វ៉ាស៊ីងតោន៖ ប្រធានាធិបតីអាមេរិក លោក ចូរ បាយសិន (Joe Biden) បានជំទាស់នឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សើឡិនស្គី (Volodymyr Zelensky) ដែលថាកាំជ្រួចដែលបានធ្លាក់ក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ មិនមែនជារបស់ពីអ៊ុយក្រែននោះទេ។
អង្គការណាតូ និងប៉ូឡូញ បានសន្និដ្ឋានថា កាំជ្រួចដែលបានវាយប្រហារនៅជិតព្រំដែនអ៊ុយក្រែន ដោយបានសម្លាប់មនុស្សពីរនាក់ ប្រហែលជាការបាញ់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។
ប៉ូឡូញ និងអង្គការណាតូ បាននិយាយថា កាំជ្រួចដែលបានធ្លាក់ក្នុងប្រទេសប៉ូឡូញ ប្រហែលជាការបាញ់ខុសបច្ចេកទេសដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ហើយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីទេ ដោយបានបន្ធូរបន្ថយការភ័យខ្លាចរបស់អន្តរជាតិថា សង្រ្គាមអាចនឹងផ្ទុះឆ្លងព្រំដែន។
ប្រធានាធិបតីអាមេរិក បានជំទាស់នឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលថាមីស៊ីលនោះមិនមែនជារបស់អ៊ុយក្រែនទេ ដោយនិយាយថា «នោះមិនមែនជាភស្តុតាងទេ»។
អ៊ុយក្រែនកំពុងស្នើសុំការចូលប្រើជាបន្ទាន់ទៅកាន់ទីតាំងនៃការផ្ទុះ ហើយនិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ភស្តុតាង ដែលរុស្ស៊ីទទួលខុសត្រូវ ដោយអះអាងថា ខ្លួនមានភស្តុតាងអំពីរុស្ស៊ីបាញ់មីស៊ីលនេះ។
អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តុលថេនប៊ើក (Jens Stoltenberg) កាលពីថ្ងៃពុធ បាននិយាយថា ការផ្ទុះនេះប្រហែលជាលទ្ធផលនៃ ការបាញ់ប្រឆាំងយន្តហោះអ៊ុយក្រែន ប៉ុន្តែថា រុស្ស៊ីត្រូវទទួលខុសត្រូវខ្ពស់បំផុត ចាប់តាំងពីទីក្រុងមូស្គូបង្កសង្គ្រាមនៅអ៊ុយក្រែន។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរិះគន់រុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន និងការវាយលុកលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ដែលពួកគេបាននិយាយថា ជាលទ្ធផលនៃឧប្បត្តិហេតុកាំជ្រួច ដែលត្រូវបានគេហៅថា ការរំលឹកដ៏គួរឱ្យភ័យខ្លាចនៃតម្រូវការដាច់ខាតក្នុងការទប់ស្កាត់ការកើនឡើងបន្ថែមទៀត។
វិមានក្រឹមឡាំងបានសរសើរ ចំពោះការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីឧប្បត្តិហេតុនេះ ខណៈលោក ចូ បៃដិន បាននិយាយថា វាមិនទំនងជាកាំជ្រួចនេះបាញឮមកពីប្រទេសរុស្ស៊ីឡើយ។
ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា ឱកាសរបស់អ៊ុយក្រែនក្នុងការទទួលបានជ័យជំនះខាងយោធាភ្លាមៗមិនខ្ពស់នោះទេ ដោយលោកបានព្រមានថា រុស្ស៊ីនៅតែមានអំណាចប្រយុទ្ធដ៏សំខាន់នៅក្នុងអ៊ុយក្រែន បើទោះបីជារងការបរាជ័យក្នុងសមរភូមិក៏ដោយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក ដេនីស ម៉ូណាស្ទាស្គី (Denys Monastyrsky) បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតនៅតំបន់ខឺសុន ដែលទើបរំដោះបាននៅភាគខាងត្បូង បានរកឃើញរណ្តៅសាកសពចំនួន៦៣កន្លែង ដែលមានសញ្ញានៃការធ្វើទារុណកម្ម បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានចាកចេញពីតំបន់នោះ ដោយបន្ថែមថា ការស្វែងរកទើបតែបានចាប់ផ្តើមប៉ុណ្ណោះ ដូច្នេះហើយកន្លែងបញ្ចុះសពជាច្រើនទៀតនឹងត្រូវរកឃើញ។
យោធាបាននិយាយថា ទាហានរុស្ស៊ីប្រហែល៥០នាក់បានស្លាប់ ឬរងរបួសនៅក្នុងការវាយប្រហារដោយកាំភ្លើងធំរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន។
ចំណែកថាមពលត្រូវបានស្ដារឡើងវិញយ៉ាងពេញលេញនៅក្នុងតំបន់ចំនួនប្រាំពីររបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ក្នុងរយៈពេលជិត២៤ម៉ោងបន្ទាប់ពីកាំជ្រួចរបស់រុស្ស៊ី បានវាយបផ្លាញលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេស៕