វ៉ាស៊ីនតោន៖ នាយឧត្តមសេនីយ៍យោធាចូលនិវត្តន៍របស់អាមេរិក បានព្យាករណ៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងដឹកនាំការឆ្លើយតបដ៏ខ្លាំងក្លា ចំពោះការវាយប្រហារដោយនុយក្លេអ៊ែរណាមួយ របស់រុស្ស៊ី នៅអ៊ុយក្រែន ដោយវាយកម្ទេចកងកម្លាំង និងមូលដ្ឋានយោធាទាំងអស់របស់រុស្ស៊ីតែម្តង។

លោក ដេវីដ ផេត្រេស (David Petraeus) ដែលធ្លាប់​បាន​បម្រើការ​ជា​នាយក​ភា្នក់ងារចារកម្មអាមេរិក សេអ៊ីអា មួយ​រយៈ​ខ្លី​ កាលសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា «យើងនឹងឆ្លើយតបដោយ

ដឹកនាំអង្គការណាតូឲ្យប្រើប្រាស់កម្លាំងរួម ដើម្បីកម្ទេចចោលកងទ័ពរបស់រុស្ស៊ីទាំងអស់ ដូចយើងធ្លាប់មើលឃើញ និងអាចកំណត់បាន នៅលើសមរភូមិអ៊ុយក្រែន នៅឧបទ្វីបគ្រីមៀ និងកម្ទេចចោលនាវាចម្បាំងទាងំអស់របស់រុស្ស៊ី ឈរជើងនៅសមុទ្រខ្មៅ»។

ទោះអះអាងបែបនេះក៏ដោយ លោកឧត្តមសេនីយ មិនបានផ្តល់ព័ត៌មានជាក់លាក់ណាមួយអំពីរបៀបកងកម្លាំងណាតូអាចយកឈ្នះលើទាហានដ៏ស្រួលនោះទេ ហើយបាននិយាយថា លោកក៏មិនដឹងអំពីផែនការរបស់ប្រធានាធិបតីអាមរិក លោក ចូន បាយដិន (Joe Biden) ត្រៀមចាត់វិធានការចំពោះរុស្ស៊ីបែបណាឡើយ។

លោក ដេវីដ ផេត្រេស បាននិយាយបន្ថែមថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គួរតែជៀសវាងការប្រើអាវុធនុយក្លេអ៊ែរតបតទៅរុស្ស៊ីវិញ ប៉ុន្តែត្រូវចាត់ទុកថា ការប្រើអាវុធនុយក្លេអ៊ែរ ជារឿងមិនអាចទទួលយកបានទេ។

ការលើកឡើងបែបនេះរបស់មន្ត្រីយោធាជាន់ខ្ពស់អាមេរិក ឆ្លុះបញ្ចាំងឲ្យឃើញថា អាមេរិក​នឹងចេញមុខ​ធ្វើ​សង្គ្រាម​ដោយផ្ទាល់​ជាមួយ​ប្រទេសរុស្ស៊ី ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ​ធំ​បំផុត​របស់​ពិភពលោក ដូចប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានកាលពីខែមុនថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងប្រើប្រាស់គ្រប់លទ្ធភាពទាំងអស់ ដើម្បីការពាររុស្ស៊ី និងប្រជាជនរបស់ខ្លួន ប្រសិនបើបូរណភាពទឹកដីរបស់ខ្លួនស្ថិតក្នុងគ្រោះថ្នាក់។

ការនិយាយព្រមានរបស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានមន្ត្រីសេតវិមាន​​បកស្រាយ​ថា ​វា​ជា​ការ​គំរាម​កំហែង​ចង់ប្រើ​អាវុធ​នុយក្លេអ៊ែ​ប្រឆាំង​នឹង​អ៊ុយក្រែន​ ហើយអាមេរិកព្រមាន​តបវិញ ​ដោយការគំរាមកំហែងពីផលវិបាកដ៏មហន្តរាយធ្ងន់ធរបំផុត។

ការព្យាករណ៍របស់លោកឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ គឺស្រដៀងគ្នានឹងការព្យាករណ៍របស់ឧត្តមសេនីយ៍អាមេរិកចូលនិវត្តន៍ដទៃទៀត ដែលពីកាលពីខែមុន ក៏បានអះអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអាចឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ដោយរួមគ្នាជាមួយសម្ព័ន្ធមិត្តណាតូ ដើម្បីវាយកម្ទេចមូលដ្ឋានទ័ពរុស្ស៊ីទាំងអស់ ដូចជាមូលដ្ឋានឈរជើងនៅឧបទ្វីបគ្រីមៀ ឬបំផ្លាញចោលនាវាចម្បាំងរុស្ស៊ីឈរជើងនៅសមុទ្រខ្មៅ។

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវីដេវ (Dmitry Medvedev) ធ្លាប់បាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងសម្រេចប្រើអាវុធណាមួយ ​ដែល​ខ្លួន​យល់​ថា​ ដល់ពេល​ប្រើវា​ដើម្បី​ការពារ​ប្រជាជន​ខ្លួន។

ដោយនិយាយមិនចាំឈ្មោះ លោកបានព្រមានតបវិញថា «មនុស្សឆ្កួត ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍ មិនគួរប្រឹងគំរាមកំហែងរដ្ឋាភិបាលទីក្រុងមូស្គូទេ ដោយអះអាងថា ទាហានណាតូអាចវាយប្រហារឧបទ្វីបគ្រីមៀ»។

លោក ឌីមីទ្រី ម៉េដវីដេវ  បានព្រមានអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុនថា «មីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី ប្រាកដ​ជាអាច​វាយ​ប្រហារចំ​គោល​ដៅ​នៅ​អឺរ៉ុប និង​អាមេរិក​បាន​លឿន​បំផុត។ ស្ថាប័នអង្គការលោកខាងលិច និងពលរដ្ឋណាតូ ត្រូវយល់​ថា ​រុស្ស៊ី​បាន​ជ្រើសរើស​ផ្លូវ​របស់​ខ្លួនរួច​ហើយ និង​គ្មាន​ផ្លូវ​ត្រឡប់​ក្រោយវិញ​ទេ»៕

By Ana

You missed