សេអ៊ូល៖ មីស៊ីលរបស់កូរ៉េខាងត្បូងមួយគ្រាប់ នៅថ្ងៃពុធនេះ បានធ្លាក់ចូលមូលដ្ឋានយោធាមួយកន្លែង នាភាគឦសានប្រទេស ក្នុងអំឡុងពេលបាញ់សមយុទ្ធ ជាមួយទាហានអាមេរិក ដើម្បីសងសឹកប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលអន្តរទ្វីប ចូលដល់ដែនអាកាសប្រទេសជប៉ុន។
អគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់អំពីឧប្បត្តិហេតុនេះ ដោយកត់សម្គាល់ថា មីស៊ីលផ្លោងមានបញ្ហាបច្ចេកទេស ហើយធ្លាក់ពីលើមេឃ ចូលទីប្រជុំជនមួយ ស្ថិតនៅចម្ងាយប្រហែល៩០គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង។
ប៉ុន្តែពុំមានអ្នកស្លាប់ ឬរងរបួសបណ្តាលមកពីការធ្លាក់មីស៊ីលនេះទេ ទោះបីជាមានសំឡេងផ្ទុះខ្លាំង នៅឯមូលដ្ឋានទ័ពអាកាសក៏ដោយ ហើយបាននិយាយទៀតថា ពួកគេកំពុងតែកំណត់ពីមូលហេតុនៃការធ្លាក់មីស៊ីលនេះ។
ឃ្លីបវីដេអូបង្ហាញពីការឆេះដ៏ធំមួយ នៅមូលដ្ឋានទ័ពអាកាសក៉រ៉េខាងត្បូង ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមរាប់ម៉ោងមុនមន្ត្រីរដ្ឋាភិបាលចេញមុខធ្វើអត្ថាធិប្បាយអំពីការធ្លាក់នេះ ដោយធ្វើឲ្យមានការភ័យខ្លាចចំពោះការវាយប្រហារពីកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប ហោះរំលងប្រទេសជប៉ុន។
មន្ត្រីយោធាកូរ៉េខាងត្បូង បានសុំទោសជាសាធារណៈបន្ទាប់ពីបរាជ័យក្នុងការបាញ់មីស៊ីល ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក ដែលបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមប្រជាជនកូរ៉េ ព្រោះកំពុងតែខ្លាចកូរ៉េខាងជើងស្រាប់។
ប្រជាពលរដ្ឋកូរ៉េ រស់នៅក្បែរកន្លែងធ្លាក់មីស៊ីល បានរាយការណ៍ថា ពួកគេបានឮសំឡេងផ្ទុះដ៏ខ្លាំង និងឃើញអណ្តាតភ្លើងសន្ធោសន្ធៅភ្លឺពេញមួយយប់។
ការបាញ់មីស៊ីលនេះ គឺជាការឆ្លើយតបនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងហោះរំលងពីលើប្រទេសជប៉ុន កាលពីព្រឹកថ្ងៃអង្គារ ដែលកន្លងមកយោធាកូរ៉េខាងត្បូង សហការជាមួយយោធាអាមេរិក ក៏ធ្លាប់បានបាញ់កាំជ្រួចផ្លោងចូលទៅក្នុងសមុទ្រខាងកើត ប្រទេសជប៉ុនដែរ។
មន្ត្រីយោធាកូរ៉េខាងត្បូង ក៏បាននិយាយផងដែរថា មីស៊ីលឈ្មោះ យុនមូ-២ ( Hyunmoo-2) មានផ្ទុកក្បាលគ្រាប់ ប៉ុន្តែវាមិនបានផ្ទុះទេ នៅពេលធ្លាក់នោះ។
ក្រោយពីធ្លាក់មីស៊ីលភ្លាមៗ មន្ត្រីយោធាកូរ៉េខាងត្បូង មិនបានចេញមកបកស្រាយប្រាប់ប្រជាជនឡើយ ដោយធ្វើឲ្យពួកគេភ័យពេញមួយយប់ ហើយនាំគ្នាបង្ហោះរូបថតអណ្តាតភ្លើងនៅលើបណ្តាញសង្គម ដោយងឿងឆ្ងល់ថា តើមានរឿងអ្វីកើតឡើង ចំពោះ
ភ្លើងឆេះយ៉ាងសនសន្ធោសន្ធៅ ព្រមទាំងមានផ្សែងហុយមើលឃើញពីចម្ងាយ៕