ការ៉ាកាស់៖ ការរអិលបាក់ដី ដែលបង្កឡើងដោយទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបង្កឲ្យហូរកប់លំនៅឋានជាច្រើន ក្នុងទីក្រុងមួយ នៅភាគកណ្តាលប្រទេស វេណេហ្ស៊ុយអេឡា និងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២២នាក់ស្លាប់។
អនុប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូទ្រីគេ (Delcy Rodríguez) បានប្រកាសថា ចំនួនអ្នកស្លាប់បានកើនឡើងដល់២២នាក់ ហើយសាកសពមនុស្ស២០នាក់ ត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យ ខណៈមនុស្សជាច្រើននាក់ទៀតកំពុងកប់បាត់ក្នុងដី។
លោកស្រីបាននិយាយពីកន្លែងគ្រោះមហន្តរាយថា «ការរអិលបាក់ដីដ៏ធំមួយបានកើតឡើង នៅតំបន់ភាគកណ្តាលប្រទេស ដែលជាកន្លែងទឹកហូរហៀរចេញពីទន្លេ។ យើងបានរកឃើញមនុស្សស្លាប់ចំនួន២២នាក់រួចហើយ ចំណែកអ្នកបាត់ខ្លួនមានជាង៥២នាក់»។
លោកស្រីអនុប្រធានាធិបតី បាននិយាយថា «នៅតែមានមនុស្សកៀបជាប់នៅតាមជញ្ជាំងផ្ទះបាក់រលំ។ យើងកំពុងតែព្យាយាមជួយសង្គ្រោះ ដើម្បីឲ្យពួកគេបានរស់»។
លោកស្រីបាននិយាយទៀតថា អាជ្ញាធរបានសាងសង់ជម្រកបណ្តោះសម្រាប់អ្នកបាត់បង់ផ្ទះសម្បែង។
ប៉ុន្មានម៉ោងមុននេះ អនុរដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ និងការពារជនស៊ីវិល បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរក ដោយប្រើសត្វឆ្កែហិតក្លិន និងប្រើដ្រូន ដើម្បីស្វែងរកមនុស្ស។ ក្រុមកម្មករ និងគ្រឿងចក្រធុនធ្ងន់ បានកាយយកកម្រេចកម្ទី ដើម្បីសម្អាតផ្លូវ និងស្ដារការផ្គត់ផ្គង់ទឹក និងអគ្គិសនីឡើងវិញ។
ការរអិលបាក់ដី បានបង្កឡើងនៅពេលទឹកទន្លេមួយ បានហូរគំហុកពេលបាក់ច្រាំង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបានបណ្តាលឲ្យមានទឹកជំនន់នៅក្នុងរដ្ឋចំនួន១១នៃរដ្ឋចំនួន២៣ របស់ប្រទេសវេណេស៊ុយអេឡា។
ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាដូរ៉ូ (Nicolás Maduro) បាននិយាយថា មន្ត្រីចំនួន២០,០០០នាក់ រួមទាំងអ្នកជួយសង្គ្រោះ និងកងកម្លាំងសន្តិសុខ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងផលប៉ះពាល់ដោយសារដីរអិលបាក់៕