មូស្គូ៖ អភិបាលក្រុងរបស់រុស្ស៊ីម្នាក់ បានិយាយថា បុរសជនជាតិរុស្ស៊ីមួយចំនួន បានសម្រេចចិត្តចូលធ្វើទាហានទៅច្បាំងនៅសមរភូមិមុខក្នុងប្រទេសអ៊ុយក្រែន ដោយសារប្រពន្ធប្រើពេក ហើយរអ៊ូមិនឈប់។

អភិបាលក្រុង វ័រគូតា (Vorkuta) លោក យ៉ារ៉ូស្លាវ សាប៉ូស្នីកូវ (Yaroslav Shaposhnikov) បាននិយាយអះអាងថា មួយភាគដប់នៃបុរសក្នុងប្រទេសរុស្ស៊ី ដែលស្ម័គ្រចិត្តចូលធ្វើទាហាន ដើម្បីច្បាំងជាមួយអ៊ុយក្រែន គឺដោយសារចង់គេចពីប្រពន្ធឆ្នាស់ពូកែរអ៊ូគួរឲ្យធុញ។

លោកអភិបាលក្រុង បាននិយាយដូច្នេះ ក្នុងអំឡុងពេលពិភាក្សាលើបណ្តាញអ៊ីនធឺណេតថា «ប្រហែលមាន១០ភាគរយនៃអ្នកស្ម័គ្រចិត្តទៅកាន់សមរភូមិមុខ ដោយសារតែប្រពន្ធធ្វើឲ្យធុញនឹងជីវិតរស់នៅប្រចាំថ្ងៃ»។

ក្នុងពេលពិភាក្សានេះដែរ លោក យ៉ារ៉ូស្លាវ សាប៉ូស្នីកូវ បានជំរុញស្ត្រីរុស្សីឲ្យ​ផ្តល់កម្លាំងចិត្តដល់ស្វាមីរបស់ខ្លួនផង កុំពូកែតែខាងប្រើប្តីហើយ នៅតែរអ៊ូជេរច្រើនទៀត។

ទោះជាយ៉ាងណាក៏ដោយ លោកអភិបាលក្រុង

មិនបានបញ្ជាក់លម្អិតអំពីមូលដ្ឋាននៃការប៉ាន់ស្មាន ថា ១០ភាគរយនៃបុរសរុស្ស៊ីស្ម័គ្រចិត្តចូលធ្វើទាហាន ដើម្បីគេចពីប្រពន្ធឆ្នាស់។

ឃ្លីបវីដេអូអំពីការពិភាក្សាគ្នានេះ ត្រូវ​បាន​លោក​អភិបាលក្រុង​រូបនេះបង្ហោះ​លើ​បណ្តាញ​សង្គម និងមានអ្នកចែកចាយបន្តយ៉ាងពេញនិយម នៅក្នុងចំណោមប្រជាជនរុស្ស៊ី។  

នៅពេលស្ត្រីរុស្ស៊ីមួយចំនួនបញ្ចេញប្រតិកម្មចំអកវិញ លោកអភិបាលក្រុង បាននិយាយថា «ខ្ញុំជាអ្នកស្នេហាជាតិមាតុភូមិរបស់ខ្ញុំ។  ខ្ញុំនិយាយមិនមានចេតនាអាក្រក់ដូចការកត់​សម្គាល់ពី​ខាង​ក្រៅទេ។  ពាក្យ​នេះ​ត្រូវ​បានគេកាត់ចេញ​ពី​បរិបទដើម ហើយ​អ្នក​ខ្លះ​ថែម​ទាំងបក​ស្រាយ​ដោយ​ខ្លួន​ឯងថែម។ ខ្ញុំ​ឈរ​លើ​ជំហរ​របស់​ខ្ញុំ ៖ស្ត្រី​គឺជា​ឆ្អឹងខ្នងរបស់បុរស និង​ជាអ្នកគាំទ្រដល់បុរស ដែលស្ត្រីត្រូវ​តែ​លើកទឹកចិត្តប្រុសជាប្តី ទោះក្នុង​ស្ថានភាព​ណាក៏ដោយ»។

រុស្ស៊ី​បាន​ប្រកាសប្រមូលទ័ពបន្ថែម កាលពីដើម​ខែ​កញ្ញា ឆ្នាំ២០២២ ដើម្បី​ពង្រឹង​យោធា​របស់​ខ្លួន​ក្នុង​ជម្លោះ​ជាមួយ​អ៊ុយក្រែន​ ដែលកំពុងបាក់ទ័ពរត់ចោលទីតាំងឈរជើង។

បច្ចុប្បន្ននេះ រដ្ឋាភិបាលទីក្រុងមូស្គូកំពុងប្រមូលបុរសពេញវ័យឲ្យបានចំនួន៣០០,០០០នាក់ 

ដោយផ្តោតលើអ្នកធ្លាប់បម្រើក្នុងជួរកងទ័ព និងមានបទពិសោធន៍ប្រយុទ្ធក្នុងសមរភូមិ ដើម្បីចេញទៅច្បាំងជាមួយទាហានអ៊ុយក្រែនដ៏អង់អាចក្លាហាន។

នៅដើមខែតុលា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើគី សយគូ (Sergey Shoigu) បាននិយាយថា មនុស្សជាង២០០,០០០នាក់ បានចូលបម្រើកងទ័ព ចាប់តាំងពីផ្តើមចុះឈ្មោះហៅតាមផ្ទះ។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសបែបនេះ ក្នុងពេលធ្វើសន្និសីទ កាលពីម្សិលមិញថា ផែនការប្រមូលទ័ពរបស់រុស្ស៊ី គឺសម្រេចជោគជ័យជាងពាក់កណ្តាលហើយ។

៊លោក ស៊ើគី សយគូ បាននិយាយទៀតថា រហូតមកដល់ពេលនេះ មនុស្សជាងពីរសែននាក់នោះ ត្រូវបានបញ្ចូលបន្ថែមទៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយពួកគេទាំងអស់កំពុងទទួលបានការបណ្តុះបណ្តាលជំនាញចាំបាច់។

លោកបាន​ណែនាំ​មន្ត្រី​ពាក់ព័ន្ធឲ្យផ្តល់គ្រឿង​បរិក្ខារ​សឹកចាំបាច់​ទាំង​អស់​ ដល់ទាហានទើបចូលថ្មី ហើយ​ដាក់​ពួកគេឲ្យកាន់​តំណែង​ជាមន្ត្រីយោធា។

លោកក៏បានពន្យល់ផងដែរថា អ្នកចូលបម្រើកងទ័ពក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ នឹងត្រូវបញ្ជូនឲ្យចូលរួមក្នុងប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីពួកគេបានបញ្ចប់ការហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពប្រយុទ្ធនៅតាមអង្គភាព។

 

ដើម្បីពន្លឿនដំណើរការហ្វឹកហ្វឺន លោករដ្ឋមន្ត្រីការពាររុស្ស៊ី បានបញ្ជាឲ្យមេបញ្ជាការផ្តល់ការបណ្តុះបណ្តាលបន្ថែម ក្រោមការណែនាំរបស់មន្រ្តីដែលមានបទពិសោធន៍ប្រយុទ្ធ។

លើសពីនេះ ក្រសួងបានប្រកាសថា ទាហានប្រមូលបាន នាពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ និងជ្រើសរើសយកមនុស្សតែប្រហែល១២០,០០០នាក់ប៉ុណ្ណោះ ឲ្យបម្រើការនៅក្នុងអង្គភាព ដែលមិនពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅអ៊ុយក្រែន៕

By Ana

You missed