទី។

ស្ត្រីអាយុ៨២ឆ្នាំ គឺជាអ្នកប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតនៅក្នុងសភា និងជាស្ត្រីដំបូងគេ ដែលធ្វើជាប្រធានសភា។ លោកស្រីនឹងបន្តកាន់តំណែងតំណាងរាស្ត្របហរចាំរដ្ឋកាលីហ្វ័រញ៉ា។

គណបក្សសាធារណរដ្ឋត្រូវបានគេព្យាករណ៍ថា នឹងកាន់កាប់សភាឡើងវិញ បន្ទាប់ពីឈ្នះឆ្នោតពាក់កណ្តាលអាណត្តិ។

លោក ខេវិន ម៉ាកខាធី (Kevin McCarthy) មកពីគណបក្សសាធារណរដ្ឋ បានឈ្នះការតែងតាំងរបស់គណបក្សឲ្យធ្វើជាប្រធានសភាថ្មី ដើម្បីបន្តតំណែងពីលោកស្រី។

លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងអង្គជំនុំជម្រះកាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំមិនដែលគិតថាថ្ងៃណាមួយខ្ញុំនឹងឡើងពីតំណាងរាស្ត្រទៅប្រធានសភាទេ»។

លោកស្រីបាននិយាយទៀតថា «ខ្ញុំនឹងមិនស្វែងរកការបោះឆ្នោតឡើងវិញ សម្រាប់អ្នកដឹកនាំបក្សប្រជាធិបតេយ្យនៅក្នុងសភានោះទេ។ ពេលវេលាបានមកដល់ហើយសម្រាប់មនុស្សជំនាន់ថ្មីដើម្បីដឹកនាំគណៈបក្សប្រជាធិបតេយ្យ»។

លោកស្រីនឹងបន្តកាន់តំណែងប្រធានសភា រហូតដល់ខែមករា ឆ្នាំ២០២៣ នៅពេលប្រធានសភាថ្មីចូលកាន់តំណែង។

លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានក្លាយជាមេដឹកនាំសំឡេងភាគតិច ដែលជាមុខតំណែងដឹកនាំក្រុមប្រឆាំងនៅក្នុងសភា តាំងឆ្នាំ២០០៣។ បន្ទាប់មកគណបក្សប្រជាធិបតេយ្យបានកាន់កាប់សភាជាលើកដំបូងក្នុងឆ្នាំ២០០៦ ហើយលោកស្រីបានក្លាយជាស្ត្រីដំបូង ដែលដឹកនាំនៅក្នុងសភា។

លោកស្រីនឹងមានឈ្មោះក្នុងប្រវត្តិសាស្ត្រក្នុងនាមជាមេដឹកនាំសភាដ៏មានប្រសិទ្ធភាពបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់គណបក្សប្រជាធិបតេយ្យ និងជាគូប្រជែងដ៏ខ្លាំងតទល់គណបក្សសាធារណរដ្ឋ។

នាងត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការអនុម័តច្បាប់ស្តីពីការថែទាំសុខភាពរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមប្រធានាធិបតី ដែលកំពុងកាន់អំណាច ចូ បាយដិន (Joe Biden)។

លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ក៏បានប្រឈមមុខដោយផ្ទាល់ជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ពេញមួយអាណត្តិប្រធានាធិបតី ដោយហែកបានចោលសុន្ទរកថា របស់លោកប្រធានាធិបតីនៅក្នុងរដ្ឋសភា។

ពាក្យចចាមអារ៉ាមជុំវិញអនាគតរបស់លោកស្រី បានផ្ទុះឡើងបន្ទាប់ពីមានជម្លោះហិង្សានៅក្នុងផ្ទះរបស់លោកស្រី កាលពីខែមុន ដែលបានធ្វើឱ្យប្តីរបស់លោកស្រីអាយុ៨២ឆ្នាំ ត្រូវការវះកាត់លលាដ៍ក្បាល៕

By Ana

You missed