មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានតែងតាំងលោកឧត្តមសេនីយ ស៊ើគី សូរ៉ូវីគីន (Sergey Surovikin) ឲ្យដឹកនាំបញ្ជាទ័ពធ្វើសង្គ្រាមនៅអ៊ុយក្រែន ចំពេលមានវិបត្តិយោធាជាបន្តបន្ទាប់ និងបង្កការមិនសប្បាយចិត្តកាន់តែខ្លាំងឡើង នៅក្នុងប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន។
ការតែងតាំង កាលពីថ្ងៃសៅរ៍ ធ្វើឡើងបន្ទាប់ពីការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ីពីររូប ដែលធ្វើឲ្យរុស្ស៊ីចាញ់សង្គ្រាម នៅសមរភូមិភាគឦសាន និងភាគខាងត្បូងអ៊ុយក្រែន។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ រុស្ស៊ី បានទទួលរងនូវការវាយប្រហារជាបន្តបន្ទាប់ ដូចជាការបំផ្លាញស្ពាន គើច (Kerch) ដែលតភ្ជាប់រវាងរុស្ស៊ី និងឧបទ្វីបគ្រីមៀ។
កាលពីខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ ស៊ើគី សូរ៉ូវីគីន កើតនៅឆ្នាំ ១៩៦៦ នៅទីក្រុង ណូវ៉ូស៊ីប៊ើស (Novosibirsk) នាតំបន់ស៊ីបេរី ត្រូវបានតែងតាំងជាប្រធានក្រុមយោធាភាគខាងត្បូងរុស្ស៊ី ស្របពេលផ្ទុះសង្គ្រាមអ៊ុយក្រែន។
លោកទទួលបានគោរមងារជាវីរៈបុរសរុស្ស៊ី និងទទួលបានមេដាយបម្រើជាតិ ចំពោះស្នាដៃដឹកនាំបេសកកម្មយោធារុស្ស៊ី នៅក្នុងប្រទេសស៊ីរី នាឆ្នាំ២០១៧ ក្នុងនាមជាមេបញ្ជាការទ័ពអាកាសរុស្ស៊ី ប្រចាំទីនោះ។
យោងតាមរបាយការណ៍របស់មូលនីធិ ជេមថោន
(Jamestown Foundation) របស់អាមេរិក បានឲ្យដឹងថា លោកឧត្តមសេនីយ ស៊ើគី សូរ៉ូវីគីន គឺជាមេទាហានគ្មានធម៌មេត្តា។
របាយការណ៍នោះ បានសរសេរថា លោកឧត្តមសេនីយ ស៊ើគី សូរ៉ូវីគីន «បានក្លាយជាតារាកំពូលក្នុងជួរអគ្គសេនាធិការយោធា និងជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិរុស្ស៊ី នៅក្រោយឆ្នាំ២០០៨ ជាពេលធ្វើកំណែទម្រង់យោធាប្រកាន់ជ្រុលនិយម ដែលតម្រូវឲ្យចេះប្រព្រឹត្តអំពើឃោរឃៅ»។
របាយការណ៍ដដែល បានបន្ថែមថា «ការត្រៀមខ្លួនជាស្រេចរបស់លោកក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាណាមួយ បានធ្វើឲ្យមានការចោទសួរអំពីទង្វើរបស់លោក និងទាមទារឲ្យត្រួតពិនិត្យប្រវត្តិរូបរបស់លោក»។
លោកឧត្តមសេនីយ ស៊ើគី សូរ៉ូវីគីន ធ្លាប់ជាប់គុកពីរដង។ ជាប់គុកលើកដំបូង មានរយៈពេលប្រាំមួយខែ ដោយសារទាហាននៅក្រោមបញ្ជារបស់លោកបានសម្លាប់បាតុករបីនាក់ ក្នុងទីក្រុងម៉ូស្គូ អំឡុងពេលរដ្ឋប្រហារយោធា កាលពីខែសីហា ឆ្នាំ១៩៩១ ដែលជាទីបញ្ចប់នៃសហភាពសូវៀត។ ក្រោយមកលោកត្រូវបានដោះលែងដោយគ្មានការកាត់ទោស។ បួនឆ្នាំក្រោយមក តុលាការបានកាត់ទោសឲ្យលោកជាប់គុកម្តងទៀត ពីបទជួញដូរអាវុធខុសច្បាប់ ប៉ុន្តែបានព្យួរទោស។
ឧត្តមសេនីយរូបនេះ បានរងការចោទប្រកាន់ថា បានដឹកនាំបញ្ជាឲ្យទម្លាក់គ្រាប់បែកយ៉ាងសាហាវឃោរឃៅ ដែលបានបំផ្លាញទីក្រុងជាច្រើន ក្នុងប្រទេសស៊ីរី ជាកន្លែងដែលរុស្ស៊ីបានធ្វើអន្តរាគមន៍យោធា ជួយលោក បាសា អាល់អាសាដ (Bassa Al Assad) ប្រធានាធិបតីប្រទេសស៊ីរ៉ី។
ក្នុងរបាយការណ៍ចេញផ្សាយក្នុងខែតុលា ឆ្នាំ២០២០ អង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់អាមេរិក បានដាក់ឈ្មោះលោកថា ជាមេបញ្ជាការម្នាក់ ដែលអាចទទួលខុសត្រូវតាមបញ្ជា ដោយប្រើអំពើហិង្សា ក្នុងអំឡុងពេលវាយសង្គ្រាប់ក្រុមប្រឆាំងស៊ិរ៉ី កាលឆ្នាំ២០១៩-២០២០។
នៅក្នុងការអត្ថាធិប្បាយជាសាធារណៈដ៏កម្ររបស់លោក យ៉េវហ្គេនី ព្រីកូហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមទាហានស៊ីឈ្នួលរុស្ស៊ី បង្កើតឡើងដោយលោក វ៉្លាឌីមៀ ពូទីន ដែលត្រូវបានដាក់ពង្រាយយ៉ាងច្រើន នៅក្នុងប្រទេសស៊ីរី បានចាត់ទុកលោកជាមនុស្សអស្ចារ្យ។
លោកបាននិយាយថា «លោកឧត្តមសេនីយ ស៊ើគី សូរ៉ូវីគីន គឺជាមេបញ្ជាការ ដែលមានសមត្ថភាពបំផុតនៅក្នុងជួរកងទ័ពរុស្ស៊ី»។
អ្នកសង្កេតការណ៍ខ្លះជឿថា ការតែងតាំងលោកឧត្តមសេនីយ ស៊ើគី សូរ៉ូវីគីន បង្ហាញសញ្ញាថា រុស្ស៊ីនឹងប្រឹងធ្វើសង្គ្រាមនៅតាមតំបន់មួយចំនួនក្នុងប្រទេសអ៊ុយក្រែន។ វាអាចនៅក្នុងខេត្ត លូហាន់ (Luhansk) អាចនៅក្នុងខេត្ត ដូណែត (Donetsk) ឬអាចនៅភាគខាងត្បូងអ៊ុយក្រែន ដែលទើបកាត់ចូលជាទឹកដីរណបរុស្ស៊ី។
ទាហានរុស្ស៊ី បានបាក់ទ័ពរត់ចោលសមរភូមិតំបន់ភាគឦសានទីក្រុង ខាគៀវ (Kharkiv) កាលពីដើមខែកញ្ញា ដោយសារទប់មិនជាប់នឹងការវាយបករបស់ទាហានអ៊ុយក្រែន ដែលដណ្តើមយកទឹកដីរាប់ពាន់គីឡូម៉ែត្រក្រឡាមកវិញ។
ទាហានរុស្ស៊ី ក៏បានបាត់បង់ទឹកដីនៅតំបន់ ឃើសុន (Kherson) ភាគខាងត្បូងអ៊ុយក្រែន និងទីក្រុង ឡៃម៉ាន (Lyman) នៅភាគខាងកើតអ៊ុយក្រែនផងដែរ។
កាលពីថ្ងៃសុក្រ ទីក្រុងមូស្គូ បាននិយាយថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកមកវិញនូវទឹកដីនៅតំបន់ ដូណែត ភាគខាងកើត ដែលជាការដណ្តើមបានជាលើកដំបូង ចាប់តាំងពីការវាយបកដ៏ជោគជ័យរបស់ទាហានអ៊ុយក្រែន។
តំបន់ដូណែត ដែលគ្រប់គ្រងដោយពួកបំបែកខ្លួនគាំទ្រដោយរុស្ស៊ី គឺជាចំណុចដ៏សំខាន់សម្រាប់កងទ័ពរុស្ស៊ី ដែលបានបើកការឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
លោកឧត្តមសេនីយ ស៊ើគី សូរ៉ូវីគីន ត្រូវបានគេស្គាល់ថា ជាមនុស្សឃោរឃៅបំផុត គ្មានធម៌មេត្ តាពេលលោកធ្វើជាមេទ័ពរុស្ស៊ី ក្នុងសង្គ្រាមនៅប្រទេស តាជីគីស្ថាន និងឆេចយ៉ា ព្រមទាំងនៅប្រទេសស៊ីរី៕