ហ្សាការតា៖ យ៉ាងហោចណាស់មនុស្ស១២៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀត បានរងរបួស នៅក្នុងហឹតុការណ៍រត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ ក្នុងប្រទេសឥណ្ឌូនេស៊ី។
សោកនាដកម្ម កាលពីយប់ថ្ងៃសៅរ៍ នៅពហុកីឡាដ្ឋាន ក្នុងទីក្រុងម៉ាឡាង (Malang) ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី គឺជាគ្រោះមហន្តរាយដ៏សាហាវបំផុតមួយក្នុងពិភពលោក។
នគរបាលក្នុងខេត្តចាវ៉ាខាងកើត បាននិយាយថា អ្នកគាំទ្រការប្រកួតបាល់ទាត់រាប់ពាន់នាក់ បានសម្រុកចូលទីលានប្រកួត បន្ទាប់ពីក្រុមពួកគេគាំទ្រចាញ់ការប្រកួត៣ទល់នឹង២។
មន្ត្រីនគរបាល បានព្យាយាមគ្រប់គ្រងកុបកម្ម ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បង្កឲ្យមនុស្សរត់ជាន់គ្នា ហើយក្រុមគាំទ្រភ័យស្លន់ស្លោប្រញាប់ប្រញាល់រត់រកច្រកចេញ។
អ្នកខ្លះថប់ដង្ហើមស្លាប់ក្នុងភាពចលាចល ខណៈអ្នកខ្លះទៀត ត្រូវគេរត់ជាន់រហូតដល់ស្លាប់។ ភ្លាមៗនោះ យ៉ាងហោចណាស់មនុស្ស៣៤នាក់ រួមទាំងមន្រ្តីប៉ូលីសពីរនាក់ បានស្លាប់នៅក្នុងកីឡដ្ឋាន។
អភិបាលខេត្តចាវ៉ាខាងកើត បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១២៥នាក់ និងមានរបួសធ្ងន់ធ្ងររាប់រយនាក់។
ឃ្លីបវីដេអូពី លើបណ្តាញសង្គម បានបង្ហាញអ្នកគាំទ្រកំពុងទស្សនានៅកីឡដ្ឋាន ក្នុងទីក្រុង ម៉ាឡាង បន្ទាប់ពីក្រុមបាល់ទាត់ឈ្មោះ អារ៉េម៉ា អេហ្វស៊ី (Arema FC) បានចាញ់ក្រុម ពើសេបាយ៉ា ស៊ូរ៉ាបាយ៉ា (Persebaya Surabaya) ដែលក្រុមទាំងពីរជាក្លឹបបាល់ទាល់ឥណ្ឌូនេស៊ី។
អាជ្ញាធរបាននិយាយថា កីឡដ្ឋាននេះមានសមត្ថភាពអាចផ្ទុកមនុស្សបាន៤២,០០០នាក់ ហើយសំបុត្រចូលទស្សនាត្រូវលក់អស់គ្មានសល់។
មន្ត្រីនគរបាល បាននិយាយថា មនុស្សប្រហែល៣,០០០នាក់ បានសម្រុកចូលទីលានប្រកួតបាល់ទាល់។ ចំណែករថយន្តនៅខាងក្រៅកីឡដ្ឋាន ក៏ត្រូវបានដុតបបំផ្លាញ រួមទាំងរថយន្តនគរបាលយ៉ាងហោចណាស់៥គ្រឿង និងរថយន្តដឹកទំនិញ។
អ្នកនៅរស់រានមានជីវិត បានពណ៌នាថា អ្នកទស្សនាចាប់ផ្តើមភ័យស្លន់ស្លោ នៅពេលឧស្ម័នបង្ហូរទឹកភ្នែកបានធ្លាក់មកលើពួកគេ។ ដូច្នេះពួកគេក៏សម្រុករត់ជាន់គ្នាតែម្តង។
អ្នកទស្សនាបាននិយាយថា មន្រ្តីនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយមនុស្សបានប្រញាប់ប្រញាល់ចេញមកក្រៅ ដោយរុញច្រានគ្នាទៅវិញទៅមក រហូតបណ្តាលឲ្យជាន់គ្នាស្លាប់អស់ជាច្រើននាក់។
លោកប្រធានាធិបតី លោក ចូកូ វីដូដូ (Joko Widodo) បានបញ្ជាឲ្យមានការស៊ើបអង្កេតលើសោកនាដកម្មនេះ និងត្រួតពិនិត្យឡើងវិញ អំពីសុវត្ថិភាពក្នុងការប្រកួតបាល់ទាត់ទាំងអស់ និងឲ្យផ្អាករាល់ការប្រកួតបាល់ទាត់ទាំងអស់ជាបណ្តោះអាសន្នសិន។
លោកបាននិយាយថា «ខ្ញុំសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ ហើយខ្ញុំសង្ឃឹមថា សោកនាដកម្មបាល់ទាត់នេះនឹងមិនកើតមាននៅក្នុងប្រទេសរបស់យើងទៀតទេ»។
អំពើហឹង្សាក្នុងចំណោមអ្នកគាំទ្រក្រុមបាល់ទាត់ គឺជាបញ្ហាកើតឡើងយូរហើយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយការប្រជែងគ្នាយ៉ាងខ្លាំងរវាងក្លឹបមួយ និងក្លឹបមួយទៀត៕